ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​ព្រំដែន កសាង​ព្រំដែន​សន្ដិភាព​ ស្ថេរភាព​ ​និង​សហប្រតិបត្ដិការ​ ​ប្រែក្លាយ​ជ​ម្លោះ​មក​ជា​ការ​អភិវឌ្ឍ

13 ឆ្នាំ មុន

យើងនៅតែមាន​អារម្មណ៍រំភើបចំពោះ​ការ​បក​ស្រាយប​ំភ្លឺរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន អំពីការបោះ​បង្គោល​ខណ្ឌ​សីមា​កម្ពុជា-វៀតណាម កាលពីថ្ងៃទី៩​ សីហា ២០១២​ នៅរដ្ឋសភាជាតិ​ ។ ប្រជាជាតិ​ខ្មែរ​ទាំង​មូលគ្រប់ស្រទាប់ ​បានតាម​ដាន​ស្តាប់ដោយយក​ចិត្តទុកដាក់ តាមរយៈ​ការផ្សាយ​បន្តផ្ទាល់​ពី​គ្រប់​ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់​​ ។​

គឺហាក់​ដូច​ជាក្នុងរយៈ​ពេល​ជាង​ប្រាំម៉ោង​ដោយ​គ្មាន​ការ​ឈប់សម្រាក​នោះ​ សំនួន​វោហារ​ពោរ​ពេញ ដោយ​វីរភាពស្នេហា​ជាតិ​ប្តូរ​ផ្តាច់ ដើម្បីលើក​ស្ទួយ​ផលប្រយោជន៍​ជាអាយុ​ជីវិតជាតិ​ ដែល​ឮកង​រំពងពេញផ្ទៃ​ប្រទេសនោះ ​បានចូល​ទៅ​អង្រួន​ដល់​ក្រអៅដួងចិត្ត​ប្រជា​ជាតិទាំង​មូល​ឱ្យ​ផុសងើបឡើងព្រមៗគ្នាតែម្តង​ ។​ គឺពិត​ជា​ថ្ងៃ​ប្រវត្តិ​​សាស្ត្រ​​ដែលមិនធ្លាប់​មាន​ពីសម័យ​មុនៗ​មក​ គឺ​ពិតជាមាន​អានុ​ភាព​ធំធេង​ណាស់​ ទាំង​លើ​វិសាល​ភាព ​ទាំងលើ​កាល​វេលា​យូរ​អង្វែង​តទៅ​​ ។

ទិវាប្រវត្តិសាស្ត្រនេះ បានពញ្ញាក់​ប្រជា​ជាតិ​ទាំង​មូលឱ្យ​យល់​ដឹង​កាន់​តែច្បាស់​អំពី​គោល​នយោ​បាយ​អាទិភាព និងយុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការ​អនុវត្តនយោបាយ​ការ​បរ​ទេស​ច​ំពោះប្រទេសជ​ិតខាងដែលមាន​របង​ជា​មួយ​គ្នា​ ដែលសម្តេច​លោក​តែង​តែធ្លាប់​បាន លើក​ពាក្យ​ទំនៀម​ថា «​ដូច​អណ្តាត​ និងធ្មេញ​» ។ ជាង​នេះទៅ​ទៀត ​ប្រវត្តិសាស្ត្រ​ថ្មី​ៗរបស់ប្រជា​ជាតិ​​យើង​ ក៏បាន​បញ្ជាក់​ច្បាស់​ថា​ ផល​ប្រយោជន៍​​ជាតិ​ ទាំងសន្តិសុខ​ ស្ថិរភាព​ និង​ទាំង​សុខដុម​ភាព​​ប្រជាជនយើង​មិន​អាច​កាត់​ផ្តាច់​ចេញ​ពីសន្តិសុខ​ និង​ស្ថិរ​ភាព​ប្រទេសជិត​ខាង​ជាប់របង​គ្នានេះ​បាន​ឡើយ ។

