លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ិក ធីរៈ ឯកទេសជំងឺសន្លាក់ និងបាក់បែកឆ្អឹងនៃគ្លីនិកឯកទេសឆ្អឹងសំណង់១២ បានប្រាប់កោះសន្តិភាពឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺរលាកសន្លាក់ជង្គង់ គឺមានច្រើនប្រភេទដូចជា ៖
-ប្រភេទឈឺភ្លាមៗ ភាគច្រើនកើតមានចំពោះអ្នកហាត់កីឡាដែលច្រើនតែជួបទៅនឹងគ្រោះថ្នាក់រអិលជើងដួល ឬក៏អ្នកដែលមានការប៉ះទង្គិចជង្គង់ជាមួយវត្ថុរឹងផ្សេងៗ វាអាចធ្វើឱ្យឈឺភ្លាមៗ ព្រោះវាអាចមានការប៉ះទង្គិច ឬក៏ដាច់សរសៃពួរខ្វែងដែលអាចជួយទប់លំនឹងជង្គង់របស់យើង ឬក៏អាចធ្វើឱ្យបែកថាសនៅក្នុងជង្គង់របស់យើង ។
ពេលខ្លះការប៉ះទង្គិចដែលនាំឱ្យដាច់សរសៃទាំងនេះ គឺយើងមើលរំលងមិនបានទៅព្យាបាលឱ្យបានទាន់ពេលវេលា។ ជួនកាលនៅពេលដែលលោកអ្នកទៅមន្ទីរពេទ្យថតកាំរស្មីមួយចំនួនគឺមិនអាចមើលឃើញទាល់តែបាក់ឆ្អឹងទើបគេមើលឃើញ ដូច្នេះហើយយើងមិនដឹងថាវាមានការខូចខាតនៅក្នុងជង្គង់ទេ។
-ប្រភេទជំងឺសន្លាក់រ៉ាំរ៉ៃ ៖
បញ្ហានេះច្រើនតែមានការទាក់ទងទៅនឹងជំងឺផ្សេងៗដូចជា ជំងឺរលាកសន្លាក់ ហើមសន្លាក់ សឹកឆ្អឹងខ្ចីនៅលើជង្គង់ ជំងឺអាស៊ីតអ៊ុយរីចកើនឡើង ហើយលោកអ្នកចេះតែធ្វើចលនាមិនបានព្យាបាលឱ្យត្រឹមត្រូវ ធ្វើឱ្យជង្គង់របស់លោកអ្នកកាន់តែវិវឌ្ឍទៅមុខ គឺអាចនឹងធ្វើឱ្យខូចថែមទៀត ដែលសំខាន់គឺការខូចខាតទៅលើឆ្អឹងខ្ចីតែម្តង ហើយមនុស្សយើងកាលណាខូចឆ្អឹងខ្ចី គឺពិបាក
ព្យាបាលខ្លាំងណាស់ ។ចំពោះជំងឺសឹកឆ្អឹងខ្ចីគឺច្រើនតែកើតទៅលើមនុស្សដែលមានអាយុចាប់ពី៤០ទៅ៥០ឆ្នាំ ។ ក្នុងវ័យនេះជង្គង់ចាប់ផ្តើមមានការសឹកឆ្អឹងខ្ចីច្រើន ពីព្រោះតែការថែទាំសុខភាព និងការយល់ដឹងអំពីបញ្ហាសុខភាពនៅមានកម្រិត ។ នៅពេលដែលអ្នកជំងឺមានអាការឈឺជង្គង់ មានការប៉ះទង្គិចតាំងពីក្មេង គឺគាត់មិនសូវយកចិត្តទុកដាក់ទេ គ្រាន់តែទៅទិញថ្នាំយកមកលេប ហើយអាការមានការធូរស្បើយគាត់ក៏លែងខ្វល់។
