រាជធានីភ្នំពេញ ៖ ភ្លៀងបានធ្លាក់១មេធំយ៉ាងខ្លាំងដូចមេឃមានកំហឹង កាលពីរសៀលថ្ងៃទី៨ ឧសភា ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះបណ្តាលឱ្យតាមដងវិថីនានា ត្រូវបានជន់លិច ហើយបានបង្កឱ្យការធើ្វចរាចរណ៍តាមយានយន្តនានាត្រូវកកស្ទះយ៉ាងខ្លាំង ។ តាមមន្ត្រីសាលារាជធានីភ្នំពេញឱ្យដឹងថា ស្ថានភាពជន់លិចផ្លូវនេះមានភាពធ្ងន់ធ្ងរជាងថ្ងៃទី៧ ឧសភា ដោយកម្ពស់ទឹកភ្លៀងបានកើនឡើង ហើយទឹកមិនអាចស្រកវិញភ្លាមៗ ។ ចំណែកស្ថានីយបូមទឹកទាំង១២កន្លែង ក៏បានដំណើរការតាំងពីថ្ងៃទី៧ មករា មក គឺបានធ្វើសកម្មភាពយ៉ាងមមាញឹកបំផុតមិនអាចធ្វើឱ្យទឹកភ្លៀងដែលជន់លិចយូរឡើយ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅខណ្ឌដូនពេញដើមក្ងោកបីដើមបានរលំដេកកាត់ផ្លូវគឺរលំនៅផ្លូវកម្ពុជាក្រោមខាងកើតភោជនីយដ្ឋានសាមតូ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២មួយដើម។ នៅមុខផ្សារផេនសលវិថីព្រះសុីសុវត្ថិសង្កាត់ចតុមុខមួយដើម និងមួយដើមទៀតរលំកាត់ផ្លូវលេខ១៣៦កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ បន្ទាប់ពីមានភ្លៀងមួយមេធំហើយ។ ទោះបីបែបណា ក្នុងហេតុការនេះមិនបណ្តាលឲ្យមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។ ផ្លូវជុំវិញផ្សារកណ្តាលក៏ត្រូវបានលិចលង់ជម្រៅជាងមួយម៉ែត្រ រីឯផ្លូវជុំវិញវត្តភ្នំ ផ្លូវក្រោយព្រះបរមរាជវាំងក៏លិចលង់ដែររហូតទឹកហូរចូលក្នុងស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ និងផ្លូវបំបែកលេខ៥១និង១៥៤ក៏ត្រូវលិច។ ក្រោយពេលធ្លាក់ វិថីមួយចំនួនក្នុងខណ្ឌដូនពេញបានកកស្ទះដោយសារតែរថយន្តបើកវាងផ្លូវដែលទឹកលិច។  ទោះបីជាយ៉ាងណា គេឃើញមានកម្លាំងនគរបាលបុ៉ស្តិ៍សហការជាមួយនគរបាលចរាចរយាមគោលដៅនីមួយៗចេញបញ្ជាធ្វើចរាចរណ៍ចៀសវាងការកកស្ទះផងដែរ ។
 
នៅខណ្ឌសែនសុខ ក៏រលំដើមក្ងោក៣ដើម និងផ្លូវ២ខ្សែត្រូវបានជន់លិចដែរ។ ដើមក្ងោកចំនួន៣ដើម ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ីទល់មុខវត្ដវង្គដ្ឋបុរី ក្នុងសង្កាត់ទឹកថ្លា បានរលំមកលើមហាវិថីសហព័ន្ធរុស្ស៊ីធ្វើឱ្យស្ទះចរាចរណ៍ប្រមាណកន្លះម៉ោង។ ប្រជាពលរដ្ឋនៅក្បែរផ្លូវបាននាំគ្នាកាប់ឆ្កាដើមឈើជាមួយមន្ត្រីមន្ទីរសាធារណៈការរាជធានីភ្នំពេញដោយដឹកយកដើមឈើទាំង៣ដើមនេះចេញពីលើផ្លូវភា្លមៗ ដើម្បីបន្ឋូរការកកស្ទះចរាចរណ៍។ ការបាក់ដើមក្ងោកនេះ ក៏បណ្ដាលឱ្យបុរសម្នាក់បានរងរបួសធ្ងន់ផងដែរ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះនិងព្យាបាល ដោយសារតែបុរសនេះជិះម៉ូតូលឿនគេចនិងដើមឈើរលំលើផ្លូវនេះ ក៏បានរអិលដួល។ ដោយឡែកវិថីណតប្រ៊ីត ត្រូវបានទឹកលិចទាំងស្រុងជម្រៅប្រមាណកន្លះម៉ែត្រមិនអាចធ្វើចរាចរណ៍បាន ហើយចំពោះផ្លូវលេខ២០០៤ ត្រូវបានទឹកលិចពាក់កណ្ដាលផ្លូវទាំងស្រុងផងដែរ។ ចំពោះផ្លូវខាងលើនេះ ក៏ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ខាងលើនេះគឺជាព័ត៌មានដែលផ្ដល់ដោយអាជ្ញាធរខណ្ឌសែនសុខ ដែលគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។
ដោយឡែកនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន  មានដើមឈើ៤ដើម ស្ថិតនៅ៤កន្លែងផ្សេងគ្នា បានដួលរលំ ក្នុងនោះ២កន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង។ សង្កាត់បឹងកេងកងទី៣ ចាមរី (អំពិលបារាំង) ២ដើមរលំសង្កត់លើរថយន្តមែរសឺដេស មួយគ្រឿងដែលឈប់ចតអែបចិញ្ចើមផ្លូវ បណ្តាលឱ្យខូចខាតកូតរថយន្ត និងសង្កត់ប៉ះមនុស្សម្នាក់ ខណៈពេលកំពុងជិះម៉ូតូ បណ្តាលឱ្យដួលម៉ូតូរបួសជើងម្ខាង ។ ជាមួយគ្នានេះដែរ ដើមអំពិលបារាំងមួយដើមទៀត ស្ថិតនៅតាមមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ដដែល បានបាក់គល់សង្កត់ទៅលើបណ្តាញខ្សែភ្លើង និងលំនៅឋានរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ។
ចំណែកឯពីរកន្លែងផ្សេងទៀត មួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ មុខក្រសួងមហាផ្ទៃ ដើមជើងគោ១ដើម បានដួលត្រឹមគល់ដែរ ។ ចំណែកឯ១ដើមទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ២ ៧១ សង្កាត់ផ្សារដើមថ្កូវ ដើមត្រសេក១ដើម ក៏រលំត្រឹមគល់ដែរ ។
ចំពោះហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យចរាចរណ៍លើដងផ្លូវនីមួយៗកកស្ទះណែនណាន់តាន់តាប់ដោយសារកំណាត់ផ្លូវខ្លះ ទឹកភ្លៀងជន់លិចធ្វើដំណើរឆ្លងកាត់អត់រួច ។ ក្នុងនោះដែរចាប់ពីផ្លូវលេខ១៦៣ ម្តុំផ្សារទួលទំពូង និងមហាវិថីម៉ៅសេទុង ចំណុចស្ថានទូតចិន ជាតំបន់ទំនាបត្រូវទឹកជន់លិចខ្លាំងជាងគេ ។
សម្រាប់ខណ្ឌទួលគោកនៅរសៀលថ្ងៃទី៨ ឧសភា ដោយសារភ្លៀងបានបង្អុរធ្លាក់ជាខ្លាំងលាយឡំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យដើមឈើជាច្រើនដើមដួលរលំហើយផ្លូវមួយចំនួនក៏ត្រូវទឹកលិច ធ្វើឱ្យចរាចរណ៍តាមផ្លូវនានាកកស្ទះ។
ព័ត៌មានឱ្យដឹងថា ដើមឈើមួយដើមនៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ បានដួលរលំ ហើយត្រូវបានសន្តិសុខនាំគ្នាកាប់ចេញពីដងផ្លូវភ្លាមដែរ។
ចំណែកនៅមុខវិទ្យាល័យជាស៊ីមសន្ធរម៉ុក មែកឈើក៏ត្រូវបានខ្យល់វាយបំបាក់សង្កត់លើខ្សែភ្លើងនិងដើមក្ងោកមួយដើមទៀត នៅមុខមន្ទីរពេទ្យកុមារជាតិបានដួលរលំទាំងឫស សង្កត់របងបណ្តាលឱ្យរងការខូចខាត ។ នៅក្នុងខណ្ឌទួលគោលនៅកំណាត់ផ្លូវកម្ពុជាក្រោមចាប់ពីសន្ធរម៉ុកទៅស្តុបដេអិន ត្រូវទឹកលិច ហើយម៉ូតូមួយចំនួនបានរលត់ម៉ាស៊ីន ។
