ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្នង​ការ​គំរាម​ដក​អធិ​ការ​និង​ប្រធាន​ប៉ុស្តិ៍​ឱ្យ​ធ្វើ​លិខិត​លា​លែង​បើ​ចាប់​ចោរ​ប្លន់​មាស​មិន​បាន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទាប់​ពី​​មាន​​អំពើ​ប្លន់​​អាជីវ​ករ​​លក់មាស-ប្តូរ​​ប្រាក់​នៅ​​មុខ​​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​​សាំ​ហាន់ ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ក្នុង​ទី​ប្រជុំ​ជន​ និងក្បែរ​ប៉ុស្តិ៍​​គោល​ដៅ​របស់​ប៉ូលិស​​២៤​ម៉ោងមក​ លោក​ឧត្តម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នង​ការ​នគរ​​បាល​​រាជ​ធា​នី​ភ្នំ​ពេញ មុខ​មាំ​ឡើង​ក្រហម​​​ បាន​​មាន​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង​​ និង​ធ្វើ​​​ការ​គំរាម​​លោក​អធិ​ការ​​ លោក​មេ​ប៉ុស្តិ៍​​ ឱ្យ​ធ្វើ​​លិខិត​​លា​លែងពី​

រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទាប់​ពី​​មាន​​អំពើ​ប្លន់​​អាជីវ​ករ​​លក់មាស-ប្តូរ​​ប្រាក់​នៅ​​មុខ​​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​​សាំ​ហាន់ ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ក្នុង​ទី​ប្រជុំ​ជន​ និងក្បែរ​ប៉ុស្តិ៍​​គោល​ដៅ​របស់​ប៉ូលិស​​២៤​ម៉ោងមក​ លោក​ឧត្តម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នង​ការ​នគរ​​បាល​​រាជ​ធា​នី​ភ្នំ​ពេញ មុខ​មាំ​ឡើង​ក្រហម​​​ បាន​​មាន​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង​​ និង​ធ្វើ​​​ការ​គំរាម​​លោក​អធិ​ការ​​ លោក​មេ​ប៉ុស្តិ៍​​ ឱ្យ​ធ្វើ​​លិខិត​​លា​លែងពី​តំណែង ​បើ​ស្រាវ​ជ្រាវ​​ចាប់​ក្រុម​​​ចោរ​​ប្លន់​​មិន​បាន ។

ការ​មាន​ប្រតិ​កម្ម​នេះ​​ ត្រូវ​គេ​​ដឹង​ថា បន្ទាប់​ពី​មាន​​អំពើ​ប្លន់​​កាល​ពី​វេលា​ម៉ោង​​៧ និង​១០​នាទី​យប់​ថ្ងៃទី​​៣ កញ្ញា ដែល​ក្រុម​ចោរ​​ប្លន់​​មាន​បក្ស​ពួក​​ចំនួន​៤​នាក់​ ប្រដាប់​អាវុធ​​ខ្លី​២​​ដើម​ និង​ពូ​ថៅ​​បាន​ធ្វើ​សកម្ម​ភាព​​វាយ​បំបែក​​ទូ​ដាក់​​តាំង​​លក់​គ្រឿង​អលង្ការ​ពី​អាជីវ​ករ​​​លក់​គ្រឿង​អលង្ការ​​យីហោជាង​ខេង យក​អស់​​ប្រមាណ​​ជាង​២០​​តម្លឹង ប្លាទីន ។ លោក​ស្នង​ការ​បាន​ធ្វើ​ការ​គំរាម​​ និង​ស្តី​បន្ទោស​​ជា​​ចំហ​​តាម​វិទ្យុ​ទាក់​ទង​​ ខណៈ​​ពេល​កម្លាំង​​ចម្រុះ​​បាន​ចុះ​ត្រៀប​ត្រា​នៅ​មុខ​ផ្ទះ​​កើត​ហេតុ​ដើម្បី​សួរ​នាំ​ និង​​ក្នុងចំណោម​​ប្រជា​ពលរដ្ឋ​​ដែល​ភាគ​ច្រើន​ជា​អាជីវករ​​ដែល​ឈរ​ជុំ​ជិត​ក្បែរ​​មន្ត្រី​សមត្ថ​កិច្ច​នោះ ។ លោក​ឧត្តម​សេនីយ៍​​ត្រី បាន​ចោទ​សួរ​​ថា តើ​អស់​​លោក​រវល់​ទៅ​ណា​ ​​ដែល​បណ្តោយ​​ឱ្យ​ចោរ​ធ្វើ​​សកម្ម​ភាព​​ប្លន់​បាន​​​នៅ​ក្បែរ​​គោល​​ដៅ​ប៉ូលិស​​បែប​នេះ ។