បញ្ហាឈឺជង្គង់ អ្នកជំងឺមិនបានដឹងថាមានបញ្ហាអ្វីឱ្យពិតប្រាកដទេ ដូចជាអ្នកលេងកីឡា កាលណាដែលគាត់រអិលដួល ឬក៏មានការប៉ះទង្គិចនោះ នៅពេលដែលលោកអ្នកទៅថតកាំរស្មីគឺមិនអាចមើលឃើញទេ ។ នៅពេលលោកអ្នកមើលឃើញ គឺលោកអ្នកក៏មិនបានចាប់អារម្មណ៍ដែរ ដូច្នេះបើសិនជាមានការដាច់ថាស ឬក៏ដាច់សរសៃពួរនោះ គឺអាចធ្វើឱ្យជង្គង់បាត់បង់លំនឹង ហើយឆ្អឹងខ្ចីចាប់ផ្តើមសឹកខូចម្តងបន្តិចៗ ។ បើសិនជាលោកអ្នកមិនបានថែទាំបានល្អ ការខូចខាតនោះកាន់តែធ្ងន់ទៅៗ ត្រឹមតែអាយុ៤០ឆ្នាំទៅ៥០ឆ្នាំ ជង្គង់ចាប់ផ្តើមសឹកឆ្អឹងខ្ចីអស់តែម្តង ដែលភាគច្រើននៅពេលគ្រូពេទ្យថតមើលទៅអាចមានឃើញដូចជាដុះបន្លាស្រួចៗកន្លែងផ្ទៃសន្លាក់ចង្អៀតចូលគ្នា នេះគឺជាការសឹកឆ្អឹងខ្ចី ។
ជាការពិតណាស់ជំងឺរលាកសន្លាក់ក៏អាចកើតមានចំពោះមនុស្សវ័យជំទង់ផងដែរ អាចកើតមានច្រើនដូចជាពពួករ៉ូម៉ាទីស ជាពិសេសច្រើនតែនៅលើក្មេងស្រីវ័យជំទង់ ។ កាលណាកើតមានជំងឺសន្លាក់ ហើយមិនបានព្យាបាលឱ្យបានត្រឹមត្រូវ ជង្គង់នឹងចាប់ផ្តើមវិវឌ្ឍទៅជាខូច និងសឹកឆ្អឹងខ្ចីអស់ដល់ទៅថ្ងៃក្រោយជង្គង់ប្រើលែងកើត ។
ទាក់ទងទៅនឹងអាស៊ីតអ៊ុយរិចក៏ឃើញកើតមានច្រើនដែរ ពីព្រោះអាស៊ីតអ៊ុយរិចអាចបង្កទៅជាបញ្ហាទៅជាជំងឺ «ហ្គោត» ដែលគេហៅថាជាជំងឺអ្នកមាន ដោយសារតែទាក់ទងទៅនឹងរបបអាហារ ។ នៅពេលដែលកើតមានជំងឺនេះ ហើយលោកអ្នកមិនបានព្យាបាល និងថែទាំសុខភាពឱ្យបានត្រឹមត្រូវអាចធ្វើឱ្យខូចឆ្អឹងខ្ចី ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ីក ធីរៈ បានបន្ថែមទៀតថា ជំងឺសន្លាក់ជង្គង់ក្រៅពីមានអាការឈឺចាប់ហើយនោះ គឺនៅមានរោគសញ្ញាជាច្រើនទៀតដូចជាហើមជង្គង់ ថយចុះរង្វង់ចលនារបស់ជង្គង់ ។ ជួនកាលអ្នកលេងកីឡានៅពេលឈរមានអារម្មណ៍ថាដូចជាទន់ជង្គង់ នេះគឺជារោគសញ្ញាផ្សេងៗដែលពាក់ព័ន្ធទៅនឹងការឈឺជង្គង់ ។
ចំពោះអ្នកដែលកើតមានជំងឺរ៉ូម៉ាទីស គឺអាចមានអារម្មណ៍ថាក្តៅខ្លួនស្រៀវស្រាញ ។ ចំណែកអ្នកជំងឺរលាកសន្លាក់ដែលកើតឡើងពីអាស៊ីតអ៊ុយរិចវិញពេលហើមខ្លាំងជួនកាលក្រម៉របស់អាស៊ីតអ៊ុយរិចដែលតោងនៅជាប់សន្លាក់ អាចធ្លាយចេញមកក្រៅ ដែលមានសភាពដូចជាខ្ទុះ តែតាមពិតមិនមែនខ្ទុះទេ ។
អាស៊ីតអ៊ុយរិចដែលធ្លាយចេញមកក្រៅដូចជាខ្ទុះនេះ គឺមិនសូវជាមានទេ ប៉ុន្តែបើមានច្រើនតែកើតនៅនឹងត្រមែងមេជើង ដែលមានរហូតដល់ទៅ៥០% ដែលវាអាចធ្លាយខ្ទុះចេញមកខាងក្រៅ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ីក ធីរៈ ឱ្យដឹងថា «ជង្គង់គឺសំខាន់ណាស់សម្រាប់ទ្រទម្ងន់របស់មនុស្សយើង