ខេត្តកំពង់ស្ពឺ ៖ ដោយសារតែការទាក់ទងឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមតាមទូរស័ព្ទជាច្រើនលើកច្រើនសា ដែលផ្តើមចេញពីការច្រឡំលេខនោះ នារីជាកម្មកររោងចក្រកាត់ដេរម្នាក់បានស្កាត់ទៅរកបុរសដែលខ្លួនពុំដែលបានស្គាល់មុខមាត់ម្តងណាសោះនៅរមណីយដ្ឋានគិរីរម្យ ហើយត្រូវបុរសរូបនេះចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចពេញមួយយប់ រួចរត់គេចខ្លួនចូលក្នុងព្រៃភ្នំគិរីរម្យបាត់ស្រមោល ។
ទាក់ទិននឹងហេតុការណ៍នេះត្រូវបានមន្ត្រីកងរាជកងរាជអាវុធហត្ថខេត្តរៀបរាប់ថា បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៤ មេសា នៅក្នុងព្រៃនៃឧទ្យានជាតិគិរីរម្យក្បែរវត្តចាស់គិរីរម្យ ។ មុនពេលឈានដល់ការចាប់រំលោភយ៉ាងព្រៃផ្សៃនេះ ដោយសារតែពួកគេមានទំនាក់ទំនងស្នេហាតាមទូរស័ព្ទ ទើបកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញរូបនោះដែលមាន អាយុ២៤ឆ្នាំ មានទីលំនៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជិះរថយន្តតាក់ស៊ីពីភ្នំពេញមកកាន់ខេត្តកំពង់ស្ពឺ ទៅដល់ឃុំត្រែងត្រយឹង ក្នុងទឹកដីស្រុកភ្នំស្រួច តាមការណាត់ជួបរបស់ប្រុសស្នេហ៍តាមទូរស័ព្ទ ដែលពុំធ្លាប់ស្គាល់ឈ្មោះ និងស្គាល់មុខគ្នាសោះ ។
មន្ត្រីប៉េអឹមបន្តទៀតថា ក្រោយពីនាងកម្មការិនីជិះរថយន្តតាក់ស៊ីដល់ផ្សារត្រែងត្រយឹង ក៏ឈប់ ហើយជួលម៉ូតូឌុបជិះទៅឧទ្យានជាតិគិរីរម្យតាមការណាត់ ។ នៅម៉ោង៦និង៣០នាទី ល្ងាច នៅចំណុចវត្តចាស់គិរីរម្យនាងកម្មការិនីក៏បានជួបបុរសម្នាក់ដែលនាងពុំធ្លាប់ស្គាល់មុខ ឮតែសំឡេងតាមទូរស័ព្ទនៅរង់ចាំនាងមែន ប៉ុន្តែពេលនាងឃើញបុរសនោះ នាងបែរជាភ័យខ្លាចទៅវិញ ព្រោះបុរសនោះមានរាងរៅគួរឱ្យខ្លាចសក់ហាក់ដូចជាពុំដែលសិត និងស្លៀកពាក់ខោអាវមិនរៀបរយដូចជាមនុស្សលាក់ខ្លួននៅក្នុងព្រៃយូរខែ-ឆ្នាំមកហើយ បើនិយាយទៅប្រៀបដូចជាមនុស្សព្រៃ ។ ពេលឃើញភ្លាមនាងក៏រត់គេចខ្លួន តែត្រូវបុរសនោះចាប់នាងជាប់គំរាមឱ្យម៉ូតូឌុបបើកចេញពីទីនោះ បើពុំស្តាប់គេនឹងសម្លាប់ចោល ។ ដោយការភ័យខ្លាចអ្នករត់ម៉ូតូឌុបបានបើកគេចខ្លួនចូលទៅក្នុងវត្តរាយការណ៍ប្រាប់ព្រះសង្ឃពីមនុស្សព្រៃម្នាក់ចាប់នាងកម្មការិនី ហើយគំរាមសម្លាប់ ។
