ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុល​សម្ព័ន្ធ​​ដានី​រក្សា​​ប្រ​ពៃ​ណី​​ឆ្អើរ​សាក​​សព​ និង​កាត់​​ម្រាម​ដៃ​​ដើម្បី​កាន់​​ទុក្ខ​អ្ន​ក​​ស្លា.ប់​

13 ឆ្នាំ មុន

កុល​សម្ព័ន្ធ​ដានី​(Dani) ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​​បាន​រក​ឃើញ​តាំ​ង​ពី​ទសវត្ស​ឆ្នាំ​១៩៣០​ នៃ​សតវត្ស​ទី​២០​ម៉្លេះ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​កុល​សម្ព័ន្ធ​មួយ​នេះ​​អត់​ប្រែ​ប្រួលអ្វី​សោះ ​នៅ​តែ​ប្រកាន់​ទំ​នៀម​ទម្លាប់​​ប្រ​ពៃ​ណី​ឆ្អើរ​សព​មេ​កន្ទ្រាញ​ទុក​គោរព​បូ​ជា​ឱ្យ​បាន​យូរ​ និង​កាត់​ម្រាម​ដៃ​​ខ្លួន​​ឯង​មួយ​ថ្នាំង​រាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់ស្លា.ប់ ។ កុល​​សម្ព័ន្ធ​យុគ​ថ្ម​ក្នុង​សតវត្ស​ទី​២១កុល​សម្ព័ន្ធ​​ដា​នី​ផ្តុំ​គ្នា​​នៅ​ភូមិ​​​វី​សាឡេប​(Wesalep) ឃ្លាត​​ពី​វ៉ា​មេ​ណា​ (Wamena) ក្នុង​ចម្ងាយ​ផ្លូវ​ត្រូវ​ដើរ​កាត់​ព្រៃ​មួយ​សប្តាហ៍​ទើប​​ដល់​។

កុល​សម្ព័ន្ធ​ដានី​(Dani) ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​​បាន​រក​ឃើញ​តាំ​ង​ពី​ទសវត្ស​ឆ្នាំ​១៩៣០​ នៃ​សតវត្ស​ទី​២០​ម៉្លេះ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​កុល​សម្ព័ន្ធ​មួយ​នេះ​​អត់​ប្រែ​ប្រួលអ្វី​សោះ ​នៅ​តែ​ប្រកាន់​ទំ​នៀម​ទម្លាប់​​ប្រ​ពៃ​ណី​ឆ្អើរ​សព​មេ​កន្ទ្រាញ​ទុក​គោរព​បូ​ជា​ឱ្យ​បាន​យូរ​ និង​កាត់​ម្រាម​ដៃ​​ខ្លួន​​ឯង​មួយ​ថ្នាំង​រាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់ស្លាប់ ។ កុល​​សម្ព័ន្ធ​យុគ​ថ្ម​ក្នុង​សតវត្ស​ទី​២១កុល​សម្ព័ន្ធ​​ដា​នី​ផ្តុំ​គ្នា​​នៅ​ភូមិ​​​វី​សាឡេប​(Wesalep) ឃ្លាត​​ពី​វ៉ា​មេ​ណា​ (Wamena) ក្នុង​ចម្ងាយ​ផ្លូវ​ត្រូវ​ដើរ​កាត់​ព្រៃ​មួយ​សប្តាហ៍​ទើប​​ដល់​។ ​ភូមិ​វី​សាឡេប​ នៅ​ក្នុង​ព្រៃ​ជ្រៅ​​លើ​ខ្នង​ភ្នំ​ មួយ​នៅ​ជាប់​ភ្នំ​ Jayawijaya ដែល​ជា​ជួរ​ភ្នំ​​ខ្ពស់​ជាង​នី​វ៉ូ​ទឹក​សមុទ្រ​​៤.៨០០ម៉ែត្រ​​(ភ្នំ​ខ្ពស់​ទី​២​នៅប្រ​ទេស​ឥណ្ឌូណេ​ស៊ី​)។ ​

ដា​នី ជា​កុល​សម្ព័ន្ធ​មួយ​ធំ​មាន​សមាជិក​ប្រហែល​២៥០.០០០នាក់​។ ​ តំ​បន់មាន​កុលសម្ព័ន្ធ​ដានី​រស់​នៅ​ផ្តុំ​គ្នា​ច្រើន​ គឺ​តំបន់​ វ៉ា​មេណា ខ្ពស់​ជាង​នី​វ៉ូ​ទឹក​សមុទ្រ​១.០០០​ម៉ែត្រ​​ ក្តោប​ដោយ​ប្រ​ជុំ​ភ្នំ​ Zyklopenberge។​ ដែនកោះ​ញូវហ្គីនៀ​ (New Guinea) ​ប៉ែក​ខាង​ឥណ្ឌូណេ​ស៊ី​ជា​ដែនដី​ដាច់​ស្រ​យាល​ ធ្វើ​ដំណើ​ទៅ​មក​បាន​​តែ​ដោយ​សារ​យន្ត​ហោះ​ប៉ុណ្ណោះ ។  ដូច្នេះ​​​​ហើយ​ទើប​​​ដែន​ដី​សម្បូរ​កុល​សម្ព័ន្ធ​ដានី​នេះ​ ហាក់​ដូច​ត្រូវគេ​បំ​ភ្លេច​ចោល​ក្នុង​ជីវិតសម័យ​​ទំ​នើប​ដែល​មាន​ការរី​កច​ម្រើន​​​ឈាន​ឡើង​ជា​​និច្ច​។

ទសវត្ស​ឆ្នាំ១៩៣០​នៃ​សត​វត្ស​ទី​២០​ មាន​ដំ​ណើ​​ររុក​​​រក​ច្រើន​គួរ​សម​មក​កាន់​ដែន​ដី​ព្រៃ​ភ្នំ​នេះ​ ហើយ​​ក្នុង​ចំណោម​ទិដ្ឋភាព​​ប្លែក​ៗ​ ដែល​រក​ឃើញ​ពេល​នោះ​​ គេ​ភ្ញាក់​ផ្អើ​ល​ខ្លាំង​មែន​ទែន​​នៅ​ពេល​ប្រទះ​​កុល​សម្ព័ន្ធ​​ស្បែក​ក្រហម​មួយ​ប្រ​ភេទ​ នៅ​តែ​រក្សា​ការ​រស់​នៅ​តាម​បែប​បុ​ព្វ​កាល​ គឺ​កុល​សម្ព័ន្ធ​ដានី​នេះឯង​ ។ ​កុល​សម្ព័ន្ធ​ដានី​ និ​យម​រស់​នៅ​ក្នុង​ខ្ទម​​មូលៗ​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា honai ​ព្រោះ​វាធ្វើ​ពី​​ឈើ honai ​និង​ស្លឹក​​ឈើ​។ ​ថ្វី​បើ​ប្រុសៗ​ដានី​​អនុញ្ញាត​ឱ្យ​មាន​ប្រពន្ធ​ច្រើន​បាន​ តែ​ត្រូវ​ធានា​ឱ្យ​ប្រ​ពន្ធ​ម្នាក់ៗ​មាន​ខ្ទម​មូល​មួយ​ជ​ា​សម្បតិ្ត​ផ្ទាល់​ខ្លួន​ រួម​ជា​មួយ​ដី​ធ្លីខ្លះ​ល្ម​ម​ដាំ​ដុះ​ចិញ្ចឹម​ជី​វិត​បាន​ ។

អាច​និយាយ​បាន​ថា​ នៅ​ក្នុង​ចំណោម​កុល​សម្ព័ន្ធ​ដានីក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី​ មាន​តែ​សហ​គមន៍​ដានី​​ក្នុង​ជ្រលង​ Baliem ប៉ុណ្ណោះ​ រក្សា​ការ​ប្រតិ​បត្តិ​តាម​បែប​បុរាណ​ខ្ពស់​ជាង​សហគមន៍​ដានី​ក្នុង​តំ​បន់​ឯទៀតៗ ។ ​ជំ​នូន​សម្រាប់​ការ​ប្រពន្ធ​របស់​កុល​សម្ព័ន្ធ​ដានី​គឺ​ ជ្រូក​៤ឬ៥ក្បាល​ធំ​ៗ​គួរសម​ ។ ការ​ដែលត្រូវ​ដោះ​ស្រាយ​ឱ្យ​ប្រ​ពន្ធ​​ម្នាក់​មាន​ខ្ទម​មូល​មួយ​ដោយ​ឡែក​ គឺ​ផ្តើម​ចេញ​ពី​ទំនៀម​ទម្លាប់​​រស់​នៅ​ដាច់​គ្នា​ ។ ពួក​គេ​មិន​រស់​នៅ​ជា​មួយ​គ្នា​ក្នុងលំ​នៅ​ឋានតែ​មួយ​ឡើយ ។ ខ្ទម​មួយ​សម្រាប់​តែ​ស្ត្រី​ម្នាក់​​​ បុរស​ម្នាក់​រស់​នៅ​ជាមួយ​កូនៗ​របស់​ខ្លួន​ប៉ុណ្ណោះ​ ។ សូម្បី​ប្តីប្រ​ពន្ធ​ក៏​មិន​រស់​នៅ​ជា​មួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ដែរ​ ត្រូវ​ការ​គ្នា​សឹមកាត់​រក​គ្នា​ រួច​ហើយ​ត្រ​ឡប់​ទៅ​ខ្ទម​របស់​ខ្លួន​វិញ ។

​របប​មាតា​ធិប​តេយ្យ​នៅ​តែ​រក្សា​បាន​ក្នុង​កុល​សម្ព័ន្ធ​មួយ​នេះ​រហូត​​ដល់​សព្វ​ថ្ងៃ​, ស្រី​ៗ​រ៉ាប់រង​កិច្ច​ការ​​ទាំង​អស់​​ តាំង​ពី​ការ​ងារ​ស្រែ​​ចម្ការ​ រក​ផលានុ​ផល​ ធ្វើ​ម្ហូប​ មើ​លថែ​ទាំ​កូន​។ ចំណែក​ប្រុសៗ​ដានីរ៉ាប់​រង​ការ​ងារ​សាង​សង់​ ក៏​ដូច​ជួស​ជុល​លំនៅ​ឋាន​​របស់​ប្រ​ពន្ធ​ និង​ចេញ​បរ​បាញ់​សត្វ​ពេល​​ណា​ប្រ​ពន្ធ​ណា​ម្នាក់​ប្រាប់​ថា​ អស់ម្ហូប​ ។ ពេល​វេលា​ភាគច្រើន​របស់​ប្រុសៗ​ដានី​ ច្រើន​តែ​ទំនេរ​ ហេតុ​នេះ​​តែង​ជួប​ជុំ​គ្នា​ជក​់​បារី​ហុយ​ទ្រលោម​​ និង​ព្រោក​ប្រាជ្ញ​ក្នុ​ង​ខ្ទម​របស់​អ្នក​ណា​ម្នាក់​ ។​

​ប្រុស​ៗដានី​​អត់​ស្លៀ​ក​​ខោ​ ឬប៉ឹងទេ ​ពាក់តែ​ Koteka ធ្វើ​​អំ​ពី​សម្បក​ឃ្លោក​ហាល​ស្ងួត​សម្រាប់​បិទ​បាំង​ប្រដាប់​ភេទ​ប៉ុណ្ណោះ​។ នេះ​ជា​ប្រ​ភេទ​ឃ្លោក​ពិសេស​​ម្យ៉ា​ង​រាង​វែង​ព្រលាំបំ​ពង់ប្ញ​ស្សី​​ ដែល​មា​ន​តែ​កុល​សម្ព័ន្ធ​​ដានី​ ទើបមាន​គ្រាប់​ពូជ​ឃ្លោក​ប្រភេទ​នេះ​ ហើយ​តែង​ដាំ​ដុះ​​​វា​ជាប់​ជា​ប្រ​ចាំ​សម្រាប់​ប្រុសៗ​ប្រើ​ការ​​បិទ​បាំង​អង្គ​ជាតរបស់​ខ្លួន​ ។ ​គេ​ចោះ​ក្បាល​ឃ្លោក​ឱ្យ​មាន​​ប្រ​ហោង​ធំ​ល្មម​​ស៊ក​ច្រកទាំង​អង្គជាត ទាំង​អណ្ឌៈ(ទាំង​មេ​ទាំង​ពង​)​ចូល​ក្នុ​ងនោះ​ ​ហើយ​ប្រើ​​ខ្សែ​ចងជាប់​ចង្កេះ​​​​កុំឱ្យ​​វា​របូត​ចេញ​កេរ្តិ៍កណ្តាល​វាល​ ។ រីឯ​ផ្នែក​ខាង​ចុង​សម្បក​ឃ្លោក​ គេ​ដោត​កន្ទុយ​កណ្តុរ​​ Irian Jaya ដែល​ខ្លួន​ប្រមាញ់​បា​ន​​សម្រាប់​លម្អផង​ សម្រាប់​​បង្អួត​សមត្ថ​ភាពប្រ​មាញ់​កណ្តុរ​ Irian Jaya ផង​។ ​

