ប្រភេទកណ្តុរប្រែងដែលគ្មានធ្មេញ និងរស់នៅដោយការស៊ីសត្វជន្លេនជាអាហារ និងមិនចេះទំពា ឬកកេរ ត្រូវគេរកឃើញនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ យោងតាមគេហទំព័រសារព័ត៌មានព្រីតធីសជើណលបៃអូឡូជីឱ្យដឹងថា កណ្តុរនេះមានដងខ្លួនវែង ហើយវាត្រូវគេដាក់ឈ្មោះថា ជាសត្វស៊ីជន្លេន ស្ថិតក្នុងចំណោមសត្វកកេរ២២០០ ប្រភេទដែលមិនមានថ្គាម តែមានធ្មេញមុខខាងលើដូចជាពន្លាក ។
ប្រភេទកណ្តុរដែលមិនចេះកកេរនេះត្រូវគេរកឃើញពីរក្បាលនៅក្នុងព្រៃនៃជួរភ្នំភាគខាងជើងនៃកោះស៊ូឡាវ៉េស៊ី កាលពីមួយឆ្នាំកន្លងទៅ និងនៅលើភ្នំឡាទីម៉ូយុង មានចម្ងាយប្រហែលជា១០០គីឡូម៉ែត្រខាងលិចនៃភ្នំហ្គាដាងដេវ៉ាតា។យោងតាមប្រសាសន៍របស់លោកអាណាង អាម៉ាឌី មកពីសារមន្ទីរឥណ្ឌូណេស៊ីឱ្យដឹងថា កណ្តុរប្រភេទនេះតែងតែចាប់សត្វជន្លេនដោយបឺតចូល បន្ទាប់មកខាំផ្តាច់ជាកំណាត់ៗដោយធ្មេញមុខរបស់វាឱ្យក្លាយជាបំណែកតូចៗរួចលេបចូលតែម្តង ។
បើតាមបណ្តាអ្នកសិក្សាស្រាវជ្រាវឱ្យដឹងថា ការរកឃើញនេះជារឿងមួយសំខាន់ ព្រោះវាបង្ហាញពីពពួកសត្វកកេរដែលត្រូវបានផ្លាស់ជាទំពា និងខាំវិញម្តង ។ និយាយជារួមមិនដូចជាប្រភេទកណ្តុរកាលពីមុនដែលធ្លាប់តែប្រើធ្មេញរបស់វាដើម្បីកកេរចំណីអាហារទេ ។ ប្រភេទសត្វនេះបន្តការកើនឡើងនៅក្នុងតំបន់ស៊ូឡាវ៉េស៊ី ។
លោកខេវិនរ៉ូវ ជាអ្នកអភិរក្សនៅសារមន្ទីរវីកធើរៀរក្នុងទីក្រុងម៉េលប៊ន របស់អូស្ត្រាលីមានប្រសាសន៍ថា «ពួកយើងបានរកឃើញពពួកសត្វដែលប្រើកម្លាំងថាមពលធ្មេញមុខរបស់វាក្នុងការស៊ីចំណីដែលធ្មេញមុខរបស់វាដូចមុខពន្លាក ។ដោយសារតែរូបរាងនៃធ្មេញរបស់វាមានលក្ខណៈដូចជាពន្លាកគឺអាចទំពា ខាំស៊ីនូវកម្ទេចសំរាម គ្រាប់ពូជ ជីករូងធ្វើសម្បុក និងជាពិសេសទៀតងាយស្រួលក្នុងការជីករកសត្វជន្លេនធ្វើជាចំណីអាហារ» ៕
ចែករំលែកព័តមាននេះ