ជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារ(Peptic Ulcers) គឺរបួសដែលកើតមាននៅផ្នែកខាងក្នុងនៃបំពង់រំលាយអាហារក្រពះ ហើយនឹងផ្នែកខាងលើនៃពោះវៀនតូចរបស់អ្នក ។ រោគសញ្ញាដ៏ចំបងនៃជំងឺនេះគឺឈឺចាប់ក្នុងពោះ ។Peptic Ulcersដែលកើតមាននៅក្នុងក្រពះហៅថា ដំបៅក្រពះ ( Gastric Ulcers)ខណៈ Peptic Ulcersកើតមាននៅក្នុងបំពង់រំលាយអាហារជាទីដែលអាហារត្រូវបានបញ្ជូនពីបំពង់កទៅកាន់ក្រពះហៅថា ដំបៅបំពង់រំលាយអាហារ ( Esophageal Ulcers)។ ចំណែក Peptic Ulcersដែលកើតមាននៅក្នុងផ្នែកខាងលើនៃពោះវៀនតូចហៅថា រលាក.ក ក្រពះ ( Duodenal Ulcers) ។
វាជាអភូតហេតុមួយដែលថា អាហារឬការងារតានតឹងខ្លាំងអាចជាមូលហេតបង្កឱ្យកើតជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារ។ ក្នុងពេលបច្ចុប្បន្ននេះ បណ្តាវេជ្ជបណ្ឌិតបានដឹងថា ជំងឺប្រភេទនេះភាគច្រើនបំផុតកើតមានដោយសារមេរោគឆ្លងមួយប្រភេទ ឬក៏ការប្រើប្រាស់ឱសថមួយចំនួន ។
* រោគសញ្ញាមួយចំនួន ៖
ការឈឺចាប់គឺជារោគសញ្ញាដ៏សាមញ្ញបំផុតនៃជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារ ។ ការឈឺក្តៅឈួលក្នុងពោះ(ជាពិសេសនៅបរិវេណក្រោមចុងដង្ហើមនិងកាំជំនីរផុត)គឺជារោគសញ្ញាដ៏សាមញ្ញបំផុតរបស់ជំងឺនេះ ។ ការឈឺចាប់នេះត្រូវបានបង្កឡើងដោយការដំបៅ ហើយដែលធ្វើឱ្យកាន់តែឈឺខ្លាំងនៅពេលក្រពះបញ្ចេញទឹកអាស៊ីដប៉ះចំកន្លែងដែលដំបៅរលាក ។ ប្រភេទនៃការឈឺចាប់អាច ៖
– ចាប់ពីផ្ចឹតឡើងទៅដល់ឆ្អឹងទ្រូង
– កាន់តែធ្ងន់ឡើងនៅពេលក្រពះទទេ(មិនទាន់ទទួលទានអាហារ)
– កញ្ជ្រោលឡើងនៅពេលយប់
– ត្រូវបានធូរស្បើយជាបណ្តោះអាសន្នដោយការទទួលទានអាហារដែលរំលាយអាស៊ីដក្រពះ ឬដោយការលេបថ្នាំបន្ថយជាតិអាស៊ីដ ។
– រលាយបាត់ហើយបន្ទាប់មកត្រឡប់មកវិញរយៈពេល២ទៅ៣ថ្ងៃ ឬជាច្រើនសប្តាហ៍ ។
+ អាការរោគផ្សេងទៀត៖
ម្តងម្កាល ការរលាកដំបៅនេះអាចបញ្ចេញជារោគសញ្ញាធ្ងន់មានដូចជា ៖
– ក្អួតចេញឈាម
– មានឈាមពណ៌ខ្មៅជាប់លាមក ឬក៏លាមកមានពណ៌ខ្មៅ
– ការខ្ពើមរអើមឬក៏ក្អួត
– ចុះទម្ងន់ដែលមិនអាចពន្យល់បាន
- ផ្លាស់ប្តូរការឃ្លានចំណីអាហារ
*មូលហេតុមួយចំនួននៃការកើតមានជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារ ៖
ជំងឺនេះកើតមាននៅពេលដែលអាស៊ីដនៅក្នុងបំពង់រំលាយអាហារបំផ្លាញផ្ទៃខាងក្នុងរបស់បំពង់អាហារ ក្រពះ ឬពោះវៀនតូច ។ អាស៊ីដនេះអាចបង្កើតជាដំបៅដ៏ឈឺចុកចាប់ ហើយដែលដំបៅនេះអាចចេញឈាមបាន ។