ស្រីៗ​កុល​សម្ព័ន្ធ​ដានី​​លែង​ខ្លួន​មួយកំណាត់​លើ​ បិទ​បាំង​តែ​ល្វែង​ក្រោម​ប៉ុណ្ណោះ​។ ស្រី្តមាន​ប្តី​​ស្លៀក​សំ​ពត់​ប្រពៃ​ណី​ត្បាញ​ពី​ស្មៅ​ចាប់ពី​ចុង​ឆ្អឹង​ជំនីរ​ផុត​ចុះ​ក្រោម​​, ស្រី​ក្រមុំ​ស្លៀក​សំពត់​​ត្បាញ​ពីស្មៅ​ចាប់​ពីចង្កេះ​ដល់​ជង្គង់​ ។ ​ក្រៅ​ពី​នេះ​​ ស្រីៗ​កុល​សម្ព័ន្ធ​ដានី​​តែ​ង​ត្បាញ​ថង់​ noken ពី​សរសៃ​សម្បក​ឈើ​សម្រាប់​ប្រើ​រៀង​ខ្លួន​ ។ ថ្វី​បើ​ត្បាញ​ពី​សរសៃ​សំបក​ឈើ​​ តែថង់​ noken ​ជាប់​ល្អ​ណាស់​​ទ្រទ្រង់​របស់​ធ្ងន់​បាន​ ។ វា​មាន​ខ្សែ​​សម្រាប់​ស្ពាយ​លើ​ស្មា​, បើ​មិន​ដូច្នេះ​ទេ​​រុំ​ព័ទ្ធ​ក្បាល​ សម្រាប់​ដាក់​អុស​ឬចំណី​អាហារ​​, ពេល​ខ្លះ​​ដាក់​កូន​តូច​របស់​ខ្លូនដែលទើប​តែ​​ចេះ​វារ ​ឬលូន​ក៏​មាន​ ។​

​វប្បធម៌​ដោយ​ឡែក​ម្យ៉ាង​ទៀត​របស់​កុល​សម្ព័ន្ធ​ដានី​ គឺ​ស្រី​ៗបន្ទាប់​ពី​​សម្រាល​កូន​ហើយ​ តមដំ​ណេក​នៅ​ជា​មួយ​ប្រុស​ចាប់​ពី​​២ឆ្នាំ​ដល់​៥ឆ្នំា។ ពួកគេ​យល់​ថា​​ ធ្វើ​ដូច្នេះ​​​ ដើម្បី​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​មូល​​​​លើ​ការ​មើល​ថែ​រក្សា​កូន​បាន​ល្អ ​ដល់​កូន​ធំ​បន្តិច​​​ទើប​អាច​រក​ការ​សប្បាយ​ផ្ទាល់​​ខ្លួន​បាន ។​ ​ពី​ដើម​ប្រុស​ៗ​ក្នុង​កុលសម្ព័ន​​​ដានី​ ល្បី​​ណាស់​ខាង​ប្រ​មាញ់​​ក្បាលមនុស្ស​​ តែ​សព្វ​ថ្ងៃ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​​​របស់​អា​ជ្ញា​ធរ​ ពួក​គេ​សុខ​ចិត្ត​លះ​​បង់​​ទំ​នៀម​ទម្លាប់​​នោះ​ចោល។ ប៉ុន្តែ​​ពួក​គេ​នៅ រក្សា​ទំ​នៀម​ទម្លាប់​​ប្រ​ពៃ​ណី​​ពាក់​ក្រវិល​ច្រមុះ​​ធ្វើ​ពី​ខ្នាយ​ជ្រូក​ព្រៃ​​ ដៃ​កាន់​លំ​ពែង​​​ ស្មា​ស្ពាយ​ធ្នូ​ ព្រួញ​ ។

សម័យ​មុន​​ដែលមិន​ទាន់​​​មាន​ការ​អន្ត​រាគមន៍​​ពី​អាជ្ញាធរ​​​​ អ្នក​ប្រ​យុទ្ធ​​ដានី​ខ្លាំង​ក្លា​ក្នុង​ការ​ធ្វើ​សង្រ្គាម​ណាស់​​ ច្រើន​តែ​បាន​ទទួ​លជ័យ​ជម្នះលើ​អ្នក​ប្រ​យុទ្ធ​របស់​កុល​សម្ព័ន្ធ​​ឯ​ទៀត​ រាល់​លើក​មាន​ការ​ប្រយុទ្ធ​ទន្ទ្រានដណ្តើម​ដែន​ដី​ និង​​ដណ្តើម​ស្រី​ ។ ជ័យ​ភ័ណ្ឌ​សំខាន់​​បំ​ផុត​​រាល់​ពេល​ប្រ​យុទ្ធ​​គ្នា​ម្តងៗ​ គឺ​ក្បាល​សត្រូវ​​, អ្នក​ណា​កាត់​ក្បាល​​​សត្រូវ​បាន​ច្រើន​ជាង​គេ​ ក្លាយ​ជា​បុគ្គល​​អ​ស្ចារ្យ​​បាន​ទទួល​ការ​កោត​សរសើរ​​ ។ ព្រោះ​​តែ​ចង់​បា​ន​ក្បាល​សត្រូវ​​ដើម្បី​បង្អួត​ស្នាដៃ​ខ្លួន​​ ទើប​ពួក​គេ​​ប្រយុទ្ធ​​អត់​រា​ថយ​​ ដឹង​តែ​សម្រុកចូល​យក​ឈ្នះ​ដៃ​​ ធ្វើ​ឱ្យ​ម្ខាង​ទៀត​ត​តាំង​​បាន​បន្តិ​ច​ខ្លាច​ត្រូវ​កាត់​ក្បាល​ក៏​រត់​ប្រាសអាយុ​, ទម្រាំ​តែ​ត្រឡប់​មក​វិញ​ ស្រី​ៗ​ក្មេង​ៗ​​ ត្រូវ​អ្នក​ប្រ​យុទ្ធ​ខាង​កុល​សម្ព័ន្ធ​ដានី​ចាប់​យក​អស់​ពី​ភូមិ​។

ឆ្អើរ​សព​ឱ្យ​ក្លាយ​ទៅ​ជា​សព​​អប់​ទុក​បាន​យូរ​ប្រការ​ចម្លែក​​មួយ​បែប​ទៀ​ត​របស់​កុល​សម្ព័ន្ធ​ដានី​​ គឺ​ទំនៀមទម្លាប់​​ឆ្អើរ​សព​មេ​កន្រ្ទាញ​​របស់​ខ្លួន​​​ទុក​គោរ​ព​បូ​ជា​​ឱ្យ​បាន​យូរ​ ។ សព​ឆ្អើរ​ទាល់​តែ​ឡើង​ខ្មៅ​​​ឃ្លីក​ដូច​ដុំ​ធ្យូង​នោះ​ កុល​សម្ព័ន្ធ​ដានី​លើក​តម្កើង​ជា​​រត​ន​វត្ថុ​ ជា​វត្ថុ​ខ្ពង់​ខ្ពស់​សំខាន់​បំ​ផុត​​ក្នុង​ជីវ​ភាព​ស្មា​រតី​របស់​ខ្លួន​។ សព​មេ​កន្ទ្រា​ញ​ក្រោយ​ពេល​ស្លាប់​ត្រូវបាន​តម្កល់​​ក្នុង​ផ្ទះ​​មួយដែលកុល​សម្ព័ន្ធ​ដានី​​ប្រ​សិទ្ធ​នាម​ថា ផ្ទះ​​ស័ក្តិ​សិទ្ធិ។ ​ទាំ​ង​ផ្ទះ​នោះ​​ ទាំង​សព​​មេ​កន្ទ្រាញ​ឋិត​ក្រោម​ការ​ការពារ​​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​​ពី​មេ​កន្ទ្រាញ​ថ្មី​ ។ អត់​អ្នក​ណា​ចូល​ផ្ទះ​នោះ​បានទេ​​ ប្រសិន​បើ​គ្មា​នការ​អនុ​ញ្ញាត​ចាំ​បាច់​ពី​មេ​កន្ទ្រាញ​ថ្មី។​