គេចាត់​​ទុក​ថា នេះ​ជា​​សំណាង​ហើយ​ដែល​​ក្រុម​​ចោរ​​ប្លន់​មិន​​មាន​​ការ​ប៉ះទង្គិច​​គ្នា​​ជា​មួយ​​​សមត្ថ​កិច្ច​​បើ​សិន​ជា​មាន​អន្ត​​រា​គមន៍ និង​បាន​បាញ់​​ត​ដៃ​គ្នា​​ច្បាស់​​ជា​មាន​​មនុស្ស​គ្រោះ​ថ្នាក់​​មិន​តិច​នាក់​​នោះ​ទេ​ ព្រោះ​អំពើ​​ប្លន់​​ចំទី​ប្រជុំ​ជន​ ​​អ៊ូ​​អរ​ព្រោះ​​កម្ម​​ករ​​ចេញ​ពី​ធ្វើ​​ការ​ចេញ​ចូល​ផ្សារ​​​រក​ទិញ​អីវ៉ាន់ ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា អំពើ​​ប្លន់​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ និង​១០​​នាទី​យប់​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១២ នៅ​មុខ​ផ្សារ​​ធំ​ទួល​​សង្កែ ហៅ​ផ្សារ​​សាំ​ហាន់ នៅ​ផ្ទះ​លក់​-ទិញ​​មាស និង​ប្តូរ​ប្រាក់​ យីហោ​​ជាង​ខេង ស្ថិត​នៅ​ផ្ទះ​​លេខ​០៥១​ហ្សេ ក្រុម​​ទី​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ដែល​ម្ចាស់​ឈ្មោះ​​ប៉េង សុខ​ខេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​​ប្រពន្ធ​ឈ្មោះ​​វ៉ន វិសិដ្ឋ អាយុ​​៤៣​ឆ្នាំ ​។

តាម​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ក្រុម​ចោរ​​ប្លន់​​​មាន​បក្ស​ពួក​​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​​ម៉ាក​ឌ្រីម​សេ​១២៥ ចំនួន​២​គ្រឿង ប្រដាប់​អាវុធ​​ខ្លី​​២​ដើម និង​​ពូ​ថៅ ដែល​​៣​នាក់​បានចុះ​​មក​​ធ្វើ​សកម្ម​ភាព​​វាយ​​បំបែក​ទូដាក់​តាំង​គ្រឿង​អលង្ការ​​ ហើយ​ប្រមូល​​យក​​ប្លាទីន​​គ្រឿង ​​ដាក់​ក្នុង​​​ថង់​​ក្រណាត់ ហើយ​គេច​ខ្លួន​​បាត់ ។ ​នៅ​ក្នុង​​​​សកម្ម​ភាពនោះ​​​ក្រុម​ចោ​រ​បាន​វាយ​បាក់​​ដង​ពូ​ថៅ​​ ហើយ​បាន​បន្សល់​ទុក​​កា​បូប​​១ និង​ដង​ពូ​ថៅ​​នៅ​កន្លែង​កើត​ហេតុ ។

តាម​សម្តី​ឈ្មោះ​​ប៉េង សុខ​ខេង ដែល​ជា​អាជីវ​ករ​​លក់​គ្រឿង​អលង្ការ​នោះ​បាន​​ឱ្យ​ដឹង​ថា គ្រឿង​​អលង្ការ​​ដែល​​ត្រូវ​ចោរ​​ប្លន់​​យក​នោះ​មាន​ចំនួន​​ជាង​២០​​តម្លឹង​​ក្នុង​ចំណោម​គ្រឿង​អលង្ការ​​ប្រមាណ​​៩០​​តម្លឹង​​ ដែល​ដាក់​​តាំង​លក់​ក្នុង​ទូ​​ចំនួន​​២ ។

អាជីវ​ករ​​រូប​​​នោះ​បាន​​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គាត់​រួម​​ទាំង​ប្រពន្ធ​​បាន​អង្គុយ​​លក់​ និង​​បម្រុង​ជញ្ជូ​ន​អី​វ៉ាន់​​ចូល​ផ្ទះ​​ទៅ​ហើយ​​ ស្រាប់​តែ​​មាន​ជន​មិន​ស្គាល់​​មុខ​ចំនួន​​២​នាក់​មក​ដល់​ដោយ​ម្នាក់​បាន​​យក​ពូ​ថៅ​​វាយ​បំបែក​​​ទូ​ដាក់​តាំង​​១​ក្នុងចំណោម​​ទូ​២ និង​ម្នាក់​​បាន​​ដក​កាំ​ភ្លើង​​ខ្លី​ពណ៌​ស​ភ្ជង់​​ និង​វាយ​​បំបែក​ទូ​​ដែរ ។ ដោយ​ឃើញ​បែបនេះ​​ប្រពន្ធ​​​គាត់​បាន​​រត់​ចូល​ក្នុង​ផ្ទះ ហើយ​គាត់​បាន​រត់​​គេច​​ទៅ​ចំហៀង​ផ្ទះ​ស្រែក​ចោរៗ ។ ខណៈ​នោះ​គាត់​ឃើញ​ជន​ម្នាក់​​ទៀត​ចូល​​មក​ប្រមូល​​គ្រឿង​អលង្ការ​​ប្លាទីន​​ដាក់​ក្នុង​​ថង់​​ក្រណាត់​​ជា​មួយ​​ជន​​២​នាក់​ដែល​ចូល​​ធ្វើ​សកម្ម​ភាព​ ។ បន្ទាប់​ពី​​ប្រមូល​​បាន​ ក្រុម​​ចោរ​មាន​​គ្នា​៣​​នាក់​នោះ​បាន​​រត់​ឡើង​​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​​៤​​នាក់​គេច​​ទៅ​ទិស​ខាង​កើត​បាត់​​ទៅ ។ ទោះ​បី​ជា​យ៉ាង​ណា គេ​សង្ស័យ​​ថា ក្រុម​ចោរ​អាច​​មាន​បក្ស​​ពួក​លើស​ពី​នេះ ​ដែល​ចាំ​បិទ​​គូទ ។

