ស្រាវជ្រាវ ៖ ការព្យាយាមដាក់គ្រឿងផ្ទុះក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដែលបរាជ័យកាលពីអំឡុងពេលបុណ្យគ្រិស្តស្មាស កាលពីឆ្នាំមុន គឺជាចំណុចចាប់ផ្តើមទាមទារឱ្យយកម៉ាស៊ីនស្គែនលើរាងកាយប្រើប្រាស់នៅតាមព្រលានយន្តហោះផ្សេងៗ ប៉ុន្តែផ្នែកមួយក៏មានក្តីបារម្ភដល់ការល្មើសលើសិទ្ធិផ្ទាល់បុគ្គលកាន់តែខ្លាំង ។ ស្របពេលជាមួយគ្នានេះ ក្រុមសកម្មជននៅប្រទេសអាល្លឺម៉ង់ មួយក្រុមបានរៀបចំប្រឆាំងដោយការស្រាតននលគកនៅសល់តែឈុតក្នុង ដើម្បីប្រឆាំងនឹងឧបករណ៍ដ៏ទំនើបខាងលើនេះ ។
សមាជិករបស់គណបក្ស «ផាយរ៉េត ប៉ាទី» នៅប្រទេសអាល្លឺម៉ង់ បានរៀបចំធ្វើបាតុកម្មប្រឆាំងឧបករណ៍ស្គែន បង្ហាញរូបភាពនៅលើរាងកាយជាថ្មី កាលពីចុងសប្តាហ៍កន្លងមក ដោយការដោះសំលៀកបំពាក់ក្រៅចេញបង្ហាញឈុតក្នុង ដើរចែកខិត្តប័ណ្ណនៅទូទាំងព្រលានយន្តហោះ Tegal ក្នុងទីក្រុងប៊ែរ៍ឡាំង ។ ក្រៅពីនេះ ក្រុមបាតុករខាងលើថែមទាំងមានសរសេរអត្ថបទប្រឆាំងនឹងឧបករណ៍ស្គែននៅលើរាងកាយ ថ្មីនេះផងដែរ ។ ឧបករណ៍ស្គែនលើរាងកាយរបស់អ្នកដំណើរបានមើលឃើញយ៉ាងជាក់ច្បាស់នៅសព្វសារពាង្គកាយ ដូចជាអវយវៈភេទសិប្បនិម្មិត ឬសូម្បីតែស្ត្រីណាម្នាក់ដែលកែសម្ផស្សនៅលើដើមទ្រូងក៏មិនអាចលាក់លៀមបានដែរ ។ លក្ខណៈនៃការបង្ហាញខាងលើ ធ្វើឱ្យមានក្តីកង្វល់ ទាក់ទិននឹងសិទ្ធិបុគ្គល និងបញ្ហាផ្នែកច្បាប់ដែលបំពានលើបុគ្គលដោយឧបករណ៍ប្រភេទនេះ ៕
ចែករំលែកព័តមាននេះ