រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងគ្រោះរហូតសន្លប់ដោយសារជិះម៉ូតូបុកគ្នាជាមួយរថយន្ត កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ឧសភា នៅជាប់របងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កែងមហាវិថីសេនាប្រមុខ គីម អ៊ីលស៊ុង និងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តឡង់គ្រីស្ស័រ ពណ៌ខ្មៅ បើកតាមផ្លូវលេខ៥២៨ ពីកើតទៅលិចឆ្លងកាត់មហាវិថីសេនាប្រមុខ គីម អ៊ីលស៊ុង ចំណែកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមមហាវិថីសេនាប្រមុខ គឹម អ៊ីលស៊ុង ពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចខាងលើដែលជាផ្លូវកែង ម៉ូតូ្មិនបានបង្អង់ទេ ឯរថយន្តបើកឆ្លងកាត់ផ្លូវចូលដល់ផ្លូវម៉ូតូ ពេលឃើញម៉ូតូបើកលឿនមកដល់រថយន្តក៏បន្ថយល្បឿន តែវាយឺតពេលទៅហើយក៏បុកគ្នាខ្ទាតអ្នកបើកម៉ូតូទៅចិញ្ចើមផ្លូវសន្លប់ស្តូកស្តឹង ។
ជនរងគ្រោះឈ្មោះ សឿន ធារ៉ាត់ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគី្លនិកឯកជនមួយ លុះបន្ទាប់ពីដឹងខ្លួនឡើងវិញ ក៏មិនចាំពីរឿងគ្រោះថ្នាក់ដែលកើតឡើងនេះទេ ។ ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានចុះទៅវាស់វែង ប៉ុន្តែម្ចាស់រថយន្តដែលទើបនឹងត្រឡប់មកពីហូបការវិញបានទៅធ្វើការចរចាដល់គ្លីនិក ដោយសម្រួលសងថ្លៃព្យាបាលនិងជួសជុលម៉ូតូចំនួន៥០ដុល្លារ ៕
ចែករំលែកព័តមាននេះ