រាជធានីភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានរៀបចំពិធីបិទសន្និសីទ អន្ដរជាតិស្ដីពីការធ្វើអាជីវកម្មរ៉ែ ក្រោមប្រធានបទ “ឱកាសសំរាប់កម្ពុជា” កាលពីថ្ងៃ ទី២៧ ឧសភា ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បន្ទាប់ពីសន្និសីទនោះបានប្រារឰធ្វើឡើង រយៈពេលពីរថ្ងៃរួចមក ។ថ្លែងសុន្ទរកថានៅក្នុងពិធីបិទសន្និសីទនោះ លោករដ្ឋមន្ដ្រីស៊ុយ សែម បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNDP ដែលបានផ្ដួចផ្ដើម សហការជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល រៀបចំសន្និសីទនេះឡើង និងសូម កោតសរសើរដោយស្មោះចំពោះរាល់កិច្ចការដ៏លំបាក និងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដែលបានធ្វើឡើងដោយក្រុមអ្នករៀបចំ និងអ្នកចូលរួមទាំងអស់នៅក្នុងអង្គសន្និសីទនេះ ជាពិសេសវាគ្មិន អ្នកជំនាញការ អ្នកបកប្រែ និងអ្នកផ្សេងទៀតទាំងអស់ ដែលបានរួម វិភាគទានជាឧត្ដមគតិ ចំណេះដឹងបទ ពិសោធន៍ និងចំណាត់ការដ៏ជាក់លាក់ ធ្វើឱ្យអង្គសន្និសីទនេះដំណើរការបានល្អទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្ដ ។
វិស័យរ៉ែ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនានាលើពិភពលោក ។ តំរូវការវត្ថុធាតុដើមរ៉ែ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងការបំពេញតំរូវការផ្នែកសំភារឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជាបំរើដល់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងការអភិវឌ្ឍន៍ប្រទេស ។ ការអភិវឌ្ឍន៍ដែលខ្វះមូលដ្ឋានផលិតកម្មក្នុងការផលិតវត្ថុធាតុដើមរ៉ែ ក្នុងស្រុក ហើយពឹងផ្អែកទាំងស្រុងទៅលើការនាំចូលនឹងធ្វើឱ្យថ្លៃដើមផលិតផលមានកំរិតខ្ពស់ ។ លើសពីនេះ ក្រៅពីទទួលបានចំណូល ដល់ថវិកាជាតិ ការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជានឹងចូលរួមចំណែកដល់ការអនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ អនុវត្ដតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបើកសន្និសីទអន្ដរជាតិនេះ និងដោយអនុលោមទៅតាមលទ្ធផល និងបទពិសោធន៍ល្អៗដែលបានទទួលពីសន្និសីទនេះ ខ្ញុំសូមលើកឡើងនូវប្រការមួយចំនួនដែលចាំបាច់ត្រូវយកចិត្ដទុកដាក់បន្ថែមទៀតនោះគឺ ៖
១-ការបណ្ដុះបណ្ដាលធនធានមនុស្ស ៖ នេះជាប្រការសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសយើងមានមន្ដ្រីជំនាញ ភូគព្ភសាស្ដ្រ-រ៉ែក្នុងចំនួនតិចតួច ហើយមហាវិទ្យាល័យភូគព្ភសាស្ដ្រ-រ៉ែ ត្រូវបានបិទទ្វារតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ។ ដូចនេះ ការយកចិត្ដទុកដាក់បណ្ដុះបណ្ដាលទំញំងស្នងឫស្សី សំរាប់ធ្វើជាមន្ដ្រីបន្ដវេន គឺជាប្រការចាំបាច់ដែលត្រូវធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលវគ្គខ្លីៗក្នុងស្រុក ការផ្ដល់អាហារូបករណ៍ឱ្យទៅសិក្សានៅក្រៅប្រទេស និងការពិនិត្យលទ្ធភាពរៀបចំបើកឱ្យមានមហាវិទ្យាល័យភូគព្ភសាស្ដ្រ-រ៉ែឡើងវិញ ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់អង្គការ អន្ដរជាតិ សមាគម ក្រុមហ៊ុនវិនិយោគរ៉ែ និងស្ថាប័នជាតិពាក់ព័ន្ធ សូមជួយចូលរួមឧបត្ថម្ភ គាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ ។
