ខេត្តព្រះសីហនុ ៖ រថយន្តដឹកទឹកកក និងម៉ូតូដឹកនំប៉័ងប៉ះគ្នាលាន់ស្នូរយ៉ាងខ្លាំងបង្កអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងតែស្រស់ស្រូបអាហារពេលព្រឹកក្នុងភោជនីយដ្ឋានមួយ ហើយនាំគ្នាស្ទុះក្រោកទៅចោមរោមមើល ។
ក្នុងហេតុការណ៍នោះយុវជនម្នាក់ខ្ទាតចេញពីម៉ូតូបោកទៅ នឹងថ្នល់ជាតិបណ្ដាលអោយបាក់ឆ្អឹងដងកំាបិត និងរបួសក្បាលខាងឆ្វេង ហើយត្រូវរថយន្តគ្លីនិកឯកជនរស្មីកំពង់សោមដឹកយកទៅសង្គ្រោះភ្លាមនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ មករា ។
មន្រ្តីនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនរងរបួសឈ្មោះហោ ជ្រុយ អាយុ២២ឆ្នាំមានស្រុកកំណើតនៅភូមិត្រពាំងថ្នល់ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ជាកម្មករដឹកនំប៉័ងបោះអោយម៉ូយនៅតាមហាង ស្នាក់នៅបណ្ដោះអាសន្នក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ យុវជននេះជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ ចំណែកអ្នកបើករថយន្តឈ្មោះ ឡេង លាន ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅសិប្បកម្មផលិតទឹកកកយីហោ ពន្លឺព្រះចន្ទ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
សាក្សីនៅកន្លែងកើតហេតុអោយដឹងថា ម៉ូតូឌ្រីមជិះចេញពីខាងមុខសាលមហោស្រពចាស់ពីកើតទៅលិចលុះដល់ចំណុចផ្លូវកោងក្បែរភោជនីយដ្ឋានអប្សរា ស្ថិតនៅសង្កាត់លេខ២ត្រូវរថយន្តកូរ៉េ២តោនកន្លះដឹកទឹកកកមកពីទិសផ្ទុយគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹង ។ ការបុកនោះបណ្ដាលអោយអ្នកបើកម៉ូតូប៉ើងធ្លាក់ទៅម្ខាងផ្លូវរងរបួសធ្ងន់ និងម៉ូតូខូចខាតស្ទើរទាំងស្រុង ។ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដឹកយកទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់ ។
អ្នកនៅកន្លែងកើតហេតុនាំគ្នានិយាយថា នៅខេត្តព្រះសីហនុ អ្នកបើករថយន្តដឹកទឹកកក និងម៉ូតូដឹកទឹកកកតែងតែបើកលឿនណាស់ជួនកាលដល់ចំណុចភ្លើងស្តុបក៏មិនឈប់ដែរប្រហែលជាពួកគេគិតថាខ្លាចទឹកកករលាយបណ្តាលឱ្យខាតបង់ គឺហាក់ឱ្យតំលៃជាងជីវិតរបស់ខ្លួននិងជីវិតអ្នកដទៃទៅទៀត ៕
ចែករំលែកព័តមាននេះ