រាជធានីភ្នំពេញ ៖ ក្នុងន័យបណ្តុះស្មារតីសិស្សានុសិស្សឱ្យមានទស្សនៈស្នេហាជាតិមាតុភូមិ ដោយការសិក្សាស្វែងយល់ពីស្នាដៃកេរដំណែលរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ កាលពីរសៀលថ្ងៃទី៣១ សីហា កន្លងមកនេះ សិស្សានុសិស្សនៃវិទ្យាស្ថានអន្តរជាតិអាមេរិកាំងប្រ៊ីជមួយក្រុម ដែលដឹកនាំដោយលោក សីុ លាង ជានាយកវិទ្យាស្ថានបានទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រះបរមរាជវាំង និងព្រះវិហារព្រះកែវមរកត ។
ក្នុងឱកាសនោះ លោកសីុ លាង បានណែនាំ ដល់ប្អូនៗសិស្សានុសិស្សថា ក្រៅតែពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រមេរៀនក្នុងសាលាហើយ ប្អូនៗចាំបាច់ត្រូវចាប់យកឱកាសក្នុងការសិក្សាស្វែងយល់បន្ថែមអំពីអ្វីដែលជាកេរដំណែលខ្មែរ ដែលបុព្វបុរសយើងបានបន្សល់ទុកមកតាំងពីយូរយារណាស់មកហើយ រហូតដល់ពេលបច្ចុប្បន្ននេះ ។ លោកនាយកវិទ្យាស្ថានបានធ្វើការពន្យល់អំពីពាក្យថា ព្រះបរមរាជវាំងទៅកាន់ប្អូនៗសិស្សានុសិស្សឱ្យបានដឹងត្រួសៗថា ព្រះបរមរាជវាំងគឺជាទីដែលព្រះមហាក្សត្រគង់នៅដើម្បីបំពេញព្រះរាជកិច្ចជាព្រះរាជាគ្រប់គ្រងព្រះនគរ ផ្តល់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តជាកូនចៅ ហើយនៅក្នុងព្រះបរមរាជវាំងនេះហើយដែលព្រះអង្គទ្រង់បានបំពេញនូវព្រះរាជសកម្មភាពនានាជាច្រើនទាំងក្នុងផ្ទៃជាតិ និងអន្តរជាតិ ។ រីឯព្រះវិហារព្រះកែវមរកតវិញ គឺជាទីកន្លែងសម្រាប់ការគោរពប្រតិបត្តិទៅលើវិស័យសាសនាដ៏សំខាន់មួយ ។
លោកស៊ី លាង បានគូសបញ្ជាក់ថា វិទ្យាស្ថានអន្តរជាតិអាមេរិកាំងប្រ៊ីជ ចង់ឱ្យសិស្សានុសិស្សបានស្គាល់ពីតម្លៃនៃបេតិកភណ្ឌជាតិ និងរួមចំណែកថែរក្សានូវសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ ព្រោះថាបេតិកភណ្ឌជាតិមានគុណតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបានឡើយ ៕
ចែករំលែកព័តមាននេះ