ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីបង្ការ​និង​ការថែទាំសុខភាពមាត់ធ្មេញ

12 ឆ្នាំ មុន

នៅថ្ងៃអង្គារសប្តាហ៍នេះ លោកជុំ ម៉ូនី ទន្ត​បណ្ឌិត បានធ្វើបទបង្ហាញពីសុខភាពមាត់ធ្មេញ និងការថែទាំដល់សិស្សានុសិស្សចំនួន​២៣០​នាក់ ។ ទន្តបណ្ឌិតជុំ ម៉ូនី បានធ្វើបទបង្ហាញដល់​សិស្សានុសិស្សថា ក្នុងមួយជីវិតរបស់មនុស្ស​យើងមានដំណុះធ្មេញពីរលើក ទី១ ធ្មេញព្រៃ ឬ ធ្មេញបណ្តោះអាសន្នមានចំនួន២០ធ្មេញ ដែល​ចែក​ចេញជាធេ្មញខាងមុខ៤ និងខាងក្រោម៤

នៅថ្ងៃអង្គារសប្តាហ៍នេះ លោកជុំ ម៉ូនី ទន្ត​បណ្ឌិត បានធ្វើបទបង្ហាញពីសុខភាពមាត់ធ្មេញ និងការថែទាំដល់សិស្សានុសិស្សចំនួន​២៣០​នាក់ ។ ទន្តបណ្ឌិតជុំ ម៉ូនី បានធ្វើបទបង្ហាញដល់​សិស្សានុសិស្សថា ក្នុងមួយជីវិតរបស់មនុស្ស​យើងមានដំណុះធ្មេញពីរលើក ទី១ ធ្មេញព្រៃ ឬ ធ្មេញបណ្តោះអាសន្នមានចំនួន២០ធ្មេញ ដែល​ចែក​ចេញជាធេ្មញខាងមុខ៤ និងខាងក្រោម៤ ចង្កូមខាងលើ២ និងខាងក្រោម២ និងថ្គាមខាង​លើ៤ ខាងក្រោម៤ ។ លោកបញ្ជាក់ថា ធ្មេញ​នេះ​ចាប់ផ្តើមដុះពីអាយុ៦ខែ រហូតដល់អាយុ២​ឆ្នាំកន្លះ ។ ទី២ហៅថា ធ្មេញស្រុក ឬធ្មេញ​អចិន្ត្រៃយ៍នោះ មានចំនួន៣២ធ្មេញ រួមមាន​ធ្មេញមុខ៤ ធ្មេញក្រោម៤ ចង្កូមលើ២ និងធ្មេញ​ក្រោម២ ថ្គាមតូចខាងលើ៤ និងខាងក្រោម៤ និងថ្គាមធំខាងលើ៦ និងខាងក្រោម៦ ហើយ​ចំពោះធ្មេញនេះចាប់ផ្តើមដុះពីអាយុ៦ឆ្នាំរហូតដល់អាយុ១៨ឆ្នាំ ។ លោកបានបន្ត​ទៀតថា​សិស្សា​នុសិស្សមាន​សុខភាពមាត់ធ្មេញល្អនាំឱ្យ​មានសុខភាព​ទូទៅ​បានល្អ ជួយបង្កើនសោភ័ណ​ភាពផ្ទៃមុខស្រស់​ស្អាត បរិភោគអាហារ​បាន​ឆ្ងាញ់​ពិសា មានក្លិន​មាត់ល្អ ។ លោកបានឱ្យដឹង​ទៀតថា ជាទូទៅ​ជំងឺមាត់ធ្មេញដែល​កើតជាញឹក​ញាប់ គឺមានពីរ​ប្រភេទសំខាន់ គឺជំងឺពុកធ្មេញ និងជំងឺរលាក​អញ្ចាញ​ធ្មេញ ។ ជំងឺពុកធ្មេញមាអាការៈ​ស្រៀវ​សង្កៀរ នៅពេលដែលប៉ះទឹក​ក្តៅ ឬត្រជាក់ខ្លាំង ហើយមានការឈឺចាប់នៅ​ពេល​ទំពាអាហារ និងអាចបណ្តាលឱ្យ​រលួយ​ធ្មេញ និងបង្កឱ្យមាន​រោគ​នៅចុងឫសធ្មេញ​ទៀតផង ។ ចំណែកឯ​ជំងឺរលាកអញ្ចាញវិញ យើង​អាចសម្គាល់បានថា អញ្ចាញមានសភាព​ហើម និងមានកំណកកំបោរ​នៅតាមគល់ធ្មេញដែលធ្វើឱ្យមានការឈឺចាប់​ឆ្អឹងរណ្តៅធ្មេញ​ចាប់​ផ្តើមស្រុតចុះ ធ្វើឱ្យធ្មេញរង្គើ​អ​​ញ្ចាញធ្មេញ​មាន​ខ្ទុះ និងធ្វើឱ្យធ្មេញសណ្តក។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន និងចាងហ្វាងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំងបានមានប្រសាសន៍ថា កម្ម​វិធីនេះប្រារព្ធឡើងសម្រាប់សិស្សានុសិស្សថ្នាក់
កុមារនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំងដែល​មាន​អាយុក្រោម១៣ឆ្នាំ ក្នុងគោលបំណងឱ្យ​សិស្សា​នុសិស្សបានយល់ដឹងអំពីវិធីសាស្រ្តថែរក្សាសុខ​ភាពមាត់ធ្មេញ ការអនាម័យ និងការដុសសម្អាត​ធ្មេញព្រោះសិស្សានុសិស្សក្នុងវ័យនេះងាយនឹងទទួលរងនូវជំងឺពុកធ្មេញ ។ លោកឧកញ៉ាវេជ្ជ​បណ្ឌិតបន្តថា ត្រូវដុសធ្មេញឱ្យបានញឹកញាប់​មួយ​ថ្ងៃពីរ​ទៅបីដង រួចហើយត្រូវប្រើខ្សែ ដើម្បី​ទាញសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀតយើង​ត្រូវទៅជួបគ្រូពេទ្យធ្មេញ ម្តងទៅពីរដង​ក្នុងមួយ​ឆ្នាំដើម្បីឲ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងដើម្បីត្រួតពិនិត្យក្រែងមានដង្កូវស៊ី និង​បញ្ហា​ផ្សេងៗជាមួយធ្មេញយើង។ លោកឧកញ៉ាវេជ្ជ​បណ្ឌិតបានបញ្ជាក់ថា បាក់តេរីមាននៅគ្រប់ទី​កន្លែង​ទាំងអស់ សូម្បីតែ​នៅក្នុងមាត់ក៏មានដែរ។

