រាជធានីភ្នំពេញ ៖ ហាងតែ និងភោជនីយដ្ឋានចិនមួយកន្លែង ស្ថិតនៅក្នុងបុរីអូគីដេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលត្រូវអគ្គិភ័យឆាបឆេះរកតាំងពីព្រឹកព្រលឹមរហូតមកដល់វេលាម៉ោងប្រមាណជិត៨យប់ទៅហើយ មិនទាន់រលត់នៅឡើយ ហើយសមត្ថកិច្ចនៅតែបន្តបាញ់ពន្លត់ដោយប្រើរថយន្តជណ្ដើរ និងរថយន្តខួងទម្លុះជញ្ជាំង ដើម្បីបាញ់ពន្លត់ ។
គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះហាងតែចិនខាងលើ ផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ។
នៅក្នុងហេតុការណ៍នោះដែរគេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់តាំងពីព្រឹករហូតដល់វេលាយប់មិនទាន់រលត់នៅឡើយ ។
តាមព័ត៌មានឲ្យដឹងទៀតថា អគារតែចិន ដែលត្រូវភ្លើងឆេះខាងលើមានលក្ខណៈស្មុគស្មាញដោយមានជញ្ជាំងក្រាស់ៗជាច្រើនជាន់ និងមិនមានទ្វារច្រើននោះទេ។ នៅវេលាយប់នេះដែរ រថយន្តជាច្រើនគ្រឿងរបស់កងពល៧០ បានទៅជួយអន្តរាគមន៍បន្ថែម។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុឡើយ ហើយក៏ពុំទាន់ដឹងថា មានមនុស្សគ្រោះថ្នាក់ ឬយ៉ាងណានោះដែរ ៕







ចែករំលែកព័តមាននេះ