​ក្នុង​សម័យ​តេជោ សែន​ នេះ​ ប្រទេស​ជាតិ​យើង​ត្រូវបានព័ទ្ធជុំវិញ​ដោយ​ប្រទេស​សមា​ជិក អាស៊ានដូចគ្នា ។​ចាប់ពីអាស៊ាន​សហ​គមន៍​តែ​មួយ​រហូតទៅរយៈ​ពេល​ច្រើន​ឆ្នាំខាង​មុខ​ទៀត អន្ត​រកម្មរវាង​កម្លាំងចលករ​ខាង​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ក្នុងអាស៊ីប៉ាស៊ីហ្វិក នឹង រីកធំឡើងៗជា​លំដាប់​ដោយហេតុថា បើតំបន់​មួយ​គ្មានសន្តិសុខ​ អស្ថិរភាព សេដ្ឋកិច្ច ក៏ធ្លាក់ចុះ ជីវភាព​ប្រជា​ជន​ក៏ធ្លាក់​ចុះ ហើយក៏នឹង​រាល​ដាល​ទៅ​តំបន់​មួយ​ទៀត មិនអាចចៀស​ផុត​បាន​ទេ ។ សម្ពាធ​ផ្នែក​សន្តិ​សុខ​ និងសេដ្ឋកិច្ច ក៏នឹង​ធ្លាក់​មក​លើ​ប្រជា​ជាតិយើង​កាន់តែ​ធំធេង​ឡើងដែរ​ ។ ដូច្នេះ​ គោលនយោ​បាយ «កសាងព្រំដែន​សន្តិ​ភាព ស្ថិរភាព និងសហ​ប្រតិ​បត្តិ​ការ​ ហើយប្រែ ក្លាយ​តំបន់​ជម្លោះ​នៅ​ព្រំដែន ឱ្យក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍» របស់សម្តេចតេជោ​ សែន ពិត​ជា​គោលនយោ​បាយ​ពោរ​ពេញ​ទៅ​ដោយ​ទស្សន​វិស័យយូរ​អង្វែង និងភ្លឺស្វាង​បំផុត ។

​តំបន់​ព្រំដែន​មួយ​ចំនួន​ដែល​សម័យ​មុនៗ​មក​ធ្លាប់ជា​វាល​ស្រែ គុម្ពោត​ព្រៃលិច​ទឹក​ តែក្នុង​សម័យ​សម្តេចតេជោ​ សែន​ នេះ​សឹងតែ​ក្លាយ​ទៅ​ជាទីក្រុង​ទំនើប​មួយ​ទៅ​ហើយ​ ។ តើមាន​គោល​នយោបាយណា​ ដែលជាក់ស្តែង​ត្រឹមត្រូវ ហើយ​ប្រសើរ​ជាង​នេះ? ប្រទេស​យើង​ជា​ប្រទេស​តូច អម​សង​ខាង​ដោយ​ប្រទេស​ធំជាង​ ខ្លាំងជាង​ តើ​មាន​គោលនយោ​បាយ​ណា​ប្រសើរ​ជាង ​មាន​ប្រសិទ្ធ​​ភាព​ជាង​ គោលនយោបាយ​ប្រកប​ដោយ​តថ​ភាព​ដែល​សម្តេចតេជោ​ លោក​កំពុងខិត​ខំ​ដឹក​នាំ​ការអនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធ​ផល​ជាក់​ស្តែង​ដូច​ពេល​នេះ?​ ជាងពេល​ណាៗ​ទាំងអស់ ​យុទ្ធ​នាការបោះបង្គោល​ខណ្ឌសីមា​ជាមួយ​វៀត​ណាម​ ដែលពីមុន​មាន​តែនៅ​លើផែន​ទីមក​ជាបង្គោល​ព្រំលើទីតាំង​ជាក់​ស្តែង​ពិតជា​​សមិទ្ធ​ផល​ធំធេង និង​មានបច្ច័យជ្រាល​ជ្រៅខ្លាំង​ណាស់​ទៅ​លើ​នយោ​បាយ​ការ​ពារ​បូរណភាព​ទឹក​ដី​ អធិ​បតេយ្យ​ភាព​​ជាតិ​ និងឯករាជ្យ​ជាតិ​យើង​ ។​

គេពិត​ជាពុំ​អាច​ប្រកែក​បាន​ឡើយ​ថា បង្គោល​ខណ្ឌសីមា​ទាំង​អស់​តាមបណ្តោយព្រំដែនជាមួយ​វៀត​ណាម គឺជាផ្នែកមួយ​សំខាន់​ណាស់​​នៅក្នុង​និម្មាបន​កម្ម​នៃប្រព័ន្ធការ​ពារ​ និង​កសាង​ព្រំដែនមួយ​មាន​ស្ថិរ​ភាព​ ជាក់លាក់​ និងស្ថាពរ​ ដែលជាស្នូល​នៃការ​កសាង​ព្រំដែន​មិត្ត​ភាព​ សន្តិភាព និងស​ហ​ប្រតិ​បតិ្ត​ការយូរអង្វែង ។​នេះហើយផល​ប្រយោជន៍​ជាអាយុ​ជីវិត​ជាតិ​យើង ។ កូនចៅយើង​ជំនាន់​ក្រោយៗ​ទៀត ​នឹង អាច​រស់នៅដោយ​សុខ​សប្បាយនៅក្នុង​ប្រទេស​ជាតិ មាន​ស្ថិរភាព​ សុខសន្តិភាព​ និងសម្បូរណ៍ រុង​រឿងយូរ​អង្វែង​ដូច​ប្រទេស​ជឿន​លឿន​នានា​ ដែលផ្ទុយ​ពីសម័យ​មុនៗ​ប្រជា​ជាតិ​យើង​ធ្លាប់​បាន​ជួបប្រទះតែភាព​តាន​តឹង​នៅព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ជាប់​មិន​ដាច់ ដូចលោក​ឧបនា​យក​រដ្ឋមន្ត្រី​ សុខ​ អាន បានថ្លែងជូន​សភា​ជាតិ​កាល​ពីឆ្នាំ ២០០៥​ ថា «​បញ្ហាទឹកដីនេះ ត្រូវ​បាន​ទុក​ធ្វើជាល្បែង​នយោ​បាយ​រាប់ទសវត្ស​កន្លង​មក​ហើយ» ។