អ្នក​ណា​បំ​ពាន​បញ្ញត្តិ​ដែល​មាន​តាំង​ពី​ដូនតា​មក​នេះ​នឹង​ក្លាយ​ជា​អ្នក​ទោសឧក្រិដ្ឋ​​ ត្រូ​វ​​​មនុស្ស​​ក្នុង​កុល​សម្ព័ន្ធ​​ព្រួត​គ្នា​ផ្តន្ទា​ទោស​ដោយ​កាត់​ក្បា​លចោល​ ។ មេ​កន្ទ្រាញ​កុល​សម្ព័ន្ធ​ដានី​​ មាន​អំ​ណាច​មិន​ខុស​ពី​​ស្តេច​តូច​មួយ​អង្គ​ឡើយ ។ ​ពី​ដើម​ អ្នក​បាន​ឡើង​កាន់​តំ​ណែង​​មេ​កន្ទ្រាញ​​ គឺ​អ្នក​ប្រ​យុទ្ធ​ដ៏​ក្លាហាន​អង់​អាច​​ ពូកែ​ជាង​គេ​ ធ្លាប់​ដឹក​នាំ​ប្រ​យុទ្ធ​​រាប់​​មិន​អស់​​ក្នុង​ការ​ប្រយុទ្ធ​ទន្ទ្រាន​​ដែន​ដី​​កុល​សម្ព័ន្ធ​ឯ​ទៀត​។ មេ​កន្ទ្រាញជា​អ្នក​ឯក​ទេស​​ខាង​ប្រមាញ់​ក្បាល​មនុស្ស​ និង​ដឹក​នាំការ​ប្រ​យុទ្ធ​ប្រមាញ់ក្បាល​មនុស្ស​ ។​

​នៅ​ពេល​ឈឺ​ធ្ងន់​​ដឹង​ខ្លួន​មិនអាច​រស់​បាន​តទៅ​ទៀត​ មេ​កន្ទ្រាញ​ដ៏​ល្បី​ល្បាញ​នោះ​​ ប្រកាស​​​កំណត់​យក​អ្នក​ណា​ម្នាក់​ឡើង​ស្នង​​តំ​ណែង​​ខ្លួន​​ ដើម្បី​ដឹក​នាំ​​កុល​សម្ព័ន្ធ​ទាំង​មូល ។ ការ​សម្រច​យក​មេ​កន្ទ្រាញ​បន្ទាប់​​ គឺជា​សិទ្ធិ​ផ្តាច់​មុខ​របស់​គាត់​ ត្រូវ​គោរព​តាម​ទាំ​ង​អស់​គ្នា ។ ​លុះ​មេ​កន្ទ្រាញ​ស្លាប់ទៅ​​ មេកន្ទ្រាញ​ថ្មី​​មាន​ភារកិច្ច​អប់​សព​មេ​កន្ទ្រាញ​មុនទុក​សម្រាប់​ឱ្យ​កុល​សម្ព័ន្ធ​​គោរព​​បូ​ជា​។  គោល​ដៅ​នៃ​ការ​អប់​សព​ទុក​​ គឺ​ទី១-ដើម្បីជាការ​រំលឹកដល់​គុណ​បំ​ណាច់​គាត់​​កាល​នៅ​រស់​ ទី​២-​​ដើម្បីឱ្យ​កុល​សម្ព័ន្ធ​ដានី​​ទាំង​មូល​​មាន​សំណាង​ល្អ​ បាន​ដួងព្រលឹង​មេ​កន្ទ្រាញ​មុន​តាម​ថែរក្សា​ការពារ ។​

កុល​សម្ព័ន្ធ​ដានី​ មាន​របៀប​ទុក​ដាក់​សព​​ច្រើន​បែប​​ តែ​ភាគ​ច្រើន​និយម​បូជា បន្ទាប់​ពី​បូជា​​រួច​យក​ធាតុ​ទៅបញ្ចុះ​ភ្លាម ។​ កន្លែង​បញ្ចុះ​ធាតុ​ ត្រូ​វបាន​គេ​​ពូនដី​​ឱ្យខ្ពស់​ជា​ង​ផ្ទៃ​ដី​​ជុំ​វិញ​បន្តិច​​ ងាយ​សម្គាល់​ដឹង​​ តែ​មិ​ន​ខ្ពស់​ដូច​ផ្នូរ​ជន​ជាតិ​ឯ​ទៀ​ត​ឡើយ​ ។​ មាន​តែ​មេ​កន្ទ្រាញ​ដែល​ជា​បុគ្គល​ដ៏​មហិ​មា​ទើប​គេ​អប់សព​ទុក​​ តែ​ក៏​ត្រូវ​បាន​មេ​កន្ទ្រាញ​រូប​នោះ​ខ្លួនឯង​អនុញ្ញាត​មុន​​ពេល​ស្លាប់​ដែរ​ទើប​ធ្វើ​បាន​ ។ មេ​កន្ទ្រាញ​​ខ្លះ​មិន​ចង់​ឱ្យ​​គេ​អប់​សព​​ខ្លួន​ ព្រោះ​​អាក្រក់​មើល​ពេក ​ដូច្នេះ​​សព​គាត់​ត្រូវ​ចាត់​ចែង​តាម​របៀប​ផ្សេង​​​ដែល​​មេ​កន្ទ្រាញ​ថ្មី​ជា​អ្នក​កំ​ណត់​​​។​

ព្រោះ​តែដូច្នេះ​​ ទើប​ឆ្លង​កាត់​​ប៉ុន្មាន​ពាន់​ឆ្នាំ​មក​ហើយ​​ សព​អប់​មេ​កន្ទ្រាញ​មាន​តិច​តួច​ ។ នៅ​ជ្រលង​ភ្នំ​ Baliem ទាំង​មូល​​​ អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ប្រ​មាណ​១០​សព​​ប៉ុណ្ណោះ​​ ដែ​ល​សព​ខ្លះ​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ។ ​និយាយ​ថា​ អប់​សព​ តែ​តាម​ពិត​​ឆ្អើរ​​បំ​ពក់​ផ្សែង​ទៅ​វិញទេ ​គឺ​ឆ្អើរ​ទាល់តែ​​ក្រៀម​​មែន​ទែន​​ ដើម្បី​ទុក​គោរព​បូ​ជា​​​បានយូរ។ ​កិច្ច​ការ​ឆ្អើរ​សព​​នេះ​ធ្វើ​​​ក្នុង​ផ្ទះ​មេ​កន្ទ្រាញ​​តែ​ម្តង​ ហើយអ្នក​​មាន​សិទ្ធិ​​ចូល​ក្នុង​​ផ្ទះ​​នោះ​​ដើម្បី​ឆ្អើ​រ​សព​ គឺ​មេ​កន្ទ្រាញ​​ថ្មី​ ព្រោះ​កិច្ច​ការ​ពិ​សិដ្ឋ​មាន​តម្លៃ​ក្រៃ​លែង​ មនុស្ស​ធម្មតាមិន​អាច​លូក​ដៃ​បាន​ឡើយ​ សូម្បី​ដើរ​ទៅ​ជិត​ផ្ទះ​​​ធ្វើ​កិច្ច​ការ​ពិ​សិដ្ឋ​​នោះ​ក៏​មិន​បាន​ផង​។