ភ្លាមនោះ ព្រះសង្ឃគង់ក្នុងវត្តបាននាំគ្នានិមន្តចេញទៅជួយក៏ត្រូវមនុស្សព្រៃនោះគំរាមសម្លាប់ទៀត ទើបមិនហ៊ានចូលជួយបានត្រឹមតែឈរមើលជននោះចាប់នាងអូសចូលទៅក្នុងព្រៃបាត់ទៅ ។ ក្រោយមក ក៏មានកម្លាំងមន្ត្រីបរិស្ថាន មន្ត្រីប៉ូលិស និងប៉េអឹមបានចុះមកជួយរុករកទាំងយប់តែពុំជួបប្រទះនោះទេ រហូតដល់ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ មេសា ទើបរកឃើញនារីរងគ្រោះតែមិនឃើញបុរសនោះទេ ។
ទាក់ទិននឹងជនដែលចាប់រំលោភនាងកម្មការិនីរោងចក្រនោះ ត្រូវបានប្រភពផ្លូវការប្រាប់ឱ្យដឹងពីអត្តសញ្ញាណ គឺឈ្មោះ ម៉ា ហាក់ អាយុ៣៨ឆ្នាំ អតីតជាបុគ្គលិកបណ្តែតនៃអង្គភាពបរិស្ថាន ប្រចាំឧទ្យានជាតិគិរីរម្យ ។ សមត្ថកិច្ចបានរៀបរាប់ទៀតថា ឈ្មោះ ម៉ា ហាក់ នេះត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាចាប់ខ្លួនលេខ៥៧ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៦ ដោយចៅក្រមស៊ើបសួរ ខៀវ សុខា និងព្រះរាជអាជ្ញារង ឃុត សុភាង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ក្នុងករណីបាញ់ប្រហារមនុស្ស២នាក់ បណ្តាលឱ្យរងរបួសធ្ងន់នៅលើខ្នងភ្នំគិរីរម្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៦ ។ ឈ្មោះ ម៉ា ហាក់ នេះបានបាញ់រះទៅលើឈ្មោះ ដន និងឈ្មោះ វ៉ៃ ដែលជាកម្មករបណ្តែតរបស់អង្គភាពបរិស្ថានគិរីរម្យដូចគ្នា បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនចូលព្រៃបាត់រហូតមក ។ លុះមកដល់ថ្ងៃទី១៤ មេសា ឆ្នាំ២០១២ជននេះបានណាត់ជួបនាងកម្មកររោងចក្រមកពីស្រុកកៀនស្វាយ ហើយបានចាប់រំលោភបានសម្រេច រួចក៏គេចខ្លួនចូលព្រៃគិរីរម្យបាត់ទៀត ។ មន្ត្រីប៉ូលិសក៏ដូចជាមន្ត្រីប៉េអឹមបានធ្វើការ តាមប្រមាញ់ជននេះរហូតតាំងពីឆ្នាំ២០០៦ ម៉្លេះ បន្ទាប់ពីជននេះធ្វើសកម្មភាពបាញ់រះឱ្យរងរបួសមនុស្ស២នាក់មក តែគេបានគេចខ្លួនរហូតចាប់ពុំបាន ដោយសារតែជននេះរស់នៅតែក្នុងព្រៃពុំមានអ្នកណាស្គាល់មុខឡើយ ។
មិនមានប្រភពលម្អិតជុំវិញការទាក់ទងគ្នាតាមទូរស័ព្ទនោះទេ តែអាចនិយាយបានថា ពួកគេប្រហែលជាស្គាល់គ្នាដោយចៃដន្យតាមទូរស័ព្ទ ហើយការទាក់ទងនេះប្រហែលជាកើតមានយូរមកហើយ ទើបមានការណាត់ជួបគ្នានៅ ឧទ្យានជាតិគិរីរម្យនេះ រហូតកើតមានការចាប់រំលោភដ៏ឃោរឃៅបែបនេះ ៕
ចែករំលែកព័តមាននេះ