ផ្ទុយ​ស្រឡះពីមេដឹក​នាំគណ​បក្ស​ប្រឆាំង ដែល​យកបញ្ហាបោះ​បង្គោលខណ្ឌ​សីមា​ជា​មួយ វៀត​ណាមមកធ្វើជំនួញ​នយោបាយដើម្បី​ស្វែង​រក​ប្រជាប្រិយ​ភាពផ្ទាល់​ខ្លួន​នោះ​ សម្តេចអគ្គមហា សេនា​បតីតេ​ជោ​ ហ៊ុន​ សែន មិនមែន​ជា​មេដឹក​នាំ​ប្រជាជាតិ​ខ្មែរ​ ដើម្បីស្វែង​រក​ប្រជាប្រិយ​ភាព ផ្ទាល់ខ្លួន​នោះ​ទេ។ រួមជាមួយថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុងការ​រំដោះ​ជាតិពី​បន​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម​ សម្តេច​តេជោ​ បានដឹកនាំការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​ដោយ​យុទ្ធសា​ស្ត្រ​ឈ្នះ​-​ឈ្នះរបស់​សម្តេច​ កសាង​​​ប្រទេស​ឱ​្យមានស្ថិរភាព រក្សាសុខ​សន្តិ​ភាព​ជាតិ​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ដែលប្រជា​ជាតិ​ទាំង​មូល​កំពុង​ទទួល​ផ្លែផ្កា មានអ្វីៗដូច​ពេល​នេះ ។

​ជាក់​ស្តែង​ក្នុងពេល​ថ្មីៗ​កន្លងមក​នេះ គោល​នយោ​បាយ​លុបឡូ​ត៍នេសាទ​ និង «​គោលនយោ​បាយចាស់​សកម្មភាពថ្មី​លើបញ្ហាដីធ្លី​» ដែល​កំពុង​តែត្រូវបាន​អនុវត្តយ៉ាង​សកម្មនេះ​ គឺសុទ្ធ​តែ​សំដៅលើក​កម្ពស់​កម្រិតជីវ​ភាព លុបបំបាត់​ភាព​ក្រីក្ររបស់ប្រជា​ជន​ សុខុដុមនីយកម្ម​សង្គម ជំរុញ​ការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចជាតិ ឆ្ពោះ​ទៅ​បង្កលក្ខណសម្បត្តិក្នុង​ការ​ពង្រឹងស្ថិរភាព សុខសន្តិភាព​ ឱ្យប្រជា​ជាតិ​យើង ។

​រីឯ​ការ​សន្យា​ដាក់​ធ្មេញ ​បញ្ជូន​មេឃុំ​ទៅ​អាមេរិក​ និងដកតម្រុយ​បង្គោល​ព្រំដែន​របស់ មេដឹក​នាំបក្ស​ប្រឆាំងមិនអាច​សង្គ្រោះ​ជាតិ​បាន​ទេ គឺជាការធ្វើប្រជា​ភិថុតបោក​ប្រាស់ ដើម្បីតែ ប្រជា​ប្រិយភាព​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ក៏ដូច​គ្នា​នេះ​ដែរ​ ការយកបញ្ហាទឹកដី​មក​ធ្វើដើម​ទុន​ក្នុង ជំនួញ​នយោ​បាយ​របស់​ពួក​គេ ​មានតែ​នាំ​​ឱ្យ​បាត់​បង់ឧត្តម​ផលប្រយោជន៍ជាតិ​តែប៉ុណ្ណោះ​ ដូច សម្តេចតេជោ​ លោកបានព្រមានយ៉ាងច្បាស់ថា «​ការលើក​យក​បញ្ហាទឹក​ដីមកធ្វើអាជីវ​កម្ម នយោ​បាយបណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ការបំផុស​អរិ​ភាព​ជាតិ​សាសន៍នាំ ឱ​​្យ​មាន​ជម្លោះ​រវាងប្រទេស បង្ក​ឱ្យ​មាន​អស្ថិរ​ភាពជាតិ​ ហើយមានតែនាំឱ្យ​ប្រទេស​ជាតិ​វិនាស​ហិន​ហោច​តែប៉ុណ្ណោះ» ។

