រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះការសិក្សាថ្នាក់ឧត្តមសិក្សា ឬមហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកមានច្រើនលក្ខណៈ និងមានភាពវិមជ្ឈការ។ វាមានលក្ខណៈជាស្ថាប័នឧត្ដមសិក្សាដែលមានការប្រកួតប្រជែង និងស្វ័យភាព។ បច្ចុប្បន្នមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង៨.០០០នៅក្នុងសហរដ្ឋអាមេរិក ក្នុងចំណោមនេះមាន១.៧០០គ្រឹះស្ថាន គឺជាអ្វីដែលគេហៅថា «ស្ថាប័នសំរាប់រយៈពេល២ឆ្នាំ» ហើយមាន២.៤៥០គ្រឹះស្ថាន គឺជា «ស្ថាប័នសំរាប់រយៈពេល៤ឆ្នាំ»។
ទោះបីជាយ៉ាងណាក៏ដោយ បន្ថែមលើនេះ ទៀតស្ថាប័នសាធារណៈចំនួនប្រហែល១.៧០០ (ដែលគ្រប់គ្រងដោយរដ្ឋក្រុង ឬសង្កាត់ដែលស្ថាប័នទាំងនោះស្ថិតនៅ) មានមហាវិទ្យាល័យ និងសាកលវិទ្យាល័យឯកជនចំនួនជាង២.៤៨០ទៀត។ «មហាវិទ្យាល័យសហគមន៍» មានចំនួនច្រើនជាងគេក្នុងចំណោមស្ថាប័នរយៈពេល២ឆ្នាំរបស់អាមេរិក ហើយវាល្អសំរាប់និស្សិតដំបូងៗដែលចង់ចាប់ផ្ដើមវគ្គដំបូងៗ ឬវគ្គទូទៅផ្នែកភាសា ។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា មាននិស្សិតចំនួន១៤លាននាក់ដែលកំពុងរៀននៅស្ថាប័នមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ហើយភាគច្រើនលើសលប់នៃនិស្សិតទាំងនេះ ប្រហែល១១លាននាក់ រៀននៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យសាធារណៈ។ និស្សិតស្រីមានចំនួនភាគច្រើនជាង៥៦% នៃនិស្សិតសាកលវិទ្យាល័យអាមេរិក។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ផងដែរ គឺថា ចំនួនភាគរយខ្ពស់ជិតដល់៤០% គឺជានិស្សិតដែលរៀនមិនពេញពេល ពោលគឺអ្នករៀននៅក្នុងសាកលវិទ្យាល័យក្នុងពេលដែលគេធ្វើការពេញម៉ោង។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយនៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