ការដុសច្រាស និងការប្រើខ្សែទាញវាអាចឆ្កឹះ​ទាញ​យកកាកសំណល់ចំណីអាហារដែលកកជាប់​ជើងធ្មេញបន្ទាប់ពីបរិភោគរួចបានមួយភាគធំ។ ក្នុងករណីនេះ លោកឧកញ៉ាវេជ្ជបណ្ឌិតផ្តល់​ដំបូន្មានថា គួរតែប្រើទឹក​ខ្ពុរមាត់ ឬទឹកអំបិលជា​ជំនួយរឹតតែប្រសើរ ដើម្បីជួយសម្អាតមាត់។ ចំពោះទឹកអំបិលនេះយើងលាយខ្លួនឯងនៅផ្ទះជាមួយទឹកក្តៅឧណ្ឌៗ ហើយខ្ពុរមួយថ្ងៃ៣-៤ដង ដើម្បីសម្លាប់ មេរោគ​ដូចជាបាក់តេរី និងវីរុស។

ជាចុងក្រោយលោកឧកញ៉ាវេជ្ជបណ្ឌិត បាន​ផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់អាណាព្យា​បាល​ដែលមានបុត្រាបុត្រីៗទាំងអស់ឧស្សាហ៍​យក​ចិត្តទុកដាក់ចំពោះបុត្រធីតាខ្លួនកុំឱ្យបរិភោគ​​ចំណីអាហារមានជាតិផ្អែមដូចជាស្ករ​គ្រាប់​ភេសជ្ជៈផ្អែមៗញឹកញាប់ពេក ដែលអាច​បណ្តាល​ឱ្យ​មានជំងឺពុកធ្មេញ ។ មិនតែប៉ុណ្ណោះ អា​ណា​ព្យាបាលគ្រប់រូបគួរចំណាយពេលវេលា ដើម្បី​បានចូលរួមក្នុងការដឹកនាំបង្ហាត់បង្ហាញឱ្យ​កូនតូចៗលោកអ្នកមានទម្លាប់ទៀង​ទាត់​ក្នុង​ការដុសសម្អាតធ្មេញ និងចេះពីរបៀបដុសធ្មេញ​ឱ្យបានត្រឹមត្រូវ៕