២-ត្រូវរិះរកគ្រប់មធ្យោបាយដើម្បីមាន ប្រភពទុនសំរាប់សាងសង់ឱ្យមានមន្ទីរ ពិសោធន៍រ៉ែ នៅក្នុងស្រុក ។ កន្លងមក កង្វះខាតមន្ទីរពិសោធន៍ក្នុងស្រុកនេះ គំរូរ៉ែនានា ដែលត្រូវធ្វើវិភាគគីមីត្រូវបានបញ្ជូនទៅធ្វើពិសោធន៍នៅក្រៅប្រទេស ដែលធ្វើឱ្យខាត បង់ពេលវេលាយូរ បង្កើនការចំណាយថែម ហើយពិបាកក្នុងការគ្រប់គ្រងគំរូរ៉ែដែលត្រូវបញ្ជូនចេញ-ចូលផង ។
៣-រាល់កិច្ចប្រតិបត្ដិការរ៉ែអនាធិបតេយ្យ ត្រូវតែលុបបំបាត់ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ។
៤-បន្ដនយោបាយប្រកាន់យកតួនាទី ផ្នែកឯកជនជាដៃគូស្នូល ចូលរួមក្នុងការវិនិយោគវិស័យរ៉ែនៅកម្ពុជា ដោយជួយសំរួល និងលើកទឹកចិត្ដដល់ផ្នែកនេះ ។
៥-ជំរុញក្រុមហ៊ុនវិនិយោគដែលធ្វើប្រតិបត្ដិការរ៉ែនៅកម្ពុជា ឱ្យយកចិត្ដទុកដាក់ផ្នែក សង្គម បរិស្ថាន និងសហគមន៍នានា ដោយត្រូវគោរពទៅតាមគោលការណ៍ទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់ លិខិតបទដ្ឋាននានា និងជាពិសេសកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។
៦-បន្ដកសាងគោលនយោបាយច្បាប់ លិខិតបទដ្ឋាន និងនីតិវិធីច្បាប់នានា ដើម្បីធានានូវការគ្រប់គ្រងវិស័យរ៉ែ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ។
តាមរបាយការណ៍បូកសរុបដែលថ្លែង ដោយលោកសុខ ឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា អង្គសន្និសីទបានរៀនសូត្រអំពីការអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែ នៅតាមបណ្ដាប្រទេសនានាលើ សាកលលោក ដែលបច្ចុប្បន្នការធ្វើអាជីវកម្ម រ៉ែ ជាមុខរបរអន្ដរជាតិមួយ។ វាក៏ជាឧស្សាហកម្មមូលដ្ឋានមួយផងដែរ ហើយយើងក៏មិនត្រូវភ្លេចដែរថា ប្រសិនបើពុំមានឧស្សាហកម្មរ៉ែនេះទេ ពិភពលោកនាសម័យទំនើបនេះ ប្រហែលជាមិនអាចដំណើរការទៅមុខបានឡើយ ។លោកបានចោទសួរថា តើច្បាប់រ៉ែត្រូវមានអ្វីខ្លះ? ប្រសិនជាក្នុងក្របខណ្ឌច្បាប់ត្រូវបានអនុវត្ដដោយយកចិត្ដទុកដាក់ ស្របតាមទម្លាប់អនុវត្ដល្អបំផុត នឹងអាចលើកទឹកចិត្ដបន្ថែមទៀតឱ្យវិនិយោគិនមកពីសហគមន៍រ៉ែអន្ដរជាតិ ដើម្បីជួយយើងក្នុងការស្វែងរុករក និងជីកយករ៉ែទាំងនោះនៅកម្ពុជា។
នៅថ្ងៃអនាគត ការចូលរួម និងការចែករំលែកបទពិសោធន៍ពីវិនិយោគិនរ៉ែអន្ដរជាតិ មានសារសំខាន់ណាស់សំរាប់យើង ដើម្បីអភិវឌ្ឍន៍ វិស័យរ៉ែនៅកម្ពុជា ។ យើងក៏បានដឹងដែរថា ច្បាប់ដែលត្រូវយកមកអនុវត្ដត្រូវមានការ បំពេញបន្ថែមដោយរៀបចំដាក់ចេញនូវបទប្បញត្ដិផ្សេងៗទៀត ដែលមានលក្ខណៈសម ស្របចំពោះវិនិយោគិន ព្រមទាំងអាចការពារសិទ្ធិ សុខភាព និងសុវត្ថិភាពផងដែរដល់ កម្មករកម្ពុជា ដែលបំរើការងារនៅក្នុងឧស្សាហកម្មរ៉ែ ។ វាជាការបង្ហាញមួយយ៉ាងច្បាស់ផងដែរថា តម្លាភាពមានសារសំខាន់ប្រសិនបើយើងចង់ទាក់ទាញវិនិយោគិន ឱ្យចូលមកវិនិយោគក្នុងគម្រោងសិក្សាស្រាវជ្រាវរ៉ែធំៗ ដូចជាការអភិវឌ្ឍន៍អណ្ដូងរ៉ែមាស រ៉ែដែក រ៉ែបុកស៊ីត និងរ៉ែលោហៈផ្សេងៗទៀត ព្រោះថា ការវិនិយោគវិស័យរ៉ែ ជាការវិនិយោគមួយដែលមានហានិភ័យខ្ពស់បំផុត ធៀបទៅនឹងការវិនិយោគដទៃទៀត ។
