រាជធានីភ្នំពេញ ៖ ជនជួញដូរគ្រឿងញៀន២នាក់ដែលប៉ូលិសអះអាងថា តែងធ្វើការចែកចាយយ៉ាងសកម្មត្រូវបានកម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣១កញ្ចប់ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២ កញ្ញា នៅតាមផ្លូវក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនទាំង២នាក់នេះម្នាក់ឈ្មោះ សាំង ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយស ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ។ ជននេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់សេព និងជួញដូរគ្រឿងញៀនយ៉ាងសកម្មយូរមកហើយ ។ ចំណែកឯម្នាក់ទៀតឈ្មោះ ស្រឿន ស៊ន មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះបាន គឺមានប្រជាពលរដ្ឋរាយការណ៍មកថា បានស្គាល់ជនម្នាក់ឈ្មោះ ស្រឿន ស៊ន ជិះម៉ូតូសេ១០០កូរ៉េមួយគ្រឿង ពណ៌ស្លាទុំ មុខរបររត់ម៉ូតូឌុប គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល ។ បន្ទាប់ពីបានទទួលព័ត៌មាននោះហើយ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកអធិការ ប៊ន សំអាត បានចុះទៅធ្វើការឃាត់ខ្លួនជននោះដើម្បីសួរនាំ ប៉ុន្តែក្រោយពេលចាប់ខ្លួនរកមិនឃើញមានគ្រឿងញៀនជាប់នឹងខ្លួនជននោះទេ ។
ខណៈនោះ ប៉ូលិសបានធ្វើការសួរនាំតាមជំនាញ ទើបជននេះសារភាពប្រាប់ថា មានបក្សពួកម្នាក់ឈ្មោះ សាំង ម៉ៅ ជាអ្នកនាំយកថ្នាំញៀនលក់ឱ្យខ្លួនដើម្បីលក់បន្ត ទើបឱ្យជននោះទូរស័ព្ទហៅឈ្មោះ សាំង ម៉ៅ ឱ្យយកថ្នាំញៀនមកឱ្យ ។ បន្ទាប់ពីជននោះទូរស័ព្ទបានបន្តិច ឈ្មោះ សាំង ម៉ៅ ក៏ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប្រាក់គ្មានស្លាកលេខទៅដល់ ហើយប៉ូលិសក៏បានឃាត់ខ្លួនធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣១កញ្ចប់នៅនឹងខ្លួនជននោះ ទើបនាំទៅកាន់អធិការដ្ឋានខណ្ឌដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យមួយរូបឱ្យដឹងថា ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣១កញ្ចប់នោះមានតម្លៃជាង៦០ម៉ឺនរៀល ដោយក្នុងមួយកញ្ចប់តម្លៃ២ម៉ឺនរៀល ហើយឈ្មោះសាំង ម៉ៅ បានទិញពីម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចយកមកលក់ឱ្យឈ្មោះ ស្រឿន ស៊ន ដើម្បីយកទៅលក់បន្តយកចំណេញទៀត ។ ជនឈ្មោះ សាំង ម៉ៅ នោះគឺជាមុខសញ្ញាសេពគ្រឿងញៀនរយៈពេល៥ឆ្នាំមកហើយ លុះដល់ឆ្នាំ២០១២នេះជននោះបានក្លាយជាអ្នកជួញដូរគ្រឿងញៀនម្នាក់យ៉ាងសកម្មបំផុតដោយគេបានទិញគ្រឿងញៀននេះពីម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូកនោះ ។
ចំណែកឯឈ្មោះ ស្រឿន ស៊ន ក៏ជាមុខសញ្ញាជួញដូរយ៉ាងសកម្មម្នាក់ដែរ គេតែងតែទទួលទិញថ្នាំញៀនពីឈ្មោះ សាំង ម៉ៅ នេះយកទៅលក់បន្តឱ្យក្រុមយុវជនមកពីស្រុកស្រែចម្ការហើយចង់ប្រើប្រាស់ថ្នាំញៀននេះ ។ ការរកស៊ីនោះបានកាក់កបខ្លាំងណាស់ក្នុងពេលកន្លងមក ទើបតែពេលនេះត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច ៕
ចែករំលែកព័តមាននេះ