ដូច្នេះបើសិនជាលោកអ្នកមិនបានថែទាំឱ្យបានល្អទេ អាចបណ្តាលឱ្យមានការវិវឌ្ឍទៅមុខ គឺអាចធ្វើឱ្យអ្នកអាចមានផលប៉ះពាល់ជាច្រើនដូចជាឈឺជង្គង់ជាប់ជានិច្ច ការធ្វើដំណើរគឺមិនបានស្រួលជាដើម ។ ឧទាហរណ៍ បើសិនជាអ្នកជំងឺខូចជង្គង់ខាងស្តាំ ទម្ងន់ខ្លួនរបស់អ្នកជំងឺតែងតែផ្ទេរទៅខាងឆ្វេង ដែលធ្វើឱ្យទម្ងន់បាត់តុល្យភាព គឺមានបន្ទុកធ្ងន់លើជើងឆ្វេង ។ ដូច្នេះទៅថ្ងៃក្រោយអាចធ្វើឱ្យជង្គង់ខាងឆ្វេងមានបញ្ហាតទៅទៀតបាន ហើយក៏អាចធ្វើឱ្យមានបញ្ហាទៅលើឆ្អឹងខ្នងតទៅទៀតដែរ» ។
ចំពោះជង្គង់កាលណាខូចឆ្អឹងខ្ចីខ្លាំងទៅៗ គឺពិបាកណាស់ក្នុងការព្យាបាល ការស្តារមកវិញនូវកម្រាស់ឆ្អឹងខ្ចី ដូច្នេះចុងក្រោយមានតែការប្តូរសន្លាក់ឆ្អឹងខ្ចីចេញ ។ ការប្តូរសន្លាក់នេះ គឺមានតម្លៃថ្លៃណាស់រហូតដល់ជាង១ម៉ឺនដុល្លារឯណោះ ដូច្នេះអ្នកក្រមិនមានលទ្ធភាពទេ ។ បើសិនជាយើងបានដឹងពីដំបូង ឬក៏ដឹងភ្លាមៗថាយើងកើតមានជំងឺរលាកសន្លាក់វាជាការប្រសើរបំផុតនៅក្នុងការព្យាបាល ។ ឧទាហរណ៍បើសិនជាអ្នកលេងកីឡា ឬក៏ក្មេងជំទង់រអិលជើងដួល ឬក៏ប៉ះទង្គិចជាមួយវត្ថុអ្វីមួយនោះធ្វើឱ្យគាត់ដាច់សរសៃពួរ ឬក៏ដាច់ថាសនៅក្នុងជង្គង់ ត្រូវទៅធ្វើរោគវិនិច្ឆ័យឱ្យដឹងទាន់ពេលវេលា នោះការព្យាបាលគឺមានប្រសិទ្ធភាព។ បើសិនជាដាច់ថាសគ្រូពេទ្យនឹងចៀរថាសឱ្យស្អាតឡើងវិញ បើសិនជាដាច់សរសៃពួរដែលខ្វែងនៅក្នុងជង្គង់គ្រូពេទ្យនឹងតឡើងវិញដើម្បីធ្វើឱ្យជង្គង់មានលំនឹង ហើយមិនធ្វើឱ្យមានការសឹកឆ្អឹងខ្ចីទេ ។
ចំណែកការព្យាបាលទាក់ទងទៅនឹងជំងឺរ៉ូម៉ាទីស ឬជំងឺអាស៊ីតអ៊ុយរិចវិញនោះ កាលណាដែលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យដឹងទាន់ពេលវេលា ហើយគ្រូពេទ្យនឹងព្យាបាលបូករួមទៅនឹងការប្រើប្រាស់ថ្នាំទៀតនោះ វាមិនបង្កឱ្យកើតមានបញ្ហាហើម ឬក៏មានខ្ទុះទេ ។ក្រៅពីនេះបើសិនជាមានសឹកឆ្អឹងខ្ចីដំណាក់កាលដំបូង ក្រៅពីការព្យាបាលដោយការប្រើប្រាស់ថ្នាំ គេក៏អាចព្យាបាលដោយការវះកាត់ទៅលើសន្លាក់ជាច្រើនកន្លែងដូចជាជង្គង់ ស្មា កជើង ទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ហើយការព្យាបាលប្រភេទនេះគឺមានប្រសិទ្ធភាពឆាប់ជាសះស្បើយ និងមិនមានផលប៉ះពាល់អ្វីដោយសារការវះកាត់ទេ ៕
ចែករំលែកព័តមាននេះ