តាមតួលេខដែលឆ្លងកាត់បទពិសោធន៍ជាក់ស្ដែង បានបង្ហាញឱ្យឃើញថា ក្នុងគំរោងសិក្សាស្រាវជ្រាវរ៉ែប្រមាណ១០០ទៅ១៥០គម្រោង មានគម្រោងតែមួយប៉ុណ្ណោះដែល ទទួលបានជោគជ័យ ។ យើងក៏បានសិក្សា និងដឹងអំពីកម្មវិធី EITI ដែលអាចយកមកប្រើប្រាស់ដើម្បីឈានទៅសំរេចគោលបំណងនេះ។ការស្វែងរុករករ៉ែមានសារប្រយោជន៍ណាស់ ដែលកម្ពុជាចាំបាច់ត្រូវធ្វើការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគ រ៉ែនៅកម្ពុជា។ នៅក្នុងបរិបទនៃការអភិវឌ្ឍន៍ វិស័យនេះទៅអនាគត វាបានបង្ហាញឱ្យយើង ឃើញយ៉ាងច្បាស់ថា យើងត្រូវការចាំបាច់ការវិនិយោគពីបរទេស ដើម្បីវាយតំលៃលើតំបន់ ជាច្រើនដែលអាចមានរ៉ែ ហើយដែលយើង បានដឹងថា តំបន់ទាំងនោះអាចមានសក្ដានុពលរ៉ែ ។ ដើម្បីសំរេចតាមទិសដៅនេះ យើងចាំបាច់ត្រូវពិចារណាថា តើរ៉ែណាខ្លះដែលសំខាន់ជាងគេបំផុតសម្រាប់សេដ្ឋកិច្ចយើង ក្នុងអំឡុងពេលមួយទសវត្សទៅមុខទៀត ហើយត្រូវផ្ដោតទៅលើការស្វែងរុករកការ កសាងផែនទី និងការវាយតំលៃលើតំបន់ ផ្សេងទៀតដែលនឹងអាចមានសក្ដានុពលរ៉ែ។
ហេតុដូច្នេះ ដើម្បីអនុវត្ដឱ្យសំរេចផែនការនេះ យើងចាំបាច់ត្រូវពិនិត្យឡើងវិញ និងបង្កើនសមត្ថភាពមន្ដ្រីទទួលបន្ទុកវិស័យរ៉ែ ។លោកបន្ដថា យើងបានដឹងអំពីវិនិយោគិន រ៉ែអន្ដរជាតិ ដែលមានលក្ខណៈសម្បត្ដិប្រសើរជាងគេនៅសម័យបច្ចុប្បន្ននេះ ដែលបានធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាន ព្រមទាំងបានផ្ដល់ការងារ ការអប់រំ និងការបង្កើន ទំនុកទុកចិត្ដគ្នាទៅវិញទៅមក។ ការធ្វើ អាជីវកម្មរ៉ែ គឺជាមុខរបរបណ្ដោះអាសន្នមួយ ហើយនៅពេលណាគេជីកយករ៉ែអស់ អាជីវកម្មរ៉ែនោះក៏ត្រូវបិទ ដូច្នេះយើងត្រូវធ្វើការគិតគូរទៅដល់អ្នកពាក់ព័ន្ធទាំងឡាយ ដែលបានចូលរួមនៅក្នុងការធ្វើអាជីវកម្មរ៉ែនេះ ។ ប្រសិនបើអាចធ្វើទៅបាននេះមានន័យថា សហគមន៍មូលដ្ឋានដែលបានចូលរួមក្នុងការ ធ្វើអាជីវកម្មរ៉ែ អាចបន្សល់ទុកនូវមុខជំនាញ បច្ចេកទេសដែលអាចយកទៅប្រើប្រាស់នៅ ក្នុងការធ្វើអាជីវកម្មផ្សេងទៀត ប្រកបដោយ ចីរភាពនៅពេលការដ្ឋានអណ្ដូងរ៉ែនោះត្រូវបិទ ។ដូច្នេះនៅក្នុងទិដ្ឋភាពខ្លះ នៅពេល កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យរ៉ែរបស់ខ្លួនយឺត ជាងបណ្ដាប្រទេសជិតខាងរបស់ខ្លួន កម្ពុជា អាចទទួលបាននូវបទពិសោធន៍ពីប្រទេស ទាំងនោះ ហើយកម្ពុជាអាចមានឱកាសអភិ វឌ្ឍន៍វិស័យយករ៉ែ ដោយឈរលើមូលដ្ឋាន គោលការណ៍អន្ដរជាតិស្ដីពីទម្លាប់អនុវត្ដល្អបំផុត ។ ទាំងអស់នេះ គឺជារូបមន្ដមួយដែល ប្រាកដជាអាចទាក់ទាញវិនិយោគដែលកម្ពុជាត្រូវការ ។
ចែករំលែកព័តមាននេះ