ទន្ទឹមនឹងការលិចផ្លូវនានា ចរាចរណ៍បានកកស្ទះដោយរថយន្តបានបើកវាងទៅផ្លូវធំ បណ្តាលឱ្យមហាវិថីម៉ៅសេទុង និងមហាវិថីសហព័ន្ធរុស្ស៊ីបានកកស្ទះចរាចរណ៍ ។ ក្រៅពីនេះ នៅមានដើមឈើជាច្រើនទៀតដួលរលំ ហើយត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរបាននាំគ្នាជួយកាប់ ដើម្បីរំដោះចរាចរណ៍ ។
ទាក់ទិនទៅនឹងជំនន់ទឹកភ្លៀងនារសៀលថ្ងៃទី៨ ឧសភា នេះ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញឱ្យដឹងថា កម្រិតជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញមានកម្ពស់ប្រមាណ៤០មីលីម៉ែត្រ មានកម្រិតខ្ពស់ជាងកាលពីភ្លៀងរសៀលថ្ងៃទី៧ ឧសភា កន្លងទៅ បណ្តាលឱ្យតំបន់មួយចំនួនមានការលិចលង់មួយរយៈពេល
ខ្លី ព្រោះទឹកហូរមិនទាន់ ។
ដោយឡែកពាក់ព័ន្ធទៅនឹងបណ្តាញលូបង្ហូទឹកវិញ មន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញឱ្យដឹងថា ក្នុងពេលកន្លងមកសាលារាជធានីភ្នំពេញតែងបានខិតខំយកចិត្តទុកដាក់ជាខ្លាំងទៅលើការងារស្ថាបនាលូក្រោមដីឱ្យបានច្រើន ដែលប្រព័ន្ធលូទាំងអស់ប្រមាណពី៥០ទៅ៦០ឆ្នាំមុនមានលក្ខណៈតូចៗ ហើយពុកផុយ ។ ម៉្យាងការរៀបចំសម័យនោះតម្រូវឱ្យមនុស្សប្រមាណជា៥ម៉ឺននាក់ តែពេលនេះនៅភ្នំពេញមានមនុស្សជាង២លាននាក់ ។ ប៉ុន្តែទោះជាយ៉ាងណា សាលារាជធានីភ្នំពេញមានការខិតខំសម្រួល និងផ្លាស់ប្តូរធ្វើឱ្យប្រព័ន្ធទឹកហូរបានលឿនគួរឱ្យទុកចិត្ត ។ ជាក់ស្តែងរយៈពេល២ថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងកន្លងមកនេះ ទឹកដែលជន់លិចនោះយ៉ាងយូរមួយម៉ោងនឹងស្រកអស់ ដែលអាចចាត់ទុកថាមិនលិចតែម្តង ព្រោះវាគ្រាន់តែហូរមិនទាន់ ។ មានមូលហេតុ៣គឺ៖
ទី១-លូសល់ពីមុនហូរទម្លាក់ទៅលូមេមិនទាន់បានភ្លាមៗ ។
ទី២-ការរៀបចំប្រព័ន្ធលូថ្មីជំនួសនៅមិនទាន់អស់ និង
ទី៣-ការចូលរួមរបស់ប្រជាពលរដ្ឋនៅមិនទាន់បានផុលផុស គឺការទុកដាក់សំរាមមិនរៀបរយ បណ្តាលឱ្យសំរាមហូរតាមទឹកភ្លៀងទៅស្ទះមុខលូ ឬបំពង់លូ ។ ប៉ុន្តែទោះជាយ៉ាងណា ជាលទ្ធផលជោគជ័យយ៉ាងធំធេង ប្រសិនបើយើងប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ហើយការខិតខំរបស់យើងជាបន្តទៅទៀតធ្វើឱ្យកាន់តែប្រសើរឡើង ។
ទោះជាយ៉ាងណាក៏ដោយ ទឹកដែលជន់លិចគ្រប់កន្លែងនេះ មានរយៈពេលខ្លីប៉ុណ្ណោះ បានហូរអស់ គឺមិនត្រាំយូរគួរឱ្យព្រួយបារម្ភឡើយ ។ អាជ្ញាធររាជធានី យកចិត្តទុកដាក់ណាស់បញ្ហាទឹកលិចនេះ ៕
                        			         
				
ចែករំលែកព័តមាននេះ