ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្សក្មេង-ចាស់ ប្រុស-ស្រី១០នាក់ ចំនួន៤គ្រួសារ នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង បានរាករូស និងក្អួតចង្អោរ បន្ទាប់ពីពួកគាត់ហូបខ្ចៅស្ងោរ(ខ្ចៅដូងទន្លេ) រួចមក ដែលខ្ចៅនោះគាត់បានទិញពីអ្នកដើរលក់ក្នុងភូមិ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ មិថុនា ហើយមូលហេតុដែលនាំឱ្យពួកគាត់រាករូស ក្អួតចង្អោរនោះត្រូវគេសង្ស័យថា មកពីពុលខ្ចៅស្ងោរដែលពួកគេបានហូបនោះ ។
ជាទូទៅគេមិនដែលឮថា ខ្ចៅដូងហូបទៅពុលទេ ព្រោះគេធ្លាប់ហូបស្ទើរគ្រប់គ្នា ធ្លាប់តែឮថាពុលត្រីក្រពត និងខ្យងថៃជាដើម ប៉ុន្តែគេសង្ស័យថា ក្រែងលោអ្នកស្ងោរខ្ចៅនោះយកទឹកមានសារធាតុពុលទៅស្ងោរ ទើបបណ្តាលឱ្យពុលបែបនេះ ។ ក្រោយពេលមានហេតុការណ៍នេះកើតឡើង ប៉ូលិសព្រហ្មទណ្ឌស្រុកស្អាងបានចុះទៅធ្វើការត្រួតពិនិត្យលើករណីនេះហើយសន្និដ្ឋានថា អ្នកទាំងនោះបានពុលខ្ចៅស្ងោរ ។ មន្ត្រីប៉ូលិសបានឱ្យដឹងថា មានអ្នកភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ក្មេង ចាស់ ប្រុសស្រីជាង១០នាក់ ចំនួន៤គ្រួសារបានរាករូសក្អួតចង្អោរនៅវេលាម៉ោង១១យប់ថ្ងៃទី៧ មិថុនា ។ អ្នកទាំងនោះត្រូវបានក្រុមគ្រួសារហៅគ្រូពេទ្យតាមភូមិមកព្យាបាលដល់ផ្ទះរៀងៗខ្លួន ដោយព្យូរសេរ៉ូម ចាក់ថ្នាំជាដើម និងពុំមានអ្នកណាម្នាក់ស្លាប់ឡើយ រហូតដល់ព្រឹកថ្ងៃទី៨ មិថុនា អ្នកទាំងនោះបានធូរស្បើយឡើងវិញហើយ ។
ជនរងគ្រោះម្នាក់ឈ្មោះខៀវ ខឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង បានឱ្យដឹងថា សមាជិកគ្រួសារគាត់៤នាក់ មានអាការរាករូសវិលមុខ និងក្អួតចង្អោរ បន្ទាប់ពីបានហូបខ្ចៅស្ងោរញាំជាមួយត្រសក់ ។ ខ្ចៅស្ងោរនោះគឺខ្ចៅដូង ខ្ចៅទន្លេដែលបានទិញពីអ្នកដើរលក់តាមភូមិកាលពីព្រឹកថ្ងៃទី៧ មិថុនា ហើយនៅវេលាម៉ោង១១ថ្ងៃត្រង់ យកខ្ចៅនោះមកចាក់យកសាច់ញាំជាមួយត្រសក់ហូបជាមួយបាយ លុះដល់ពេលយប់អ្នកដែលហូបក៏កើតអាការរាករូស ក្អួតចង្អោរខ្លាំងតែម្តង និងបានហៅគ្រូពេទ្យមកព្យាបាលដល់ផ្ទះ ។ គាត់សង្ស័យថា បណ្តាលមកពីពុលខ្ចៅស្ងោរតែម្តង ព្រោះត្រសក់ដែលញាំគឺគ្មានជាតិពុលឡើយ ។
ចំណែកស្ត្រីម្នាក់ទៀតឈ្មោះសន ម៉ៅ អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាបានអះអាងដែរថា សមាជិកគ្រួសារគាត់និងអ្នកជិតខាង៦នាក់ទៀតក៏មានអាការវិលមុខ រាករូស ក្អួតចង្អោរដែរ ក្រោយពីពួកគាត់ទិញខ្ចៅស្ងោរយកមកចាក់ហូបជាមួយបាយ ។ ពួកគាត់ហូបខ្ចៅស្ងោរតាំងពីម៉ោង១១ថ្ងៃត្រង់រហូតដល់ថ្ងៃរសៀលស្រាប់តែមានអាការវិលមុខ ឈឺក្បាល លុះដល់ម៉ោង១១យប់ក៏កើតអាការក្អួតចង្អោរ រាករូសយ៉ាងខ្លាំង ទើបនាំគ្នាកោសខ្យល់ និងហៅគ្រូពេទ្យមកចាក់ថ្នាំ និងព្យូរសេរ៉ូម រហូតដល់ព្រឹកឡើងបានធូរស្បើយវិញហើយ ។
ពួកគាត់ទាំងអស់គ្នាសង្ស័យថា មូលហេតុគឺ បណ្តាលមកពីពុលខ្ចៅស្ងោរនេះតែម្តង ។ ប៉ុន្តែពួកគាត់ក៏ស្ទើរតែមិនជឿដែរថា ខ្ចៅទន្លេ ខ្ចៅដូងពីមុនមកមិនដែលពុលសោះឡើយ គឺធ្លាប់ទិញហូបជាញឹកញាប់ ទើបតែលើកនេះមិនដឹងជាគេស្ងោរខ្ចៅនេះជាមួយនឹងអ្វីដែលមានជាតិពុលក៏មិនដឹង ។ ធ្លាប់តែដឹងថា មានមនុស្សពុលត្រីក្រពត និងខ្យងថៃជាដើម ធ្វើឱ្យមានអាការរាករូស ក្អួតចង្អោររហូតដល់ស្លាប់ក៏មាន ។ប៉ូលិសស្រុកស្អាងកំពុងធ្វើការស្រាវជ្រាវលើករណីនេះ និងកំពុងស្វែងរកអ្នកលក់ខ្ចៅនោះមកសាកសួរបន្តទៀត ៕
ចែករំលែកព័តមាននេះ