​ដំបូង​បំផុត​ មេកន្ទ្រាញ​ថ្មី​​ ខ្វេះ​ត្រង់​ចង្កេះ​សព​ បារយក​គ្រឿង​ក្នុង​​ចេញទាំង​អស់​​​ ហើយ​រៀ​ប​​ចំ​រាងកាយ​សព​ឱ្យ​​​ឋិត​ក្នុង​ឥរិយា​បថអង្គុយ​​បញ្ឈរ​​ជង្គង់​ផ្អឹប​ចូល​ទ្រូង​ យក​ខ្សែ​ចង​ណែន​​កុំ​ឱ្យ​រលា​ចេញ​បាន​ បន្ទាប់​មក​​ទើប​លើក​សព​ដាក់​លើចង្អើរ​ដែល​រៀប​ចំ​ហើយ​​ស្រេច​​ ។​ ចង្អើរ​សម្រាប់​ឆ្អើរ​សព​​​មាន​កម្ពស់​ពី​១​ម៉ែត្រ​ដល់​១,៥ម៉ែត្រ​។ លុះដាក់​សព​ឱ្យអង្គុយ​លើ​ចង្អើរ​​ និង​រៀប​ឈើ​ទប់​ជុំ​វិញ​​ជាប់​ល្អ​ហើយ​ មេកន្ទ្រាញ​ថ្មី​​​ចាប់​ផ្តើម​បង្កាត់​ភ្លើង​ដុត​​ពី​ក្រោម​ឱ្យ​កម្តៅ​ជះ​ឡើង​ត្រង់​​ជា​មួយ​ផ្សែង​ខ្មួល​ខ្មាញ់​ ។ ធ្វើ​យ៉ាង​នេះ​ជាប់​រហូត​ទាំង​ថ្ងៃ​ទាំង​យប​់​​​។ ខ្លាញ​់​ក្នុង​ខ្លួន​សព​ចេះ​តែ​ហូ​រស្រក់​ចុះតាម​រន្ធ​ចោះ​​ត្រង់​ចង្កេះ​។ ​

បើ​សម្គាល់​ឃើញ​ខ្លាញ់​​ស្ទះ​ត្រង់​​ណា​​មិន​អាច​​ហូរ​​តាម​រន្ធ​នោះ​បា​ន​មេកន្ទ្រាញថ្មី​យក​ម្ជុល​​ធំ​ចាក់​​ទម្លុះ​​ស្បែក​ឱ្យ​ខ្លាញ់​​ស្ទះ​នោះ​ហូរ​ចេញ​បាន​​ស្រួល ។ រយៈ​ពេល​ឆ្អើរ​សព​​​មិន​មែន​​ធ្វើ​ត្រឹម​តែ​​មួយ​ថ្ងៃ​មួយ​យប់​ ឬ​ពីរបី​​ថ្ងៃ​ពី​របី​យប់​ចប់​ទេ គឺ​​ប្រព្រឹត្ត​ជាប់រហូត​​ចាប់ពី​មួយ​ខែ​ ទៅ​ដល់​បី​ខែ​ក៏​មាន​​ ទាល់​តែ​​​ពេល​ណា​សព​រួញ​ខ្លី​​​ដូ​ច​គល់​អុស ​និង​​ឡើង​ខ្មៅ​​ដូច​ធ្យូង​​មួយ​ដុំ​​មើល​ពី​ចម្ងាយ​​សឹង​ថា​មិនដឹង​​សព​មនុស្ស​​ ទើប​សន្មតថា​ចប់​ការ​ងារ​​។ ដល់​ពេល​នោះ​​ សព​​អស់​ខ្លាញ់​ និង​ទឹក​ពីក្នុង​ខ្លួន​​ទៅ​ហើយ ​ថែម​ទាំង​សាច់​ក៏​ស្ងួត​​​រឹង​កំព្រឺស​ទៀត​​ ទម្ងន់​នៅ​សល់​តិច​តួច​បំ​ផុត​​ ញ៉ឹង​ដៃ​ម្ខាងធូរ​ល្ហុយ ។​

គេ​មិនដឹង​ច្បាស់​ថា​ សព​ឆ្អើរ​​ទាល់​តែ​ដូច​ដុំធ្យូង​បែប​នេះ​​​អាច​រក្សាទុក​បាន​យូរ​ប៉ុន្មាន​ទេ ​តែ​កន្លង​មក​​អ្នក​ស្រាវ​ជ្រាវ​​ពិ​និត្យ​ឃើញ​​សព​ខ្លះ​​មាន​អា​យុ​កាល​៥០០ឆ្នាំទៅ​ហើយ នៅតែ​អត់​ទាន់​ខូច​ទៀត ។ សព​ដែលមាន​អាយុកាល​​តិច​ជាង​គេ​ដែលបានពិនិត្យ​ឃើញ​គឺ​ ​ជាង​២០០​ឆ្នាំ។ នេះ​បើ​តាម​ការ​រុក​រក​កន្លង​មក​របស់​ក្រុម​ស្រាវ​ជ្រាវ។ ​ផ្ទះ​ឆ្អើរ​សព​មេ​កន្ទ្រាញ​ ​ផ្ទះ​ខ្លះ​​ជួស​ជុល​រាប់​សិប​ដង​ទៅ​ហើយ តែ​សព​មេ​កន្ទ្រាញ​នៅ​ដដែល។ កុល​សម្ព័ន្ធ​ដានី​មាន​ជំនឿ​​ថាមេ​កន្ទ្រាញ​របស់​ខ្លួន​ជា​បុគ្គល​អមតៈ តែង​​ស្ថិត​ស្ថេររហូត​​ជា​មួយ​ការ​ស្ថិត​ស្ថេរ​លើ​ផែន​ដី​របស់​កុល​សម្ព័ន្ធ​​ដានី ដើម្បី​ថែ​រក្សា​ការ​ពារ​កុល​សម្ព័ន្ធ​ដែល​ខ្លួន​ធ្លាប់ដឹក​នាំ​កន្លង​មក។ រាល់ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃណី​កុល​សម្ព័ន្ធ មេ​កន្ទ្រាញ​ថ្មី​ត្រូវ​រៀបចំ​សែន​ព្រេន​មេ​កន្ទ្រាញ​ចាស់​ជា​មុន​សិន។

