តាមប្រភពពីគេហទំព័រ Asiaoneចេញផ្សាយកាលពីថ្ងៃទី ២ វិច្ឆិកា បានឱ្យដឹងថា មានរឿងរ៉ាវគួរឱ្យខ្លោចចិត្តអាណិតអាសូរមួយបានកើតឡើងនៅតំបន់ជនបទក្នុងខេត្តហួណាន ប្រទេសចិន។ ក្រោយពេលបណ្តាញព័ត៌មានចុះផ្សាយនូវអត្ថបទនេះហើយ ធ្វើឱ្យប្រិយមិត្តអ្នកអានព័ត៌មានតាមគេហទំព័រទាំងឡាយក្តុកក្តួលក្នុងចិត្តអាណិតក្មួយស្រី ដែលនឹងមិនទាន់ដឹងក្តីផង វាសនាក្មួយតម្រូវឱ្យទទួលបន្ទុកមើលថែប្អូនប្រុសដែលទើបមានអាយុបាន២ឆ្នាំថែមទៀត ជីវិតក្មួយស្រីពិតជាអភ័ព្វក្រៃលែង ។
រឿងហេតុនេះមិនមែនជាឈុតឆាកក្នុងការសម្តែងសាច់រឿងនោះទេ តែវាជារឿងរ៉ាវពិតដែលកើតឡើងនៅតំបន់ជនបទមួយក្នុងខេត្ត ហួណាន ប្រទេសចិន។ រូបថតដែលលោកអ្នកបានឃើញគឺថតដោយលោក លូ គីហ្សីង Lu Qixing ខណៈដែលក្មួយស្រីឡុង ហ្សាងហ៊ន (Long Zhanghuan) កំពុងរៀនបណ្តើរ បីប្អូនដេកលើកដៃបណ្តើរ។
លោក លូ គីហ្សីង បាននិយាយថា ឪពុកម្តាយរបស់ពួកគេចេញទៅធ្វើការនៅក្រៅផ្ទះ រីឯលោកតាគឺជាកម្មករនៅក្នុងកសិកដ្ឋាន។ ជាហេតុធ្វើឱ្យក្មួយស្រីគ្មានជម្រើសណាមួយឡើយ ដូច្នេះនាងត្រូវតែយកប្អូនប្រុសទៅរៀនបណ្តើរ និងមើលថែបណ្តើរ ។ លោកលូ បន្តថា ពេលគាត់ទៅថតនូវតថភាពជាក់ស្តែងនេះ គាត់ឃើញក្មួយស្រីកំពុងរៀន ហើយបីប្អូនប្រុសកំពុងដេកលក់នៅលើដៃ។ រីឯប្អូនប្រុសរបស់នាងមានក្បាលធំខុសធម្មតា ដោយសារកង្វះខាតអាហារូបត្ថម្ភ។
យោងតាមលោកគ្រូប្រចាំថ្នាក់បាននិយាយថា ក្មួយស្រីរៀនថ្នាក់ទី២។ ស្ថានភាពគ្រួសាររបស់នាងរស់នៅទីក្រុងជៀងហ្សាន (Jiangshan)ជាទីក្រុងអំបូរភាគតិចនៃជនជាតិ Miao។
ក្មួយស្រី ឡុង ហ្សាងហ៊ន បាននិយាយថា នាងតែងតែយកប្អូនប្រុសមកសាលាពីរឬបីដងក្នុងមួយសប្តាហ៍ ព្រោះគ្មានអ្នកមើលថែ ។
ប្រភពចុងក្រោយពីបណ្តាញព័ត៌មានប្រទេសចិនចេញផ្សាយកាលពីថ្ងៃទី៣១ តុលា បានឱ្យដឹងថា ក្មួយស្រី ហ្សាងហ៊ន ត្រូវបានគេបញ្ជូនមកមកសិក្សានៅបឋមសិក្សាមួយផ្សេងទៀត ហើយមិនអាចនាំប្អូនប្រុសរបស់នាងមកជាមួយបានទេពីព្រោះសាលានៅឆ្ងាយពេក។ នាងត្រូវចំណាយពេល៤០នាទីក្នុងការធ្វើដំណើរទៅសាលាថ្មីរប់សនាង។ ក្នុងការធ្វើដំណើរតាមផ្លូវដែលសំបូរដោយភ្នំ គឺមានគ្រោះថ្នាក់ដល់ប្អូនប្រុសរបស់នាង។
ដោយឡែកយោងតាមរបាយការណ៍ពីគេហទំព័របានឱ្យដឹងថា មិត្តអ្នកអានជាច្រើនបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ក្រោយពីបានអាននូវព័ត៌មាននេះ ហើយអ្នកខ្លះបានស្វះស្វែងរកមធ្យោបាយទាក់ទងដើម្បីផ្តល់ថវិកាបន្តិចបន្តួចតាមទឹកចិត្តសប្បុរសរបស់ពួកគេជូនដល់គ្រួសាររបស់ក្មួយស្រី ៕
ចែករំលែកព័តមាននេះ