រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល(ACE) ដែលជាសាលាដំណើរការអស់រយៈពេលយូរជាងគេ និង ឈានមុខគេនៅកម្ពុជាក្នុងការបង្រៀនភាសាអង់គ្លេស បានបើកសាខាទី២នៅរាជធានីភ្នំពេញដែលនេះគឺជាសាខាទី៣ នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការភាសាអង់គ្លេសរបស់ប្រជាជនកម្ពុជា ។
ពិធីសម្ពោធបើកសាខាថ្មីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥កក្កដា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ Penny Richards ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និង លោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងតំណាងមកពីសាកលវិទ្យាល័យ និងស្ថាប័នអប់រំនានារបស់ប្រទេស អូស្រ្តាលី មន្រ្តីនៃក្រសួង ស្ថាប័ននានា នាយកសាលា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយចំនួន ព្រមទាំងតំណាងមកពីស្ថានទូត អូស្រ្តាលីផងដែរ។ សាខាសាលា ACEថ្មីនេះមានទីតាំងនៅ សន្ធរម៉ុក ប៉ែកខាងលិចនៃរាជធានីភ្នំពេញ។ មកទល់ពេលនេះសាលាACE មាន៣សាខារាប់បញ្ចូលទាំងសាខាសាលាACEនៅខេត្តសៀមរាប ហើយសាលាក៏មានគម្រោងបើកដំណើរការសាខាACE មួយទៀតនៅរាជធានីភ្នំពេញនាចុងឆ្នាំ២០១៣ ។
លោកម៉ៅ ស្រេង ដែលជា IDPប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជាភាសាអង់គ្លេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹងផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល ដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មក្នុងតំបន់។ លោកបានបន្តទៀតថា ក្នុងរយៈពេល២០ឆ្នាំនេះ មានសិស្ស និស្សិតប្រមាណ៥៥.០០០នាក់ បានទទួលការអប់រំផ្នែកភាសាអង់គ្លេសពីសាលា ACE ដែលនេះបានបង្ហាញឱ្យឃើញពីការអភិវឌ្ឍធនធានមនុស្សដ៏សំខាន់សម្រាប់កម្ពុជា ។
ការបើកសាខាសាលាACE ទី៣ជាផ្លូវការនេះក៏ជួនគ្នានឹងរយៈពេល២០ឆ្នាំដែលសាខាសាលាACEទី១ ត្រូវបានបង្កើតឡើងនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ១៩៩២ ដើម្បីបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់ប្រជាជន កម្ពុជាដែលធ្វើការបម្រើដល់កងកម្លាំងUNTAC ក្នុងការជួយរក្សាសន្តិភាពដល់ប្រទេសកម្ពុជាបន្ទាប់ពីអស្ថិរភាពអស់រយៈពេលជិត២ទសវត្ស។
ដោយសារកំណើននៃតម្រូវការភាសាអង់គ្លេស សិស្សរបស់សាលាACE បានកើនឡើងជាលំដាប់ក្នុងរយៈពេល២០ឆ្នាំនេះ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ សិស្សរបស់ACE បានកើនឡើងរហូតដល់ប្រមាណ៧.៥០០នាក់។ សិស្សសាលាACEមានដូចជាកុមារ មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីនៅស្ថានទូត បុគ្គលិកនៅតាមសហគ្រាស និស្សិតទទួលបានអាហារូបករណ៍ត្រៀមទៅសិក្សានៅបរទេស និងជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា ។
លោកAndrew Thomson នាយកប្រតិបត្តិ IDP នៅទីក្រុងមែលប៊ន(Melbourne) ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា សាលា ACEនៅប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយ National ELT Accreditation Scheme (NEAS)នៅប្រទេសអូស្រ្តាលី ដោយធានានូវស្ដង់ដាខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ដែលទទួលស្គាល់ទូទាំងពិភពលោក។ លោកបានលើកឡើងទៀតថា ក្រៅពីការផ្តល់សេវាកម្មសុំពាក្យចូលរៀន ដែលមានការទទួលស្គាល់ជាសាកល ការផ្តល់សេវាកម្មធ្វើតេស្តភាសាអង់គ្លេសអន្តរជាតិ(IELTS) និងការគ្រប់គ្រងអាហារូបករណ៍នានា IDPមានមោទនភាពក្នុងការផ្តល់នូវការបណ្តុះបណ្តាលកម្រិតអន្តរជាតិនេះដល់ប្រជាជនកម្ពុជា ថែមទៀត ៕
ចែករំលែកព័តមាននេះ