សំណែន​រួម​មាន​ជ្រូក និង​មាន់​ ជា​របស់​សំខាន់​ជាង​គេ​ដែល​មិន​អាច​ខ្វះ​បាន។ សែន​មេ​កន្ទ្រាញ​​ចាស់​រួច​រាល់​ទើប​ដល់​ពិធី​ឯទៀត ក៏​ដូច​ជា​ដល់​ពេល​មេ​កន្ទ្រាញ​​ថ្មី​​មាន​សិទ្ធិ​លើក​សព​មេ​កន្ទ្រាញ​ចាស់​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​សមា​ជិក​កុល​សម្ព័ន្ធ​បាន​ឃើញ​​ផ្ទាល់​ភ្នែក​ និង​បាន​គោរព​បូជា។ គេ​នាំ​គ្នា​យក​កម្រង​គ្រឿង​អលង្ការ​ផ្សេង​ៗ​ពាក់​នៅ.ក​សព ដើម្បី​សុំ​សេចក្តី​សុខ​សេចក្តី​​ចម្រើន។ ​សព​អប់​មេ​កន្ទ្រាញ​ចាស់​ទាល់​តែ​អ្នក​មាន​អំណាច​​លើ​គេ​ទើប​មាន​សិទ្ធិ​មើល​ថែ​រក្សា និង​លើក​ចេញ​ពី​ផ្ទះ​ឱ្យ​ឃើញ​ជា​សាធា​រណៈ។ អ្នក​នោះ​គឺ​មេ​កន្ទ្រាញ​ថ្មី​ហ្នឹង​ឯង។ មាន​សព​អប់​នៅ​ជា​មួយ​ខ្លួន​ មេ​កន្ទ្រាញ​ថ្មី​កាន់​តែ​មាន​អំណាច និង​បាន​ទទួល​ការ​គោរព​ខ្លាំង​ឡើង។

សហ​គមន៍​ណា​មាន​សព​អប់​មេ​កន្ទ្រាញ​ចាស់ តែង​មាន​មោទន​ភាព​ ព្រោះ​បាន​សហ​គមន៍​កុល​សម្ព័ន្ធ​ដានី​នៅ​កន្លែង​ឯទៀត​កោត​សរ​សើរ​យ៉ាង​ខ្លាំង។ ទំនៀម​ទម្លាប់​ប្រពៃណី​កាត់​ម្រាម​ដៃ​ពេល​មាន​សាច់​ញាតិ​ស្លាប់កុល​សម្ព័ន្ធ​ដានីមិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ដោយ​សារ​ទំនៀម​ទម្លាប់​រស់នៅ​ក្នុង​ខ្ទម​ផ្សេង​ៗ​គ្នា និង​ឆ្អើរ​សព​មេ​កន្ទ្រាញ​ទុក​គោរព​បូជា​ប៉ុណ្ណោះ​ទេ នៅ​មាន​ទំនៀម​ទម្លាប់​ស្ម័គ្រចិត្ត​​ធ្វើ​ទុក្ករ​កម្ម​គួរឱ្យ​ញាក់​​សាច់​ដ៏​ចម្លែក​មួយ​ទៀត គឺ​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​ជា​ការ​កាន់​ទុក្ខ​ចំពោះ​អ្នក​បាត់​បង់​ជីវិត។

ត្រូវ​បាន​ចាត់​ទុក​​ជា​កុល​សម្ព័ន្ធ​​យុគថ្ម​ក្នុង​សត​វត្ស​ទី​២១ ព្រោះ​កុល​សម្ព័ន្ធ​ដានី​នៅ​រក្សា​ខ្ជាប់​ខ្ជួន​ទំនៀម​ទម្លាប់​បុព្វ​កាល​របស់​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ ពិសេស​ទំនៀម​ទម្លាប់​កាត់​ម្រាម​ដៃ​ ទោះ​អ្នក​ណា​​ពេប​ជ្រាយ​ថា​ហួស​សម័យ​យ៉ាង​ម៉េច​ក៏​ដោយ។ រាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ មិន​ថា​ស្លាប់​ដោយ​ប្រការ​អ្វី​ទេ មនុស្ស​ស្រី​ដែល​ជាប់​សាច់​ឈាម​ត្រូវ​តែ​​កាត់​ម្រាម​ដៃ​ខ្លួន​ឯង​មួយ​២ថ្នាំង​ ជា​ការ​កាន់​ទុក្ខ​​សម្តែង​ការ​នឹក​រលឹក​គ្មាន​ពេល​ស្បើយ។ អ្នក​ខ្លះ​រហូត​ដល់​កាត់​ម្រាម​ដៃ​ម្តង​​ថ្នាំង​ក៏​មាន។ សម្រាប់​កុល​សម្ព័ន្ធ​ដានី ការបាត់​បង់​សាច់​ញាតិ​មិន​មែន​គ្រាន់​តែ​ជា​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ទេ រូប​កាយ​ក៏​ឈឺ​ចាប់​ដែរ។

ហេតុ​នេះ​សូម​មិត្ត​កុំ​ភ្ញាក់​ផ្អើល​ពេល​ទៅ​ដល់​តំបន់​រស់​នៅ​របស់​កុល​សម្ព័ន្ធ​ដានី ហើយ​ឃើញ​ស្រី​ៗ​​ក្នុង​កុល​សម្ព័ន្ធ​នោះ​ពិការ​ម្រាម​ដៃ។ ពួក​គេ​ពិការ​ដោយ​ការ​ធ្វើ​ទុក្ករ​កម្ម​ខ្លួន​ឯង មិន​មែន​ដោយ​សារ​អ្នក​ណា​ធ្វើ​ទារុណ​កម្ម​ឡើយ។ បាត់​ម្រាម​ដៃ​មួយ​ថ្នាំង​មាន​ន័យ​ស្មើ​នឹង​ស្ត្រី​នោះ​បាត់​បង់​សាច់​ញាតិ​ម្នាក់។ ទំនៀម​ទម្លាប់​នេះ កុល​សម្ព័ន្ធ​ដានី​ហៅ​ថា Ikipalin។ តាម​ទស្សនៈរបស់​កុល​សម្ព័ន្ធ​ដានី ​ការ​បាត់​បង់​ម្រាម​ដៃ​នឹង​ធ្វើ​ឱ្យ​ការ​នឹក​រលឹក​​ចំពោះ​អ្នក​ស្លាប់​ទៅ​កាន់​​តែ​ដិត​ដាម​​ជ្រៅ​ក្នុង​អារម្មណ៍​ថែម​ទៀត​​អស់​មួយ​ជីវិត។ ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​យល់​ថា​កាត់​ម្រាម​ដៃ​ជំនួស​ឱ្យ​ការ​ទួញ​សោក​រីងរៃ​ជា​រៀង​រហូត​ដែរ។

