រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯកគង់ គីនី មេបញ្ជាការរងនិងជាប្រធានមន្ទីរផែនការប្រតិបត្ដិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខបានចុះប្រមូលខោអាវកងទ័ពដែលលក់យ៉ាងអនាធិបតេយ្យនៅក្នុងផ្សារទឹកថ្លា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ មីនា ២០១២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ការចុះប្រមូលខោអាវ និងសម្ភារកងទ័ពយោងតាមបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព ព្រោះកម្ពុជាជាម្ចាស់ផ្ទះប្រជុំកំពូលអាស៊ាន ម្យ៉ាងខ្លាចមានជនងងឹតមួយចំនួនចូលទៅទិញសំលៀកបំពាក់ទាំងអស់នេះមកបង្កភាពអសន្ដិសុខក្នុងពេលណាមួយ។
លោកវរសេនីយ៍ឯកគង់ គីនី ប្រាប់កោះសន្ដិភាពឱ្យដឹងថា ប្រតិបត្ដិការចុះប្រមូលយកខោអាវ និងសម្ភារកងទ័ពនៅក្នុងផ្សារទឹកថ្លានេះ ពុំមែនជាលើកទីមួយនោះទេគឺជាលើទី៤មកហើយដែលកន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះប្រមូលខោអាវកងទ័ពលក់អនាធិបតេយ្យនៅក្នុងផ្សារទឹកថ្លានេះ។ លោកបន្ដថា ការចាប់ប្រមូលខោអាវកងទ័ពលើកនេះ គឺជាការព្រមានដល់អ្នកលក់ខោអាវ និងសម្ភារកងទ័ពបើសិនជានៅបន្ដលក់ទៀតកម្លាំងកងរាជអាវុធហត្ថ នឹងចាប់ខ្លួនអ្នកលក់ដូរ រួមទាំងសម្ភារបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ សម្ភារកងទ័ពដែលកម្លាំងកងរាជអាវុធហត្ថប្រមូលបានមានដូចជាឯកសណ្ឋានកងទ័ពឯកសណ្ឋានកងរាជអាវុធហត្ថ ស្បែកជើងកងទ័ពនិង ស្លាកសញ្ញាកងទ័ពមួយចំនួនទៀត៕
ចែករំលែកព័តមាននេះ