ក្រុងប៉ោយប៉ែត ៖ អ្នកភូមិ៤៦គ្រួសាររស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៣ កញ្ញា បានលើកគ្នាតវ៉ាយ៉ាងស្រួចស្រាល់ដើម្បីបណ្តេញគ្រឿងចក្រមួយគ្រឿងដោយចោទថា បានមកឈូសឆាយ លើដីដំណាំពួកគាត់ ។ ក្នុងការតវ៉ានោះត្រូវបានអ្នកភូមិនិយាយថាដោយសារការឈឺចាប់ព្រោះដីរបស់ពួកគាត់ដោះស្រាយច្រើនឆ្នាំហើយមិនចេះចប់សោះ និងតែងកើតមានបញ្ហាឥតឈប់ឈរ ។ ស្ត្រីចំណាស់ម្នាក់បានស្រាតខោអាវនិងដើរចូលទៅអង្គុយក្នុងបែ៉លចូកដីរបស់គ្រឿងចក្រនិងស្រែកយំឡាំប៉ា សុំឱ្យមានការបញ្ឈប់ឈូសឆាយដំណាំរបស់ពួកគាត់ទៀតផង ។
នៅចំណុចកើតហេតុគេឃើញដើមស្វាយធំៗចំនួន៣ដើមរបស់ឈ្មោះផុន ណារី ភេទស្រី អាយុ៥១ឆ្នាំត្រូវបានគេឈូសបាក់រលីងទាំងឬសក្នុងនោះដើមឈើផ្សេងៗមួយចំនួនទៀតក្នុងភូមិកើតហេតុក៏ឃើញគេឈូសឆាយផ្តួលរំលំអស់ផងដែរ ។ ស្ត្រីចំណាស់ដែលស្រាតខោអាវយំឡាំប៉ានោះឈ្មោះជឿន ខន អាយុ៥១ឆ្នាំក៏ដូចជាឈ្មោះផុន ណារី បានអះអាងថា ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់៤៦គ្រួសារ បានរស់នៅទីនោះ ២០ឆ្នាំ មកហើយ ។ បន្ទាប់មកក៏មានជម្លោះជាមួយភាគីម្ខាងទៀតរហូតមានការប្តឹងប្តល់គ្នា ។ ស្ត្រីទាំងពីរខាងលើបន្តថា ភាគីម្ខាងឈ្មោះអ៊ូ សុខា ភេទប្រុស និងទូច មករា ភេទប្រុស ដែលអ្នកទាំងពីរនេះអះអាងប្រាប់ពួកគាត់ថា ពួកគេជាតំណាងម្ចាស់កម្មសិទ្ធិដី១១ប្លង់ ។ ចំពោះអ្នកយកគ្រឿងចក្រឈូសឆាយដំណាំរបស់ពួកគាត់គឺឈ្មោះអ៊ូ សុខា ។ ប្រជាពលរដ្ឋបានប្រាប់ថា ឈ្មោះអ៊ូ សុខា កាលពីខែសីហាកន្លងទៅនេះបានធ្វើការដោះស្រាយគ្នានៅសាលាក្រុងប៉ោយប៉ែតម្តងហើយ ដោយភាគីប្រជាពលរដ្ឋព្រមទទួលយកការដោះស្រាយពីទំហំចាស់២០ម៉ែត្រគុណ៤០ម៉ែត្រមកទទួលយក២០ម៉ែត្រគុណ៣០ម៉ែត្រវិញតាមគោលការណ៍ឈ្នះ=ឈ្នះ ហើយក្នុងគោលការណ៍នេះភាគីលោកអ៊ូ សុខា នឹងធ្វើការអភិវឌ្ឍផ្លូវជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋនឹងមានការដោះដូររំកិលទីតាំងពីទឹតាំងចាស់ទៅទីតាំងថ្មី ប៉ុន្តែនៅក្បែរនោះនិងស្ថិតក្នុងភូមិស្ទឹងបត់ដដែល ។ ទោះបីជាបែបណា ប្រជាពលរដ្ឋប្រាប់ថា គោលការណ៍ធ្វើផ្លូវនោះមិនទាន់ដល់ពេលកំណត់ថ្ងៃទី១ មករា ឆ្នាំ២០១៣ ផង ស្រាប់តែពេលនេះលោកអ៊ូ សុខា បែរជាយកគ្រឿងចក្រមកឈូសឆាយប៉ះពាល់ដល់ផលដំណាំពួកគាត់ធ្វើឱ្យផ្ទុះជាជម្លោះបែកផ្សែងតែម្តង ។ នៅវេលាម៉ោងជិត៥ល្ងាចថ្ងៃដដែល គ្រឿងចក្ររបស់ភាគីលោកអ៊ូ សុខា ក្រោយពីមានការរារាំងនិងស្រែកឡាំប៉ាទ្រហឹងអឺងអាប់មកធ្វើឱ្យមានការបញ្ឈប់ដោយប្រជាពលរដ្ឋលើកគ្នាមកច្រូងច្រាងនោះក៏បានដកគ្រឿងចក្រត្រឡប់ក្រោយវិញទៅ ។
ចំពោះភាគីលោកអ៊ូ សុខា កោះសន្តិភាពបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺតាមទូរស័ព្ទចំនួន៣ដង ប៉ុន្តែចុចចូលគ្មានអ្នកទទួលទេ ។
ប្រជាពលរដ្ឋទាំង៤៦គ្រួសារនិយាយថា ពួកគាត់អាចនឹងមិនដោះដូរទីតាំងទេ សុខចិត្តទៅរើទីតាំងចាស់វិញ ហើយហេតុផលដែលពួកគាត់មិនព្រមយកទីតំាងថ្មី ព្រោះកន្លែងនោះជាដីរបស់គេមានម្ចាស់ត្រឹមត្រូវ ថែមទាំងចេញមុខមករារាំង ឬហាមប្រាមមិនឱ្យអ្នកណាទៅរស់នៅលើដីរបស់គេទៀតផង ។
នៅព្រឹកថ្ងៃទី៤ កញ្ញាប្រជាពលរដ្ឋ៤៦គ្រួសារក្នុងចំណោម១០៨គ្រួសារបាននាំគ្នាសរសេរនិងលើកជាបដាគ្រោងដង្ហែធ្វើបាតុកម្មក្នុងក្រុងប៉ោយប៉ែត ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ បានដឹងពីការរំលោភនេះ ។ ប៉ុន្តែការគ្រោងដង្ហែក្បួនបាតុកម្មនោះត្រូវបានផ្អាកទៅវិញ ដោយសារមានការចុះទៅដល់ចំណុចកើតហេតុពីសំណាក់លោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប៉ូលិសទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋ ណែនាំឱ្យពួកគាត់ងាកទៅដាក់ពាក្យបណ្តឹងវិញ ជំនួសធ្វើបាតុកម្ម ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ទោះជាយ៉ាងណា ប្រភពពីប្រជាពលរដ្ឋបង្ហើបថា បើបញ្ហាខាងលើគ្មានដំណោះស្រាយណាមួយសមស្របសម្រាប់ពួកគាត់នោះ បាតុកម្មនឹងធ្វើឡើងដោយដង្ហែក្បួននាពេលខាងមុខនេះ៕
ចែករំលែកព័តមាននេះ