រាជធានីភ្នំពេញ ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា មុនី បានស្នើអោយអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ជំរុញការរៀបចំសាងសង់រូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានទាន់ពេលវេលា ។
អភិបាលរាជធានីភ្នំពេញលោកកែប ជុតិមា វិទ្យុសម្លេងកោះសន្តិភាពមិនទាន់អាចរកការសុំអត្ថាធិប្បាយតាមទូរស័ព្ទបាននៅឡើយទេនារសៀលថ្ងៃទី១៣ មីនានេះ ។
យោងតាមលិខិតស្នើសុំរបស់លោកជា មុនី ចុះថ្ងៃទី១៣ មីនា ២០១២ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ កុម្ភៈ ២០១២ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានធ្វើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញម្តងរួចមកហើយ ដោយបានស្នើសុំលោកអភិបាលរាជធានីភ្នំពេញ កំណត់កាលបរិច្ឆេទជួបពិភាក្សាការងារគ្នាឲ្យបានល្អិតល្អន់សាជាថ្មីម្តងទៀតជាមួយសហជីព ក្នុងន័យជំរុញការរៀបចំសាងសង់រូបសំណាក លោកជា វិជ្ជា ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។ ប៉ុន្តែគិតរហូតដល់ពេលនេះ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មិនទាន់បានទទួលការឆ្លើយតបជាផ្លូវការពីសាលារាជធានីភ្នំពេញនៅឡើយទេ ។
គួរបញ្ជាក់ថា ការស្នើអោយពន្លឿនការសាងសង់រូបសំណាក លោកជា វិជ្ជា នាពេលនេះធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៣១ ធ្នូ ២០១១ បានឯកភាពយល់ព្រមតាមសំណើលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលសុំទីតាំងសមរម្យមួយកន្លែងស្ថិតនៅសួនច្បារខាង លិចវិមានឯករាជ្យ ដើម្បីសាងសង់រូបសំណាក លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ខណៈពេលលោកកំពុងអង្គុយអានកាសែត នៅតូបលក់កាសែតខាងក្រោយវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២២ មករា ២០០៤ កន្លងមក ៕
ចែករំលែកព័តមាននេះ