រាជធានីភ្នំពេញ ៖ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MINEBEA ជប៉ុន បានចូលជួបសំណេះសំណាល និងសម្តែងការគួរសមចំពោះលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូចនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានីភ្នំពេញ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃសៅរ៍កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកកែប ជុតិមា បានអះអាងពីការគាំទ្រយ៉ាងពេញទំហឹង និងការជួយសម្រួលរាល់កិច្ចការងាររបស់ក្រុមហ៊ុន ដើម្បីឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យនៅរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចតេជោ ។
រោងចក្រផលិតម៉ូទ័រខ្នាតតូចមានលក្ខណៈ ទំនើបទាន់សម័យដំបូងគេបង្អស់ ដែលបានបង្កើតឡើងលើទឹកដីកម្ពុជា និងបានទទួលសិទ្ធិផ្តាច់មុខរយៈពេល៥ឆ្នាំ ។ ជោគជ័យរបស់ក្រុមហ៊ុន MINEBEA គឺជាកម្លាំងចលករមួយក្នុងការទាក់ទាញនូវការវិនិយោគថ្មី និងវិនិយោគិន បរទេសឱ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ថែមទៀត ។
ជំនួបសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ធ្នូ ២០១១ ៕
ចែករំលែកព័តមាននេះ