តាមធម្មតាបំពង់រំលាយអាហាររបស់អ្នកត្រូវបានស្រោបដោយស្រទាប់ស្លេស្មរំអិលដែលមានសមត្ថភាពទប់ទល់នឹងអាស៊ីដ ។ ប៉ុន្តែបើបរិមាណអាស៊ីដកើនឡើង ចំនួនស្លេស្មរំអិលក៏ថយចុះដែរ។ នោះជាពេលដែលអ្នកកើតមានដំបៅ។ ទោះជាយ៉ាងនេះក្តី មានមូលហេតុចំបងមួយចំនួនទៀតដែលនាំទៅរកការរលាកដំបៅក្រពះនិងពោះវៀន ក្នុងនោះមានដូចជា ៖
– រលាកបណ្តាលមកពីមេរោគ ៈ ហេតុផលនៃការរលាកដំបៅក្រពះពោះវៀនដ៏សាមញ្ញបំផុតនាពេលបច្ចុប្បន្នគឺបណ្តាលមកពីមេរោគមួយប្រភេទមានរាងដូចជាប្រដាប់ខួងឆ្នុកដបឈ្មោះ Helicobacter pylori ដែលពីមុនគេហៅថា Campylobacter pyloridis ។ មេរោគនេះរស់នៅដោយសាមញ្ញ និងបង្កើតកូនពូនជាចៅនៅក្នុងស្រទាប់ស្លេស្មរំអិលដែលមាននាទីគ្របដណ្តប់និងការការពារជាលិការបស់ក្រពះនិងពោះវៀនតូច។ ជារឿយៗមេរោគHelicobacter pyloriមិនបង្កជាបញ្ហាអ្វីទេ ប៉ុន្តែជួនកាល វាអាចរំខានដល់ស្រទាប់ស្លេស្មរំអិលនិងធ្វើឱ្យរលាកផ្ទៃខាងក្នុងរបស់ក្រពះ ឬកពោះវៀនតូចរបស់អ្នកបង្កើតបានជាដំបៅ ។ វាមិនទាន់ច្បាស់ថាតើមេរោគនេះឆ្លងរាលដាលដោយរបៀបណាទេ ។ វាប្រហែលជាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការកៀកកើយ តួយ៉ាងដូចជាការថើបជញ្ជក់មាត់ជាដើម ។ ចំណុចមួយទៀត អស់លោកអ្នកអាចឆ្លងមេរោគនេះតាមរយៈអាហារនិងទឹកផងដែរ ។ ឈឺក្រពះរ៉ាំរ៉ៃដែលបង្កដោយមេរោគនោះ ហើយមិនព្យាបាលនិងនាំទៅរកជំងឺមហារីកជាពុំខាន ។
– ការប្រើប្រាស់ឱសថបំបាត់ការឈឺចុកចាប់ជាប្រចាំ ៈ ការប្រើឱសថបំបាត់ការឈឺចុកចាប់អាចធ្វើឱ្យក្រហាយ ឬរលាកផ្ទៃខាងក្នុងនៃក្រពះនិងពោះវៀនតូចរបស់អ្នក ។ ថ្នាំទាំងនេះរួមមាន Aspirin , Ibuprofen( Advil, Motrin….) , Naproxen (Aleve, Anaprox….)និង Ketoprofen….។ ជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារកើតមានជាធម្មតាលើមនុស្សវ័យចំណាស់ខណៈពួកគេទាំងនេះប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ច្រើនដើម្បីព្យាបាលជំងឺឈឺគន្លាក់ឆ្អឹង។ ប្រសិនជាអស់លោកអ្នកមានជំងឺរលាកក្រពះពោះវៀន ត្រូវតែផ្តល់ព័ត៌មាននេះដល់វេជ្ជបណ្ឌិតរបស់អ្នកពេលប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ ។ ប៉ុន្តែប្រភេទថ្នាំ Acetaminophen ( Tylenol….)មិនបណ្តាលឱ្យរលាកក្រពះពោះវៀនឡើយ ។
*កត្តាប្រឈមមួយចំនួន ៖