នៅ​យប់​នោះ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​​ខ្លាំង​​ ប៉ូលិស​​ និង​ប៉េ​អឹម​ បាន​ចុះ​​ទៅ​ដល់​កន្លែង​កើត​ហេតុ ពេល​ចោរ​​ប្លន់​ចេញ​​ផុត​ និង​ឃើញ​​កាបូប​​មួយ និង​ដង​ពូ​ថៅ​​ដែល​ក្រុម​ចោរ​​បន្សល់​ទុក ។ សមត្ថ​កិច្ច​​ត្រូវ​បាន​​ទទួល​​ចុះ​បញ្ជា​​ទៅ​កន្លែង​កើត​ហេតុ​​រុក​រក​​ក្រុម​ជន​សង្ស័យ​​ ហើយ​រក​ឃើញ​​អាវ​មួយ​ប្រឡាក់​​សុទ្ធ​ឈាម​​ ព្រម​ទាំង​​ស្រោម​ដៃ​​ដែល​គេ​អះ​អា​​ង​ថា​ជា​​របស់​ក្រុម​ចោរ​បន្សល់​ទុក​នៅ​ម្តុំ​វត្ត​ទួល​សន្តិ​វ័ន ហៅ​វត្ត​​ទួល​អស់​លោក ក្នុង​សង្កាត់​​គីឡូ​ម៉ែត្រ​លេខ​៦ ​ ។

គួរ​បញ្ជាក់​​​ថា​ ផ្សារ​ធំ​ទួល​សង្កែ​​ហៅ​ផ្សារ​សាំហាន់ ជា​ទី​ប្រជុំ​ជន​អូ៊​អរ​​របស់​កម្ម​ករ​ដែល​​អាជីវ​ករ​​បាន​លក់​ដូរ​រហូត​​ដល់​ម៉ោង​​៩​យប់ ។ ផ្សារ​​នេះ​​ត្រូវ​បាន​ក្រុម​ចោរ​​ធ្វើ​សកម្ម​ភាព​​ជា​ច្រើន​លើក​មក​​ហើយ ​ពេល​ដែល​អាជីវ​ករ​​រើ​គ្រឿង​​អលង្ការ​​វិល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ទោះ​បី​ប៉ូលិស​​បាន​បង្កើត​​ប៉ុស្តិ៍​​មួយ និង​គោលដៅ​២៤​ម៉ោង​​ក្បែរ​នោះ​​ក៏​ដេោយ ។ ម្យ៉ាង​ទៀត​សន្តិ​សុខ​​ផ្សារ​សុទ្ធ​​តែ​មាន​កាំ​ភ្លើង​​អាកា​ តែ​ពុំ​អាច​ទប់​ស្កាត់​​ និង​បង្ក្រាប​​ក្រុម​ចោរ​​​បាន​ឡើយ ។

តាម​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​លោក​​ស្នង​ការ​​ធ្វើ​ការ​គំរាម​ និង​ស្តី​បន្ទោស​​នៅ​ព្រឹក​​ថ្ងៃទី​​៤ កញ្ញា លោក​អធិ​ការ​ អធិ​ការ​រង​២នាក់ និង​លោក​នាយ​​ប៉ុស្តិ៍​​ទួល​សង្កែ​ ព្រម​ទាំង​​មន្ត្រី​២​​នាក់​ដែល​​ប្រចាំ​ការ​គោល​ដៅ​​២៤​ម៉ោង​ត្រូវ​​លោក​ស្នង​ការ​​ហៅ​ ឬ​អញ្ជើញ​​ទៅ​ណែ​នាំ​​ផង​ដែរ ទំនង​​ប្រហែល​​ដុះ​ក្អែល​​មិន​តិច​​ទេ​​មើល​ទៅ ៕