ព្រឹត្តិការណ៍​ជាប្រវត្តិ​សាស្ត្រខាង​លើ​នេះ បាន​បញ្ជាក់យ៉ាង​ច្បាស់​ថា​ គ្មានអានុភាពណា​ខ្លាំង​ជាង​ការដឹក​នាំប្រកប​ដោយ​វីរ​ភាព​ស្នេហា​ជាតិ​ឧត្តុង្គ​ឧត្តមរបស់​សម្តេចតេជោ ហ៊ុន​ សែន បាន​ឡើយ​។ អ្វីៗដើម្បី​លើកស្ទួយ​ផលប្រយោជន៍​ជា​អាយុ​ជីវិត​ជាតិ​ អ្វីៗដើម្បី​ភាព​សម្បូរ​សប្បាយ​របស់​ប្រជាជន អ្វីៗដើម្បីរក្សា​ស្ថិរភាព​ សន្តិភាព និង​ការអ​ភិវឌ្ឍ​ឈាន​ឡើង​ គឺជាប្រេងឥន្ធនៈមិន​ចេះ​រីងស្ងួត​សម្រាប់បញ្ឆេះ​ចលនា​ប្រជា​ជាតិ​យើង​ឱ្យ​ផុស​អណ្តែតឡើង​ ។​ ថាមភាពនៃចល​ករដ​៏ខ្លាំង​ក្លានេះ​ មិនអាច​រារាំង​បាន​ឡើយ ហើយ​និង​ស្ថិតនៅយូរ​អង្វែង​តទៅ​ ព្រោះប្រជាជាតិ ទាំង​មូលចង់​បានការដឹក​នាំដ៏មាន​ប្រសិទ្ធភាព ហើយ​ដែលនាំមកនូវ​ការកែប្រែមុខ​មាត់​ប្រទេស​ជាតិយើងដូច​ពេល​នេះ​ជារៀង​រហូត​ទៅ​ ។ នេះ​ហើយ​ជាចលករដ៏ខ្លាំង​ក្លានៃសម័យ​តេជោ​សែន ដែល​នឹងនៅស្ថិត​ស្ថេរគង់​វង្ស​យូរ​អង្វែង​ ដូច​ដែល​ធ្លាប់កើត​មាននៅ​ជប៉ុន​ និងកំពុង​កើត​មាន​ក្នុង​ប្រទេស សិង្ហបុរី ដែរ ។

​ប្រទេស​ជប៉ុន​ជាមហាអំណាច​សេដ្ឋកិច្ច និង​ជាប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​ចាស់ទុំជាង​គេនៅ​អាស៊ីខាង​កើត ត្រូវបានដឹក​នាំដោយ​គណ​បក្ស​អិលឌីភី​ (LDP) អស់រយៈពេល​៦០ឆ្នាំ​ចាប់​តាំងពី​ក្រោយសង្គ្រាម​លោក​លើកទី​២ រហូត​មក​ដល់ឆ្នាំ​២០០៩​ ព្រោះប្រជាជន​ចង់​បាន​ ។​ លើក​លែង​​តែ​ប្រទេស​អ្នកមាន​ដោយ​សារ​ប្រេងកាត​ចេញ ប្រទេស​សិង្ហបុរី​ ជាប្រទេសតែមួយ​គត់ក្នុង លោក​ដែល​មាន​សេដ្ឋកិច្ចរីកចម្រើន​ស្មើនឹង​បស្ចិម​ប្រទេស ត្រូវបានដឹក​នាំដោយ​គណ​បក្សភីអេភី (PAP) របស់​លោកអតីត​នាយ​ករដ្ឋមន្ត្រី​ លីក្វាង​យូ តាំង​ពីឆ្នាំ​១៩៥៩​ រហូតមកក៏ដោយ​សារ​ប្រជា​ជន​ចង់​បាន​ និងនៅ​ត្រូវការ​ ។​ មិនខុស​អ្វីពីប្រជា​ជាតិ​នានា​ក្នុងពិភព​លោកដែរ​ ប្រជាជាតិយើង ទាំងមូល​ដែល​ចង់​បាន​ការ​រីក​ចម្រើន​ដូច​ជប៉ុន និង​សិង្ហបុរី ប្តូរផ្តាច់គាំ​ទ្រការ​ដឹកនាំប្រកប​ដោយ​គតិបណ្ឌិត​របស់គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ ដើម្បី​ក​សាង​ប្រទេស​ជាតិ​យើង​ឱ្យ​ឈាន​ឡើងជារៀង​រហូត​យូរ​អង្វែងតទៅ ៕

 

អេង យេង 
ទី​ប្រឹក្សា​​អម​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​