ខេត្តកំពត ៖ វាជារឿងរ៉ាវមួយដ៏កម្រនឹងកើតមានហើយអ្នកផងក៏ស្ទើរតែមិនជឿដែរដោយសារតែស្ត្រីចំណាស់ម្នាក់ឈ្មោះកឹម ទូច អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច អះអាងថា បានវាយប្រយុទ្ធគ្នាជាមួយខ្មោច ។ ហេតុការណ៍ដែលអ្នកភូមិភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ តុលា ។
ស្ត្រីចំណាស់ដែលក្រុមខ្មោចវាយប្រហារមានស្នាមជាំពេញរាងកាយនិងបាននិយាយប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា រូបគាត់ជាស្ត្រីមេម៉ាយរយៈពេល២០ឆ្នាំមកហើយ មុនពេលកើតហេតុ គាត់បានដើរចេញពីផ្ទះទៅមើលទូរទស្សន៍នៅផ្ទះអ្នកភូមិឈ្មោះកឿន ចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះគាត់។ លុះដល់ម៉ោង៨និង៣០នាទីយប់គាត់ក៏ដើរមកផ្ទះវិញតែម្នាក់ឯង ដោយដៃម្ខាងកាន់ពិល និងដៃម្ខាងទៀតកាន់ដបប្រេង ។
ពេលកំពុងតែដើរមកដល់ជិតត្រពាំងទឹកតូចមួយស្រាប់តែឃើញមនុស្សមាឌធំផ្លោះរបង ហើយមកស្ទាក់ពីមុខគាត់ ។ ស្ត្រីចំណាស់បានអះអាងថា ពេលនោះគាត់បានសួរថា អាណេតមកធ្វើអីយប់ អ៊ីចឹង? ព្រោះគាត់ស្មានថា ជាមនុស្សពិការភ្នែកម្នាក់នៅក្នុងភូមិឈ្មោះណេតនោះ។ គ្រាន់តែសួរមិនទាន់ផុតពីមាត់ផងខ្មោចបានលើកដៃវាយគាត់ហើយគាត់ក៏បានវាយតបតនឹងខ្មោចវិញ ។ ខ្មោចម្នាក់ទំនងជាទន់កម្លាំងជាងព្រោះពិលមួយដើមគាត់វាយរហូតដល់បែក ហើយខ្មោចម្នាក់ទៀតក៏បានហក់ពីជ្រុងត្រពាំងទឹកម្ខាងមកសំដៅគាត់តែត្រូវគាត់វ័ធមួយជើងសន្លប់ស្តូកហើយបានរត់មកដល់ផ្ទះតែមិនឈប់នៅផ្ទះទេក៏រត់ហួសទៅពួនផ្ទះក្មួយទាំងយប់។
ខណៈដែលមានការឆោឡោនិងដឹងថា គាត់វាយគ្នាជាមួយខ្មោច អ្នកភូមិក៏បានជូនដំណើរមកដល់ផ្ទះស្រាប់តែស្ត្រីរូបនោះបានស្រែកឱ្យគេជួយម្តងទៀត ព្រោះគាត់បានមើលឃើញខ្មោចម្នាក់បានហៅគាត់ចុះពីលើផ្ទះវាយគ្នាបន្តទៀត។
ទោះជាបែបណាក្រុមសាច់ញាតិស្ត្រីរងគ្រោះបានទៅហៅលោកតាអាចារ្យមកបាចទឹកមន្តបណ្តេញខ្មោចទាំងយប់កុំឱ្យមានភយន្តរាយដ៏អាក្រក់បែបនេះទៀត ស្ត្រីចំណាស់ត្រូវបានអ្នកភូមិចោមរោមមើលដោយឃើញស្នាមជាំពេញរាងកាយ ទើបជឿថា ខ្មោចវាយមែន ។
កូនៗរបស់គាត់នៅខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ បាននាំគ្នាមកជុំរួមទាំងអ្នកភូមិហើយបាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះកាចចង្រៃនេះឱ្យសាបសូន្យកាលពីរសៀលថ្ងៃទី១៣ តុលា ។ គេនៅចាំថា កន្លងមក បុរសម្នាក់បានស្លាប់ដោយគេអះអាងថា ត្រូវខ្មោចវាយនៅភូមិព្រៃកឹកនេះ។ រឿងរ៉ាវទាក់ទិននឹងខ្មោចព្រាយនេះនៅតែជាអាថ៌កំបាំងព្រោះគ្មានហេតុផលច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