រាជធានីភ្នំពេញ ៖ បន្ទាប់ពីបែកបាក់ពីគូដណ្តឹង ដែលជាកូនប្រុសលោកជា ចេង កាលពីដើមខែធ្នូ ឆ្នាំ២០០៩ ដែលគ្រោងរៀបការនាថ្ងៃទី២៥ មីនា ឆ្នាំ២០១០ ដោយហេតុចាស់ទុំទាំងសងខាងមិនយល់ចិត្តគ្នាមក បានធ្វើឱ្យកញ្ញា លី ច័ន្ទសីហាឃា្លតឆ្ងាយពី សិល្បៈអស់រយៈពេលជិត២ឆ្នាំ ។ ថ្មីៗនេះនាងបានត្រឡប់ចូលខ្លួនមកសម្តែងវិញហើយ តែមិនទាន់ប្រា កដថា នឹងអាចស្តារកេរ្តិ៍ឈ្មោះឡើងវិញបានឬយ៉ាងណាទេ ។ ទោះជាយ៉ាងណាក្តី នាងប្តេជ្ញាថា នាងនឹងខិតខំប្រឹងសម្តែងឱ្យបានល្អ ដើម្បីទាញយកការគាំទ្រឡើងវិញ ។
ទាក់ទងទៅនឹងការវិលចូលសិល្បៈវិញនេះ សីហាប្រាប់កោះសន្តិភាពឱ្យដឹងថា មួយរយៈមុននេះនាងពិតជាឃ្លាតឆ្ងាយពីសិល្បៈមែន ដោយសារតែបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែពេលនេះ កំពុងតែមមាញឹកខ្លាំង ព្រោះនាងជាប់រវល់ថតរឿងថ្មីឱ្យផលិតកម្មមហាហង្សសម្រាប់ឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍េលខ៥ ចាក់ផ្សាយ ។ រឿងនេះមានចំណងជើងថា «អព្ភូតហេតុស្នេហ៍» គឺជារឿងបែបអភិនីហារ ដោយនាងសម្តែងជាតួឆ្នាស ឈ្មោះ នីសា ជាមួយនឹងតារាសម្តែងថ្មី ក្នុងនោះមានតួសំខាន់ចំនួន៣គូ រួមទាំងគូរបស់នាងផងដែរ ។ ក្រៅពីថតរឿងនេះក៏មានផលិតកម្មមួយចំនួនទៀតបានទាក់ទងសីហាឱ្យទៅថតដែរ ប៉ុន្តែមិនទាន់ចុះកិច្ចសន្យាទេ ។ ក្រៅពីសម្តែងខ្សែវីដេអូ សម្រាប់ឱកាសឆ្នាំថ្មីនេះនាងបានសម្តែងខារ៉ាអូខេឱ្យផលិតកម្មTonw ។
កន្លងមកគេឃើញ កញ្ញាលី ច័ន្ទសីហា សម្តែងតែជាតួអង្គកំសត់ទឹកភ្នែកដូចជារឿង កតញ្ញូ និងមរណមាតាជាដើម ។ រឿងទាំងពីរនេះ ធ្វើឱ្យអ្នកទស្សនាយំ និងកោតសរសើរពីទេពកោសល្យរបស់នាង ប៉ុន្តែសម្រាប់រឿងថ្មីនេះនាងសម្តែងជាតួឆ្នាសមិនដឹងថា បានល្អដូចតួកំសត់ហើយទទួលបានការគាំទ្រច្រើន ឬក៏យ៉ាងណានោះទេ ។ នាងប្រាប់ថា ចំពោះសាច់រឿងនេះ នាងមិនហ៊ាននិយាយថាទទួលបានការគាំទ្រច្រើនឬក៏យ៉ាងណាទេ តែនាងមិនពិបាកសម្តែងទេ គឺងាយស្រួលសម្តែងជាងតួកំសត់ ។
បន្ទាប់ពីបរាជ័យនៅក្នុងរឿងស្នេហារួចមក សីហា តែងតែមានអ្នកតាមស្រឡាញ់មិនតិចទេ មានទាំងកម្លោះ និងពោះម៉ាយប្រាថ្នាចង់បាននាងមកធ្វើជាគូអនាគត។ រឿងនេះសីហានិយាយថា «ជារឿងធម្មតាទេ ហើយវាក៏មិនមែនជារឿងអ្វីដែលត្រូវលាក់់បាំងនោះដែរ ។ មិនត្រឹមតែអ្នកសិល្បៈ ឬក៏កូនអភិជន ឬក៏កូនអ្នកក្រនោះទេ ចំពោះរឿងស្នេហាវាតែងតែកើតមានហើយ ប៉ុន្តែបើឱ្យខ្ញុំរើសទៅជាគូអនាគត ឬសង្សារនោះ គឺមិនទាន់មានបុរសណាម្នាក់ឱ្យខ្ញុំជ្រើសរើសនៅឡើយទេ ហើយបុរសដែលខ្ញុំជ្រើសរើសនោះត្រូវតែជាបុរសដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងគ្រួសារ» ។
សីហា បន្ថែមទៀតថា មួយរយៈកន្លងមកទោះបីជាការងារសិល្បៈត្រូវបានផ្អាកពិតមែន ប៉ុន្តែសម្រាប់មុខរបររកស៊ីវិញនោះ គឺដំណើរបានល្អ គួរសម ។
កញ្ញា លី ច័ន្ទសីហា បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីអាយុ១០ឆ្នាំគឺក្នុងឆ្នាំ២០០២ ហើយរឿងដែលគេទទួលស្គាល់ស្នាដៃសម្តែងរបស់នាងគឺរឿង កតញ្ញូ និងមរណមាតា ៕
ចែករំលែកព័តមាននេះ