ប្រជាពលរដ្ឋនៅខេត្តកាឡាក់ស៊ីន ប្រទេសថៃ មានភាពភ្ញាក់ផ្អើល ខណៈប្រទះឃើញពស់ពិសម៉្យាងមានខ្លួនបង្កង់កំពុងលេបពស់វែកស្រងែហើយទិដ្ឋភាពនេះ ត្រូវបានក្រុមហោរាទស្សន៍ទាយថា ជាប្រផ្នូលបញ្ជាក់ពីហេតុការណ៍ «អ្នកតូចផ្តួលអ្នកកាន់អំណាច» ដ៏អយុតិ្តធម៌ ។
សមត្ថកិច្ចបានទទួលការរាយការណ៍ពីការប្រទះឃើញពស់ពិសដងខ្លួនបង្កង់ កំពុងលេបពស់វែកស្រងែជាស្តេចពស់ពិសរហូតដល់ជិតពាក់កណ្តាលខ្លួនទៅហើយ ដោយពស់ទាំងពីរក្បាលមានទំហំប៉ុនគ្នា និងមានប្រវែងជិត២ម៉ែត្រ ។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅបរិវេណផ្លូវបេតុង ក្នុងភូមិ «អេសអ៊ែនភី» ក្នុងទីក្រុងកាឡាក់ស៊ីន ខេត្តកាឡាក់ស៊ីន ប្រទេសថៃហើយអាជ្ញាធរបានចំណាយពេលជាង៣០នាទី ទើបចាប់ពស់នេះបាន ព្រោះត្រូវមានការប្រុងប្រយ័ត្ន ដោយសារពស់ទាំងពីរក្បាលនេះសុទ្ធតែជាពស់មានពិសអាចបង្កឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតបាន ។
ក្រោយពីមានហេតុការណ៍នេះ កើតឡើងក៏មានហោរាល្បីឈ្មោះធ្វើការទស្សន៍ទាយថា ជាប្រផ្នូលបញ្ជាក់ពីហេតុការណ៍ដ៏អាក្រក់ថា នឹងមានស្ថានភាពដ៏ក្រឡាប់ចាក់ មនុស្សដែលមានមុខតំណែងតូចនឹងផ្តួលអ្នកមានអំណាចយ៉ាងអយុត្តិធម៌ ព្រោះថា ពស់វែកស្រងែចាត់ទុកថា ជាស្តេចពស់ពិស ។
រឿងរ៉ាវដែលកើតឡើងដោយនឹកស្មានមិនដល់នេះ ចាត់ទុកថា ជាហេតុការណ៍កម្រនឹងប្រទះឃើញ ព្រោះពស់ពិសដែលមានដងខ្លួនជាបង្កង់ ជាធម្មតាមិនលេបពស់ដូចគ្នា និងមិនចូលចិត្តបង្ហាញខ្លួនឱ្យមនុស្សឃើញឡើយ ។គួរបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ចជំនាញចាប់យកទៅលែង តែឃើញថាពស់ទាំងពីរក្បាលនៅមានជីវិត និងលូនចូលទៅក្នុងព្រៃដោយពស់ពិសដងខ្លួនបង្កង់បានខ្ជាក់ពស់វែកស្រងែេចញវិញ ៕
ចែករំលែកព័តមាននេះ