ខេត្តកំពង់ចាម ៖ យុវសិស្ស២នាក់ក្នុងចំណោម៣នាក់រៀននៅថ្នាក់ទី១០«C» នៃវិទ្យាល័យរណឫទ្ធិ-គន្ធបុប្ផា បានរងរបួសធ្ងន់ក្នុងខណៈពេលជិះម៉ូតូស្គូពីដើរលេង ហើយរងការបាញ់ប្រហារ ១គ្រាប់ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ប្រើកាំភ្លើងខ្លីម៉ាកឡុក ជិះម៉ូតូស្នាស់រីវ៉ូមួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៥ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ។ ជនរងគ្រោះត្រូវបានសាច់ញាតិនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានី ភ្នំពេញ ។ ចំណែកខ្មាន់កាំភ្លើងវិញ ជិះម៉ូតូរត់គេចខ្លួនបាត់ រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១៧ មិថុនា សមត្ថកិច្ចនៅតែពុំទាន់វែកឃើញមុខនៅឡើយ ។
តាមយុវសិស្សរងគ្រោះឈ្មោះឌឹម ម៉េងហុង អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ បានឱ្យដឹងថា រូបគេត្រូវរបួសខ្នងផ្នែកខាងស្តាំ និងឈ្មោះប្រាក់ វណ្ណី អាយុ១៩ឆ្នាំ រៀនថ្នាក់ជាមួយគ្នា ត្រូវ១គ្រាប់ចំបោះដៃផុតធ្លាយមកគល់ដោះខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ចំណែកអ្នកទី៣ អង្គុយក្រោយគេឈ្មោះភី វណ្ណៈ អាយុ១៧ឆ្នាំ សំណាងល្អមិនមានរងរបួស ។
យុវសិស្សម៉េង ហុង រៀបរាប់ថា នៅពេលមុនកើតហេតុនាវេលាម៉ោងប្រហែលជា៦និង២០នាទីល្ងាចថ្ងៃទី១៥ មិថុនា រូបគេបានជិះម៉ូតូស្គូពីឌុបមិត្តភក្តិ២នាក់ចេញពីសាលារៀនចិន ស្ថិតនៅក្បែរផ្សារព្រៃទទឹង តាមផ្លូវជាតិលេខ៧ ក្នុងគោលបំណងទៅដើរលេងនៅភូមិខ្វិតធំក្នុងទិសដៅពីកើតទៅលិច ។ ស្របពេលកំពុងជិះនោះ ក៏មានម៉ូតូស្មាស់រីវ៉ូ មួួយគ្រឿងជិះគ្នា២នាក់ស្របទិសគ្នាបានយកចន្ទល់ម៉ូតូអូសទៅនឹងថ្នល់បែកផ្កាភ្លើង ហើយថែមទាំងជេរបញ្ចោរនូវពាក្យអសុរោះមកលើរូបគេទៀត តែគេមិនបានជេរតបទេ ។
ប្រភពដដែលបន្តទៀតថា លុះមកដល់កន្លែងមួយដែលសម្បូរដោយដើមអាកាស្យាដុះអមសងខាងផ្លូវជាតិក៏ឃើញអ្នកដែលជិះម៉ូតូស្មាស់រីវ៉ូពីខាងក្រោយទាញយកកាំភ្លើងពីចង្កេះមកកាន់សំញែង ។ ដោយខ្លាចមានបញ្ហា ពួកគេក៏ជិះម៉ូតូត្រឡប់មកក្រោយវិញសំដៅមកផ្ទះតែត្រូវជនទាំង២នាក់នោះ ដែលមានអាយុប្រហែលជាង២០ឆ្នាំ បានជិះម៉ូតូដេញហើយដកកាំភ្លើងខ្លីបាញ់សំដៅមកលើពួកគេមួយគ្រាប់ ជាហេតុបណ្តាលឱ្យត្រូវអ្នកកណ្តាលគេឈ្មោះវណ្ណី ហើយគ្រាប់កាំភ្លើងនោះបានធ្លាយមកត្រូវខ្នងរបស់គេ(ម៉េង ហុង) ផ្នែកខាងស្តាំ ។
ក្រោយពីបាញ់ហើយពួកខ្មាន់កាំភ្លើង២នាក់នោះក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ ។ យុវសិស្សរងគ្រោះនិយាយថា តាមមើលមុខមិនមែនជាអ្នកស្រុកព្រៃឈរទេ និងមានពាក់មួកចាក់ធ្វើអំពីអំបោះដូចមួកស្ត្រីកូនខ្ចី ។
លោកវរសេនីយ៍ត្រីកែវ ស៊ាងហ៊ន់ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ថ្លែងថា ក្រោយពីហេតុការណ៍បាញ់ប្រហារនេះ រូបលោកបានដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុទាំងយប់ តែដោយសារមេឃងងឹតរកមិនឃើញនោះទេ រហូតមកដល់ព្រឹកថ្ងៃទី១៦ មិថុនា សមត្ថកិច្ចក្រោមឱវាទបានចុះទៅទីនោះម្តងទៀត ស្ថិតនៅភូមិអំពិលធំ ឃុំខ្វិតធំ ក៏បានប្រទះឃើញសម្បកគ្រាប់កាំភ្លើងខ្លីម៉ាកឡុក ដែលអ្នកធម្មតាមិនមានប្រើទេ ព្រោះអាវុធនេះមានតម្លៃពី៣.៥០០ ទៅ៤.០០០ដុល្លារ ។
មានការកត់សម្គាល់ថា មុនពេលកើតហេតុ៣ថ្ងៃ ក្រុមអ្នករងគ្រោះបានបង្កជម្លោះដេញកាប់គ្នា នៅភូមិដូនដីកន្លែងលេងបាល់ តែមិនមាននរណាម្នាក់រងគ្រោះទេ ។ ម្យ៉ាងទៀតសូម្បីតែសមត្ថកិច្ចសួរនាំអ្នករងគ្រោះជាសិស្សនេះក៏មានការលាក់លៀមដែរ ទើបធ្វើឱ្យពិបាកតាមវែកមុខរកខ្មាន់កាំភ្លើងនិងមានការយឺតយ៉ាងមួយជំហាន បើសិនជាមានប្រភពច្បាស់ពីជនបង្កនោះ ខ្មាន់កាំភ្លើងអាចមិនគេចរួចពីសំណាញ់ច្បាប់បានឡើយ ៕


ចែករំលែកព័តមាននេះ