ខេត្តកំពង់ធំ ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពប្លន់យកមាសអស់២តម្លឹង៣ជី និងបាញ់សម្លាប់មនុស្សម្នាក់ របួស២នាក់ កាលពីវេលាម៉ោង៧និង១០នាទីយប់់ថ្ងៃទី៣ កញ្ញា នៅក្នុងភូមិអណ្តោក ឃុំបាក់ស្នា ស្រុកបារាយណ៍ ។ នេះជាអំពើប្លន់ថ្មីបំផុតនៅស្រុកបារាយណ៍ បន្ទាប់ពីអំពើចោរកម្មនេះ បានស្ងប់ស្ងាត់មួយរយៈពេលដ៏យូរ ក្រោយពីមេខ្លោង និងបក្សពួកត្រូវបានបង្ក្រាប។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះដែលកំពុងតែទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យឈ្មោះចាន់ ឃាន់ ភេទប្រុស អាយុ២១ឆ្នាំ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមុននេះឪពុករបស់ខ្លួនបានលក់គោ១នឹម ហើយបានយកប្រាក់នោះទៅទិញគោយន្ត១គ្រឿងនៅព្រឹកថ្ងៃទី៣ កញ្ញា ។ លុះដល់យប់ថ្ងៃដដែលបន្ទាប់ពីហូបបាយពេលល្ងាចរួចហើយ គ្រួសារបាននាំគ្នាអង្គុយមើលទូរទស្សន៍ជុំគ្នានៅលើគ្រែក្រោមផ្ទះតាមទម្លាប់ធម្មតា ។ ពេលកំពុងតែជក់អារម្មណ៍តាមដានសាច់រឿង ស្រាប់តែលេចមុខពួកក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៦នាក់ ក្នុងនោះ៣នាក់ពាក់ស្រោមមុខជិត ។ ចំណែក៣នាក់ទៀតមិនមានពាក់ស្រោមមុខនោះទេ ប្រដាប់ដោយអាវុធអាកាស្វាយបត់មួយដើម កាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម និងកាំបិតផ្គាក់មួយ បានចូលធ្វើសកម្មភាពភ្ជង់ និងបញ្ជាឱ្យពួកគេទាំងអស់គ្នាក្រាប និងបង្ខំឱ្យពួកគេប្រមូលលុយកាក់មាសប្រាក់មកឱ្យក្រុមខ្លួន និងបានប្រមាថថា បើមិនធ្វើតាមទេ នឹងបាញ់សម្លាប់ចោល ។ យុវជនរងគ្រោះនិយាយថាពួកចោរបានបញ្ជាឱ្យរូបគេជាកូនហុចទូរស័ព្ទឱ្យ ស្រាប់តែពេលហុចនេះចោរបានបាញ់មួយគ្រាប់ចំដៃស្តាំធ្លាយទៅត្រូវត្រគាកខាងស្តាំបងជីដូនមួយម្នាក់ទៀតឈ្មោះឈីន ឈី ភេទប្រុស អាយុ២៤ឆ្នាំ ដែលនៅផ្ទះជាប់របងគ្នា និងមកអង្គុយមើលទូរទស្សន៍ជាមួយគ្នា ។ ឈ្មោះចាន់ ឃាន់ បាននិយាយទៀតថា ពេលចោរបាញ់នោះខ្លួនក៏ស្ទុះរត់គេចចេញទៅក្រៅភូមិ ស្រែកឱ្យគេជួយ តែគ្មានប្រសិទ្ធភាពទេ ព្រោះគ្មាននរណាម្នាក់ក្លាហានហ៊ានចេញមុខមកជួយនោះទេ ក្រោយពេលឮសូរផ្ទុះអាវុធ។ ក្រោយកើតហេតុផ្ទុះអាវុធ ឪពុកឈ្មោះឯក ហ៊ុយ អាយុ៦៦ឆ្នាំ បានងើបស្ទុះរត់បម្រុងគេចខ្លួនក៏ត្រូវពួកចោរបាញ់មួយគ្រាប់ធ្លាយពោះវៀនមកក្រៅបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ។ ពួកចោរមួយចំនួននៅក្រោមផ្ទះខ្លះទៀតបាននាំគ្នាឡើងទៅលើផ្ទះវាយបំបែកទូ និងរើកកាយបានមាសចំនួន២តម្លឹង៣ជី ហើយក៏នាំគ្នាគេចខ្លួនដោយសុវត្ថិភាពទៅ ។
អំពើប្លន់នេះបានកើតឡើងបន្ទាប់ពីគ្រួសារនេះលក់គោមួយនឹមបានប្រាក់រាប់លានរៀល ហើយលុយដែលក់គោនោះក៏បានយកទៅទិញគោយន្តអស់ ពុំមាននៅសល់នោះទេ ។ យុវជនចាន់ ឃាន់ បន្តទៀតថា ក្រោយពេលចោរប្លន់ចេញផុតកម្លាំងនគរបាលប៉ុស្តិ៍ក៏បានទៅដល់ធ្វើកំណត់ហេតុ ។ ចំណែកប្អូនប្រុស និងបងជីដូនមួយដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ និងត្រូវបានក្រុមគ្រូពេទ្យសាលសង្គ្រោះបន្ទាន់បានវះកាត់យកក្បាលគ្រាប់កាំភ្លើងចេញពីត្រគាកយុវជនជាបងជីដូនមួយឈ្មោះឈីន ឈី ។
នៅព្រឹកថ្ងៃទី៤ កញ្ញា លោកអ៊ុក កុសល ស្នងការរង និងជាប្រធានការិយាល័យកណ្តាលទទួលបន្ទុកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងមន្ត្រីនគរបាលក្រោមឱវាទមួយចំនួនចុះទៅធ្វើការស្រាវជ្រាវសើុបអង្កេតដល់កន្លែងកើតហេតុ ដើម្បីវែកមុកក្រុមចោរប្លន់ទាំងនោះ ៕
ចែករំលែកព័តមាននេះ