អ្នកអាចប្រឈមនឹងការកើតមានជំងឺរលាកប្រព័ន្ធផ្លូវរំលាយអាហារខ្ពស់ប្រសិនជាអ្នក៖
– ជក់បារី ៖ ការជក់បារីអាចបង្កើនអត្រាកើតជំងឺនេះ ជាពិសេសចំពោះអ្នកដែលបានឆ្លងមេរោគ Helicobacter pylori រួចហើយ ។
– សេព្វគ្រឿងស្រវឹង ៖ គ្រឿងស្រវឹងអាចធ្វើឱ្យរោលក្រហាយនិងសឹកស្រទាប់ស្លេស្មរំអិលរបស់ក្រពះ និងព្រមទាំងធ្វើឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន ។
– មានភាពតានតឹងចិត្តដែលមិនអាចគ្រប់គ្រងបាន ៖ បើទោះណា ភាពតានតឹងក្នុងចិត្តតែម្នាក់ឯងមិនមែនជាបុព្វហេតុនាំឱ្យរលាកក្រពះពោះវៀនក៏ដោយ តែវាក៏ជាផ្នែកជួយជម្រុញមួយផងដែរ ។
*ការព្យាបាលនិងឱសថ ៖
ការព្យាបាលជំងឺដំបៅរលាកប្រព័ន្ធផ្លូវរំលាយអាហារ(ក្រពះពោះវៀន)គឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រភេទថ្នាំអង់ទីប៊ីយ៉ូទិច(Antibiotics)ដើម្បីសម្លាប់មេរោគ Helicobacter pylori ហើយការប្រើឱសថផ្សេងទៀតគឺដើម្បីកាត់បន្ថយកម្រិតអាស៊ីដនៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកកាត់បន្ថយបាននូវការឈឺចាប់ និងជួយជម្រុញឱ្យឆាប់ជា ។ អ្នកអាចនឹងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចរយៈពេល២សប្តាហ៍ខណៈថ្នាំបញ្ចុះអាស៊ីដប្រហែលជា២ខែ ។
ប្រសិនជាជំងឺរបស់អ្នកមិនបណ្តាលមកពីមេរោគ Helicobacter pylori ទេនោះ អ្នកពុំចាំបាច់ប្រើប្រភេទថ្នាំសម្លាប់មេរោគនេះទេ ។ ជាជំនួសមកវិញ វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងធ្វើការព្យាបាលតាមស្ថានភាពពិតប្រាកដនៃជំងឺរបស់អ្នក ជាឧទាហរណ៍វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំបញ្ចុះកម្រិតអាស៊ីដដើម្បីធ្វើឱ្យដំបៅក្រពះរបស់អ្នកជាសះស្បើយ ។ អ្នកអាចនឹងត្រូវលេបថ្នាំប្រភេទនេះរយៈពេល២ខែឬច្រើនជាង ។ ខាងក្រោមនេះជាវិធីព្យាបាលជំងឺរបស់អ្នក ៖
– ប្រើឱសថអង់ទីប៊ីយ៉ូទិចដើម្បីសម្លាប់មេរោគ Helicobacter pylori ៖ ប្រសិនជាមេរោគនេះត្រូវបានរកឃើញនៅក្នុងបំពង់រំលាយអាហាររបស់អ្នក ចាំបាច់អ្នកត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចសម្លាប់មេរោគនេះ ។ នៅសហរដ្ឋអាមេរិក ថ្នាំអង់ទីប៊ីយ៉ូទិចដែលត្រូវបានចេញវេជ្ជបញ្ជាឱ្យព្យាបាល មេរោគHelicobacter pylori រួមមាន Amoxicillin, Clarithromycin (Biaxin), Metronidazole ( Flagyl)និង Tetracycline ។ ដូសដែលអ្នកប្រើប្រាស់គឺ២សប្តាហ៍ ។
