ស្រាវជ្រាវ ៖ ប្រភព AFP ផ្សាយឱ្យដឹងថា ស្ត្រីបំរើការងារតាមផ្ទះជនជាតិហ្វីលីពីនម្នាក់ និងបុរសបង់ក្លាដេសម្នាក់ ត្រូវបានសំរេចដាក់ទោសវាយ១០០រំពាត់ និងនិរទេសចេញទៅក្រៅប្រទេស ពីបទលួចមានសម្ព័ន្ធភាពផ្លូវភេទ ដោយមិនបានរៀបការនៅទីក្រុងឆាចា ប្រទេសអារ៉ាប់រួម ។ កាសែត «ហ្គាល់ ញូវ» សរសេរថា តុលាការក្រុងឆាចាបានបញ្ជាឱ្យដាក់ទោសវាយស្ត្រីបំរើការងារតាមផ្ទះជនជាតិហ្វីលីពីនចំនួន១០០រំពាត់និងនិរទេសចេញក្រៅប្រទេស ក្នុងបទចោទប្រកាន់ថា បាន «រួមរ័កដោយខុសច្បាប់» ។ ចំណែកគូស្នេហ៍ជនជាតិបង់ក្លាដេសរបស់នាងត្រូវទទួលទោសវាយនឹងរំពាត់ដែរ និងជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទលួចចូលផ្ទះចៅហ្វាយនាយរបស់ស្ត្រីជនជាតិហ្វីលីពីន ដោយមិនមានការអនុញ្ញាត រួមទាំងនិរទេសដូចគ្នា ។
ពលករបរទេសនៅប្រទេសអារ៉ាប់រួម នឹងទទួលការគាំទ្រពីចៅហ្វាយនាយ ដើម្បីឱ្យចូលធ្វើការក្នុងប្រទេសបាន និងករណីមួយចំនួនទៀតចៅហ្វាយនាយនឹងរក្សាទុកលិខិតឆ្លងដែនអ្នកបំរើ និងមានសិទ្ធិបដិសេធមិនឱ្យអ្នកបំរើប្តូរការងារឡើយ ។ កាសែត «ហ្គាល់ញូវ» បានបន្តទៀតថា ចៅហ្វាយនាយរបស់ស្ត្រីជនជាតិហ្វីលីពីនរូបនេះប្រទះឃើញគូស្នេហ៍របស់នាងដើរចេញពីផ្ទះ ទើបប្តឹងទៅប៉ូលិស ហើយកំលោះ-ក្រមុំទាំង២នាក់ក៏សារភាពថា ពួកគេលួចមានការរួមរ័កនឹងគ្នាប្រាកដមែន ។ នៅក្នុងករណីកំហុសពីបទមានសម្ព័ន្ធភាពផ្លូវភេទដោយមិនរៀបការ ប្រសិនបើអ្នកល្មើសជាជនមូស្លុីមបរទេស នឹងត្រូវដាក់ទោសវាយនឹងរំពាត់ និងនិរទេស ។
 
ចំណែកជនបរទេសកាន់សាសនាផ្សេងៗទៀត នឹងត្រូវដាក់ពន្ធនាគារ និងនិរទេស ឯករណីស្ត្រីបំរើការងារតាមផ្ទះ ជនជាតិហ្វីលីពីន និងគូស្នេហ៍ ដោយពួកគេជាជនមូស្ល៊ឹម ទើបទទួលទោសវាយនឹងរំពាត់ និងត្រូវនិរទេសបែបនេះ ។ ប្រទេសអារ៉ាប់រួម ត្រូវពឹងផ្អែកលើពលករបរទេសភាគច្រើន ព្រោះមានគោលដៅឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងផ្នែកទេសចរណ៍ ។ ស្របពេលជាមួយគ្នានេះ អារ៉ាប់រួមត្រូវការថែរក្សាប្រពៃណីទំនៀមទំលាប់របស់ខ្លួន ទើបធ្វើឱ្យកើតមានការចាប់ខ្លួនជនបរទេសពីបទមានសម្ព័ន្ធភាពផ្លូវភេទ ដោយមិនបានរៀបការ ឬឱបថើបគ្នានៅតាមទីសាធារណៈ ៕
                        			         
				
ចែករំលែកព័តមាននេះ