ដើម្បី​កាត់​ម្រាម​ដៃ​ខ្លួនឯង​មួយ​ថ្នាំង​ ឬ​២​ថ្នាំង​ ស្ត្រី​ក្នុង​កុល​សម្ព័ន្ធ​​ដានី​ប្រើ​ដុំ​ថ្ម​មាន​មុខ​មុត ព្រោះ​ពួក​គេ​​នៅ​ប្រើ​ប្រាស់​ថ្ម​ជា​ឧបករណ៍​កាត់ ពុះ​ច្រៀក​នៅ​ឡើយ សម​នឹង​ពាក្យ​ថា ​កុល​សម្ព័ន្ធ​យុគ​ថ្ម​ពិត​មែន។ ការ​កាត់​ម្រាម​ដៃ​ដោយ​ដុំ​ថ្ម​ទម្រាំ​តែ​​ដាច់​មាន​ការ​ឈឺ​ចាប់ខ្លាំង​សម្បើម​ណាស់, មិន​តែ​ប៉ុណ្ណោះ​ផល​វិបាក​ក៏​មាន​ច្រើន ព្រោះ​ម្រាម​ដៃ​មិន​បាន​ដាច់​ត្មិល​ភ្លាម​ដូច​កាត់​នឹង​កាំបិត​ឯណា, ទាល់​តែ​ដំ​ច្រើន​ដង​ទើប​ដាច់​អស់ ឯ​ឆ្អឹង​ត្រង់​កន្លែង​កាត់​នោះ​ក៏​មាន​បែក​ជា​បំណែក​តូច​ៗ​ទៀត។ ដូច្នេះ​ត្រូវ​ព្យាបាល​យូរ។ ក្រោយ​កាត់​បាន​ហើយ គេ​ប្រើ​ស្លឹក​ឈើ​សម្រាប់​ឃាត់​ឈាម និង​ព្យា​បាល​ម្រាម​ដៃ​​អស់ជា​ច្រើន​ខែ​ទម្រាំ​ជា។ ថ្វី​បើក​ឈឺ​ចាប់​ខ្លាំង និង​ប្រឈម​មុខ​ការ​ឆ្លង​មេរោគ​បង្ក​ឱ្យ​រលេះ​រលួយ​ច្រើន​ខែ តែ​ទំនៀម​ទម្លាប់​កុល​សម្ព័ន្ធ​ដានី​ប្រតិ​បត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ គ្មាន​បំណង​ផ្លាស់​ប្តូរ​ ឬ​បោះ​បង់​ចោល​ឡើយ។

តាម​ការ​ឱ្យ​ដឹង​ពី​ចាស់​ៗ​ក្នុង​កុល​សម្ព័ន្ធ​​ដានី​ដែល​​ចេះ​ចាំ​រឿង​​រ៉ា​វ​ច្រើន គឺ​កាល​ដើម​ឡើយ​ស្រី​ៗ​ត្រូវ​កាត់​ត្រចៀក​ម្តង​មួយ​ចំណិតរាល់​ពេល​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ តែ​ក្រោយ​មក​គេ​ប្តូរ​មក​កាត់​ម្រាម​ដៃ​វិញ ដើម្បី​កុំ​ឱ្យ​អាក្រក់​មើល​ពេក។ រីឯ​ការ​កាត់​ម្រាម​ដៃ​នេះ ក៏​មិន​មែន​ធ្វើ​ភ្លាម​ៗ​បន្ទាប់​ពី​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់​ដែរ គឺ​ធ្វើ​បន្ទាប់​ពី​កាន់​ទុក្ខ​តាម​របៀប​​យក​ភក់​បាត​ស្ទឹង​​មក​ប៉ាត​មុខ​មាត់ និង​ខ្លួន​ប្រាណ​ក្នុង​រយៈ​ពេល​ចាត់​ចែង​សព​សិន, ទាល់​តែ​ចាត់​ចែង​សព​រួច​រាល់​ទើប​គេ​លាង​ជម្រះ​ខ្លួន​ឱ្យ​ស្អាតបាត​វិញ ហើយ​គិត​គូរ​រឿង​កាត់​ម្រាម​ដៃ​ជា​ក្រោយ​តាម​ពេល​វេលា​សម​ស្រប​ណា​មួយ​ក៏​បាន កុំ​ឱ្យ​តែ​បង្អែ​បង្អង់​យូរ​ពេក។

ស្ត្រី​ម្នាក់​ឈ្មោះ Mereka លា​បាត​ដៃ​ទាំង​២​ឱ្យ​អ្នក​ទេស​ចរមើល ឃើញ​សល់​តែ​ម្រាម​បួន​ប៉ុណ្ណោះ​នៅ​គង់​វង្ស​ល្អ គិត​ទាំង​មេ​ដៃ​ផង​ ក្រៅ​ពី​នោះ​សុទ្ធ​តែ​អស់​២​ថ្នាំង។ Mereka ថា​មក​ពី​ខ្លួន​បាត់​បង់​សាច់​​ញាតិ​ច្រើន​ពេក​ទើប​សល់​តែ​ម្រាម​ដៃ​ប៉ុណ្ណឹង។ គាត់​និយាយ​បន្ត​ថា ពេល​មាន​បង​ប្អូន​ ឬ​សាច់​ញាតិ​ណា​ម្នាក់​ស្លាប់ គាត់​មិន​ហ៊ាន​ព្រងើយ​កន្តើយ​ទេ ប្រញាប់​ប្រញាល់​រក​ភក់​បាត​ស្ទឹង ឬ​ព្រែក​ប៉ាត​ពេញ​មុខ​មាត់​ដៃ​ជើង​ និង​ខ្លួន​​ប្រាណ​ទាំង​មូល ដែល​ការ​ធ្វើ​បែប​នេះ​គេ​ហៅ​ថា កាន់​ទុក្ខ​ជំហាន​ដំបូង។ ស្ត្រី​ណា​ក៏​ធ្វើ​​អ៊ី​ចឹង​ដែរ​ឱ្យ​តែ​ជាប់​សាច់​​ឈាម​ជា​មួយ​អ្នក​ស្លាប់។ ការ​កាន់​ទុក្ខ​ជំហាន​ដំបូង​នោះ ធ្វើ​ពេញ​រយៈ​ពេល​ចាត់​ចែង​សព, លុះ​​ចាត់​ចែង​សព​រួច​រាល់​ហើយ ត្រូវ​រក​ឱកាស​សម​ស្រប​អនុ​វត្ត​ការ​កាន់​ទុក្ខ​ជំហាន​ទី​២​ទៀត គឺ​កាត់​ម្រាម​ដៃ។ ​

