រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវបានម៉ូតូឌុបដឹកយកមកទម្លាក់ចោលនៅមន្ទីរពេទ្យព្រះកុសុមៈរួចគេចទៅបាត់ ដោយគ្រាន់តែប្រាប់ថា នាងលេបថ្នាំសម្លាប់ខ្លួនកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២០ កុម្ភៈ នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ ។
នារីលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួននេះហាក់មានរឿងអាថ៌កំបាំងអ្វីលាក់ទុកក្នុងចិត្ដសូម្បីតែឈ្មោះ និងទីកន្លែងស្នាក់នៅក៏នាងព្យាយាមលាក់មិនព្រមប្រាប់ដែរ ។ លុះជជីកសួរច្រើនដងនាងនិយាយថា មិនចង់ឆ្លើយនូវសំណួរអ្វីទាំងអស់ ហើយក៏មិនចង់ឱ្យនរណាសួរនាំនាងដែរ ហេតុអីក៏ម្ចាស់ផ្ទះឱ្យគេឌុបនាងយកទៅសង្គ្រោះធ្វើអី នាងចង់ស្លាប់មិនចង់រស់ទេ ។ លើសពីនេះទៀតនាងបានសុំអង្វរគ្រូពេទ្យឱ្យដកខ្សែសេរ៉ូមចេញមិនបាច់ជួយសង្គ្រោះទេ។
ប្រភពព័ត៌មានឱ្យដឹងថា ឆ្លងកាត់ការជជីកសួររបស់គ្រូពេទ្យជាច្រើនលើកច្រើនសានារីរងគ្រោះប្រាប់ថា ឈ្មោះរដ្ឋា អាយុ២៣ឆ្នាំបន្ដិចក្រោយមកប្រាប់ថា នាងឈ្មោះចាន់ធី អាយុ២៤ឆ្នាំទៅវិញ មានម្ដាយឈ្មោះញ៉ ឪពុកឈ្មោះឈួន មានស្រុកកំណើតនៅភូមិវត្ដភ្នំក្លែង ស្រុកត្រាំង ខេត្ដតាកែវ។ ចំណែកបន្ទប់ជួលដែលនាងស្នាក់នៅក៏មិនប្រាប់ដែរ គ្រាន់តែបង្ហើបថា នាងបានលេបថ្នាំដែលបងប្អូនផ្ញើមកពីអាមេរិក អស់មួយកំប៉ុងតូចនិង២បន្ទះ។ លុះសួរដេញដោលទៅទើបនាងប្រាប់ថា មិនចង់រស់ដោយសារនាងមានជម្ងឺក្នុងចិត្ដមិនអាចព្យាបាលបានទេ ៕
ចែករំលែកព័តមាននេះ