បុរសអាចកាត់បន្ថយការប្រឈមមុខក្នុងការកើតជំងឺសរសៃឈាមស្ពៀតក្នុងខួរក្បាលបានប្រហែល១ភាគ៦ យ៉ាងងាយស្រួលគ្រាន់តែទទួលទានស្ករសូកូឡា១ដុំ ឬប្រហែល៦២,៣ក្រាម ក្នុងមួយសប្តាហ៍ ។ លទ្ធផលទទួលបានពីការសិក្សាស្រាវជ្រាវថ្មី និងជាលើកដំបូងដោយសង្កត់ធ្ងន់ពីប្រយោជន៍របស់ស្ករសូកូឡាដែលមានឥទ្ធិពលលើបុរសដោយផ្ទាល់ និងស្របតាមលទ្ធផលសិក្សាស្រាវជ្រាវកាលពីមុនគឺរកឃើញថា ស្ករសូកូឡាផ្តល់ផលល្អដល់បេះដូង និងសរសៃឈាម ។
អ្នកស្រាវជ្រាវពីមជ្ឈមណ្ឌលខារ៉ូលីនស្កា ក្នុងទីក្រុងស្តុកខូលប្រទេសស៊ុយអែត បានតាមដានការស្រាវជ្រាវលើក្រុមបុរសគំរូជាង៣៧.០០០នាក់ អាយុពី៤៥ទៅ៧៩ឆ្នាំ រយៈពេល១០ឆ្នាំ ដោយធៀបនឹងក្រុមបុរសដែលទទួលទានស្ករសូកូឡាច្រើនបំផុតប្រហែល៦២,៣ក្រាម ក្នុងមួយសប្តាហ៍ មានការប្រឈមមុខនឹងការកើតជំងឺសរសៃឈាមក្នុងខួរក្បាលស្ពៀតតិចជាងក្រុមដែលទទួលទានស្ករសូកូឡាតិច ឬមិនទទួលទានសោះដល់ទៅ១៧ភាគរយ ។
ដើម្បីទ្រទ្រង់លទ្ធផលនេះអ្នកស្រាវជ្រាវបានយកទិន្នន័យទៅផ្ទៀងផ្ទាត់នឹងលទ្ធផលស្រាវជ្រាវកាលពីមុននេះចំនួន៤លើក រួមទាំងលទ្ធផលស្រាវជ្រាវស្ទើរតែស្រដៀងគ្នា ដោយពិសោធន៍លើស្ត្រីកាលពីឆ្នាំ២០១១ ឃើញថា បុរសនិងស្រ្តីដែលទទួលទានស្ករសូកូឡាច្រើនមានការប្រឈមមុខនឹងកើតជំងឺស្ពៀតសរសៃឈាមក្នុងខួរក្បាលតិចជាងដល់ទៅ១៩ភាគរយ ។
ស្ករសូកូឡាមានធាតុផ្សំផ្លាវ៉ូណូអុីដ ជាសារធាតុប្រឆាំងនឹងជាតិពុលសេរីមួយប្រភេទ ដោយមានគុណសម្បត្តិកាត់បន្ថយសម្ពាធឈាម បង្កើនជាតិខ្លាញ់ HDL និងជួយឱ្យការធ្វើចលនារបស់សរសៃឈាមបានល្អ ។ក្រៅពីនេះអាចជួយមិនឱ្យឈាមកករឹង ជួយការពារមិនឱ្យកើតការស្ទះ កាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺបេះដូង ឬសរសៃឈាមស្ពៀត ៕
ចែករំលែកព័តមាននេះ