ស្ត្រី​ឈ្មោះ Mereka អះ​អាង​ថា​ ក្នុង​ករណី​អស់​ម្រាម​ដៃ​សម្រាប់​កាត់​ ត្រូវ​កាត់​ស្លឹក​​ត្រចៀកបើ​អស់​ស្លឹក​ត្រចៀក​ទៀតកាត់​ច្រមុះ។ អ្នក​ណា​ត្រូវ​កាត់​ដល់​ច្រមុះ​ទៀត​មុខ​មាត់​អាក្រក់​មើល​ណាស់, ក្មេង​ៗ​ឃើញ​រត់​បះ​សក់។ របៀប​កាត់​ម្រាម​ដៃ​ដែល​ជា​ជំហាន​កាន់​ទុក្ខ​ទី២​នេះ, បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ Mereka គឺ​ធ្វើ​យ៉ាង​សម្ងាត់​បំផុត មិន​មែន​ធ្វើ​ចំហ​ឱ្យ​គេ​ឃើញ​ទេ លុះ​ត្រា​កាត់​រួច​រាល់​ទើប​ឱ្យ​គេ​ឃើញ​បាន។ ស្រី​ៗ​តែង​លួច​លាក់​សំលៀង​មុខ​ដុំ​ថ្ម ឬ​ដឹង​ធ្វើ​ពី​ថ្ម, សំលៀង​ឱ្យ​មុត​ដោយ​​អត់​ប្រាប់​អ្នក​ណា​ទាំង​អស់ រួច​ហើយ​ចូល​ព្រៃ​រក​កន្លែង​ស្ងាត់​កាត់​ម្រាម​ដៃ​ខ្លួន​ឯង, កាត់​បាន​ហើយ​ត្រឡប់​មក​ភូមិ​បង្ហាញ​ឱ្យ​គេ​ឯង​មើល។

ពេល​នោះ​ អ្នក​ភូមិ​រួម​គ្នា​យក​ឆ្អឹង​ស្មង​ជើង​បក្សី caswari (បក្សី​ម្យ៉ាង​ធំ​ប្រហាក់​ប្រហែឥន្ទ្រី) សំលៀង​ឱ្យ​មុត​ជួយ​កាត់​យក​ចេញ​នូវ​បំណែក​ឆ្អឹង​ថ្នាំង​ម្រាម​ដៃ​ដែល​បែក​នៅ​ជាប់​នឹង​សាច់, យក​ចេញ​ទាល់​តែ​អស់ ទើប​បេះ​ស្លឹក​ឈើ​ព្រៃ​បុក​ឱ្យ​ហ្មត់​បំពោក​ចូល​ និង​រុំ​វិញ។ ស្នាម​ដំបៅ​កន្លែង​កាត់​​នោះ​កជា​​ខ្ទុះ​ចុក​ចាប់​ច្រើន​ខែ​ទម្រាំ​ជា, ជួន​កាល​ឆ្លង​មេ​រោគ​មើល​មិន​ជា​បណ្តាល​​ឱ្យ​ស្លាប់​ទៀត​ផង​ក៏​មាន។ ប៉ុន្តែ​សម្រាប់​​ស្ត្រី​កុល​សម្ព័ន្ធ​ដានី​ ទោះ​កាត់​ម្រាម​ដៃ​ហើយ​មាន​ការ​ចុក​ចាប់​យ៉ាង​ណា​ក៏​មិន​បោះ​បង់​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​នៅ​តែ​ចូល​ព្រៃ​រក​ផ្លែ​ឈើ មើម​ឈើ ឬ​ប្រមាញ់​សត្វ​តូច​ៗ​ល្មម​នឹង​កម្លាំង​ខ្លួន ព្រោះ​ថា​ការ​ចុក​ចាប់​ស្នាម​របួស​ប៉ុណ្ណឹង​មិន​អាច​ប្រៀប​ផ្ទឹម​ការ​ឈឺ​ចាប់​ដោយ​សារ​បាត់​បង់​សាច់​ញាតិ​ឡើយ។

ស្ត្រី​ឈ្មោះ Mereka បញ្ជាក់​ថា កុល​សម្ព័ន្ធ​ដានី​គ្មាន​​ថ្នាំ​អ្វី​ផ្សេង​សម្រាប់​ជួយ​រម្ងាប់​ ឬ​កាត់​បន្ថយ​ការ​ចុក​ចាប់​ទេ, ចេះ​តែ​ត្រឹម​ប្រើ​ស្លឹក​ឈើ​ព្រៃ​ដែល​ធ្លាប់​ប្រើ​ត​ៗ​គ្នា​សម្រាប់​ព្យបាល​ប៉ុណ្ណោះ។ អ្នក​ខ្លះ​​ឆាប់​ជា អ្នកខ្លះ​ក្រ​ជា អ្នក​ខ្លះ​ទៀត​ស្នាម​របួស​ចេះ​តែ​ស៊ី​រាល​ដាល​រហូត​ដល់​ស្លាប់​ក៏​មាន។ ការ​កាត់​ម្រាម​ដៃ​នេះ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ តែ​ទោះ​ឈឺ​ចុក​ចាប់​យ៉ាង​ណាក៏​ត្រូវ​ខិត​ខំ​ធ្វើ​ការ​ប្រចាំ​ថ្ងៃ ព្រោះ​វា​ជា​ទំនៀម​ទម្លាប់​​​តាំង​ពី​ដើម​រៀង​មក មិន​អាច​គេច​វេះបាន​ទេ, ​វៀរ​​លែង​តែ​ស្នាម​ដំបៅ​ដល់​ថ្នាក់​ឡើង​កូន​កណ្តុរ​ក្តៅ​ខ្លួន​សន្លប់​សន្លិន​លើក​ដៃ​លើក​ជើង​លែង​រួច ទើប​អាច​ផ្អាក​ការ​ងារ​សម្រាក​នៅ​ផ្ទះ​មួយ​រយៈ​បាន។ ការ​កាត់​ម្រាម​ដៃ​នេះ សូម្បី​ប្រុស​ៗ​ខ្លះ​ក៏​ធ្វើ​តាម​ស្រី​ៗដែរ ដើម្បី​សម្តែង​ក្តី​នឹក​រលឹក​សោក​ស្តាយ​ចំពោះ​អ្នក​ស្លាប់​ទៅ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្វី​បើ​ការ​ងារ​ទេស​ចរ​ណ៍រីក​ចម្រើន​ខ្លាំង មាន​អ្នក​ទេស​ចរ​ច្រើន​​ឡើង​ៗ​ទៅ​ដល់​តំបន់​ភូមិ​​កររបស់​កុល​សម្ព័ន្ធ​ដានី ពិសេស​ទៅ​ជ្រលង​ភ្នំ​ Baliem តែ​ការ​រស់​នៅ​របស់​កុល​សម្ព័ន្ធដានីនេះ​គ្មាន​ការ​ប្រែ​ប្រួល​ខុស​ពី​មុន​ឡើយ ទំនៀម​ទម្លាប់​ប្រពៃណី​ហួស​សម័យ​ពី​មុន​មក​យ៉ាង​ណា ពួក​គេ​នៅ​តែ​រក្សា​ប្រតិ​បត្តិ​តាម​យ៉ាង​នោះ​ដដែល​អត់​មាន​កែ​លម្អ បន្ធូរ​បន្ថយ​ ឬ​បោះ​បង់​ចោល​សោះ ៕ តាទ្រី