– ប្រើពពួកថ្នាំដែលបញ្ឈប់ការផលិតអាស៊ីដនិងជម្រុញការជាសះស្បើយ(Proton-pump inhibitors) ៖ ពពួកឱសថទាំងនេះកាត់បន្ថយជាតិអាស៊ីដដោយចូលទៅបិទសកម្មភាពផ្នែកទាំងឡាយរបស់កោសិកាដែលផលិតអាស៊ីដ ។ ឈ្មោះឱសថទាំងនេះមានដូចជា Omeprazole( Prilosec), Lansoprazole(Prevacid), rabeprazole(Aciphex), Esomeprazole(Nexium)និង Pantoprazole(Protonix) ។ ប៉ុន្តែការប្រើប្រាស់ឱសថទាំងនេះរយៈពេលវែងឬក៏លើសដូសអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺពុកឆ្អឹងត្រគៀក ឆ្អឹងកដៃនិងឆ្អឹងខ្នង ។ តែការប្រឈមនេះអាចកាត់បន្ថយទៅវិញ ប្រសិនជាវេជ្ជបណ្ឌិតរបស់អ្នកប្រើប្រភេទថ្នាំប៉ូវកាល់ស្យូម ។
– ប្រើពពួកឱសថកាត់បន្ថយការផលិតអាស៊ីដ ៖ ឱសថទាំងនេះមានដូចជា Ranitidine (Zantac), Famotidine( Pepcid), Cimetidine ( Tagamet) និង Nizatidine (Axid) ។
– ប្រើថ្នាំ Antacids បន្សាបអាស៊ីដក្នុងក្រពះ៖ ថ្នាំនេះបានចូលទៅបន្សាបអាស៊ីដដែលមាននៅក្នុងក្រពះ ហើយអាចបន្ថយការឈឺចាប់បានភ្លាមៗ តែមានផលរំខានខ្លះៗដែលកើតមានដូចជា បណ្តាលឱ្យទល់លាមកឬរាក ។
– ប្រើពពួកឱសថដែលការពារស្រទាប់ក្នុងក្រពះនិងពោះវៀនតូចរបស់អ្នក ៖ ក្នុងករណីខ្លះ វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំដែលជួយការពារជាលិកាការពារក្រពះនិងពោះវៀនតូច។ ឱសថទាំងនោះមានដូចជា Sucralfate (Carafate) និង Misoprostol ( Cytotec ) ។
វិធីព្យាបាលដែលបានបង្ហាញខាងលើនេះគឺពិតជាមានប្រសិទ្ធភាពធ្វើឱ្យជំងឺតបស់អ្នកជាសះស្បើយ១០០% ។ ក្នុងករណីមិនជាទេនោះ អាចមកពីការវិនិច្ឆ័យរោគខុស ឬក៏ជំងឺរបស់អ្នកឈានដល់មហារីក ។
*វិធីទប់ស្កាត់២យ៉ាង ៖
– បង្ការខ្លួនអ្នកកុំឱ្យឆ្លងមេរោគ Helicobacter pylori ៖ វាមិនច្បាស់ទេថា តើមេរោគនេះឆ្លងយ៉ាងម៉េច តែមានភស្តុតាងមួយចំនួនដែលបង្ហាញថា វាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមអាហារនិងទឹក ។ អ្នកអាចការពារខ្លួនឯងជាជំហានៗដោយលាងដៃជាមួយសាប៊ូជាប្រចាំ និងទទួលទានអាហារដែលចំអិនត្រឹមត្រូវ ។
– ត្រូវប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពពួកថ្នាំបំបាត់ការឈឺចុកចាប់ ៖ បើជៀសមិនរួចអ្នកអាចប្រើថ្នាំនេះនៅពេលទទួលទានបាយរួចឬអាចពិភាក្សាជាមួយគ្រូពេទ្យឱ្យបន្ថយដូស។ ជៀសវាងការផឹកស្រានៅពេលដែលអ្នកកំពុងប្រើថ្នាំនេះ ៕
ចែករំលែកព័តមាននេះ