ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះ​ភោជនីយដ្ឋាន​ចិន​នៅ​ជ្រោយចង្វារ​អស់​រយៈ​ពេល​១​យប់​២​ថ្ងៃ​ ទើប​អាច​ទប់ស្កាត់​បាន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​ចិន​យីហោ​” ស៊ី​ហុង​ឡឺ ” ស្ថិត​នៅ​អគារ​លេខ​១៩៨ បុរី​អូ​គី​ដេ ដឹ​ប៉ូ​តា​និ​ច​ស៊ី​ធី ក្នុង ភូមិ​ព្រែក​តា​គង់…

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​ចិន​យីហោ​” ស៊ី​ហុង​ឡឺ ” ស្ថិត​នៅ​អគារ​លេខ​១៩៨ បុរី​អូ​គី​ដេ ដឹ​ប៉ូ​តា​និ​ច​ស៊ី​ធី ក្នុង ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​ៗ​អស់​រយៈពេល​ប្រមាណ​ជាង ៣១​ម៉ោង​ទើប​សមត្ថកិច្ច​បាញ់​ពន្លត់​ទប់ស្កាត់​បាន​។​ទោះបីជា​យ៉ាងណា​អគារ​ហាង​តែ​ចិន​ទាំងមូល​ត្រូវ បាន​បំផ្លាញ​ទាំងស្រុង​ព្រមទាំង​បង្ក​អោយ​មន្ត្រី​នគរបាល​ពន្លត់អគ្គីភ័យ​ម្នាក់​បាន​រង​របួស​ផង​ដែរ​។

ហេតុការណ៍​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង ៥​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥​ហើយ​បន្ត​រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៣​ខែសីហា ទើប​ទើប​សមត្ថកិច្ច​ទប់ស្កាត់​បាន​។

ហាង​តែ​ចិន​និង​ភោជនីយដ្ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​សំណង់​: ថ្ម​បេតុង​ទំហំ ១៥​ម៉ែត្រ​x ១៨​ម៉ែត្រ កម្ពស់​៤​ជាន់ ដែល​មាន​ម្ចាស់​ឈ្មោះ​HUNG ZHI CHENG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ចិន ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ហាង​តែ​ចិន​ខាងលើ ផ្សែងហុយ​ខ្មួល ខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​អន្តរាគមន៍​។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត​តាំងពី​ព្រឹក​រហូត​ដល់​វេលា​យប់​មិន​ទាន់​រលត់​នៅឡើយ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី ៣​ខែសីហា​ឆ្នាំ​២០២៥ នេះ​ទើប​សមត្ថកិច្ច​ទប់ស្កាត់ បាន​ដោយ​ប្រើ​រយៈពេល​អស់​ជាង​៣១ ម៉ោង​។ អគារ​តែ​ចិន ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​មាន​លក្ខណៈ​ស្មុគស្មាញ​ដោយ​មាន​ជញ្ជាំង​ក្រាស់​ៗ​ជា​ច្រើន​ជាន់​មាន​សម្ភា​រះ​ច្រើន ,​និង​មិន​មាន​ទ្វារ​ច្រើន​នោះ​ទេ​។​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ជណ្ដើរ​និង​រថយន្ត​ខួង​ទម្លុះ​ជញ្ជាំង​ដើម្បី​បាញ់​ពន្លត់​។

តាម​នគរបាល​កា​រិ​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៣០ គ្រឿង​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ៣៣៧​រថយន្ត​ដែល​ក្នុង​នោះ

រថយន្ត​ការិយាល័យ​ពន្លត់អគ្គីភ័យ ចំនួន ១៦​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​៣២០​ឡាន ស្មើរ​នឹង ១៩២០​ម៉ែត្រគូប ,​រថយន្ត​ជំនួយ​:​កងពលតូច​ង​៧០​ចំនួន ០៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៣​ឡាន ស្មើនឹង ១៣០​ម៉ែត្រគូប ,​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣​ឡាន ស្មើនឹង ៣០​ម៉ែត្រគូប ,​រថយន្ត​បុរី​អ័​រ​គី​ដេ​ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប និង​រថយន្ត​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ចំនួន ០១​គ្រឿង តែ​ពុំ​បាន​ប្រើប្រាស់​ទឹក​ឡើយ​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង ១២​ថៃ្ង​ត្រង់​ថ្ងៃ​ទី​០៣​ខែសីហា ឆ្នាំ​២០២៥​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដា​ឱ្យ​អគារ​ភោជនីយដ្ឋាន​ទាំងមូល​រួម​ទាំង​សម្ភារៈ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ពុំ​បណ្ដា​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ អ្នក​ក្បែរ​ខាង​ឡើយ ​។ ​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​បណ្ដាល​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​បាន​រង​របួសស្រាល​ ។​ មូលហេតុ​នៃ​ការ​កើត​មាន​អគ្គី​ភ័យ​តាម​នគរបាល​ឲ្យ​ដឹង​ថា​បណ្ដា​មក​ពី​ឆ្នង​ចរន្ត​ ។​ ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ប្រាក់​អស់​ប៉ុន្មាន​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