រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២ តុលា កន្លងទៅ តំណាងអយ្យការសាលាដំបូងរាជធានី បានសម្រេច មិនចោទប្រកាន់ ហើយធ្វើការដោះលែងយុវជនម្នាក់ឈ្មោះពេជ្រ ពីឡូទី ហៅវ៉ាត អាយុ២៤ឆ្នាំ ឱ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនរូបគេដោយសង្ស័យពាក់ព័ន្ធក្នុងអំពើមនុស្សឃាតលើយុវជនម្នាក់បណ្តាលឱ្យស្លាប់នាយប់ថ្ងៃទី២៨ កញ្ញា កន្លងទៅ នៅមុខមន្ទីរពេទ្យបង្អែកសម្តេចឪ ខណ្ឌឫស្សីកែវ ដែលជនរងគ្រោះឈ្មោះហម វាសនា ហៅក្តាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបឹងសាឡាង ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៨ កញ្ញា មានអំពើឃាតកម្មបាញ់សម្លាប់យុវជនម្នាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅមុខមន្ទីរពេទ្យសម្តេចឪ ដោយក្រុមជនមិនស្គាល់មុខរួចគេចខ្លួនបាត់។ បន្ទាប់ពីកើតមានអំពើឃាតកមក្មនោះបានមួយថ្ងៃ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានដាក់ការសង្ស័យទៅលើប្តីប្រពន្ធ២នាក់ និងបានហៅទៅសាកសួរ ព្រោះពួកគេមានអាសយដ្ឋានក្បែរគ្នានឹងជនរងគ្រោះ ហើយក៏ធ្លាប់មានទំនាស់ជាមួយគ្នាដែរ។ ក្រោយពីសាកសួរ នគរបាលខណ្ឌឫស្សីកែវ បានអនុញ្ញាតឱ្យស្ត្រីជាភរិយាបានវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកបុរសជាប្តីត្រូវបានឃាត់ទុកសួរបន្តនៅអធិការដ្ឋាន គឺឈ្មោះពេជ្រ ពីឡ៉ូទី ហៅវ៉ាត អាយុ២៤ឆ្នាំនេះ ។
ការសាកសួរបានអូសបន្លាយពេល២ទៅ៣ថ្ងៃ ហើយទំនងរកមិនឃើញអ្វីហៅថា ពាក់ព័ន្ធបទល្មើសក្នុងអំពើឃាតកម្មនេះ ហើយនគរបាលខណ្ឌឫស្សីកែវ ដែលទទួលបញ្ជាពីថ្នាក់លើឱ្យរៀបចំឯកសារបញ្ជូនជនសង្ស័យឈ្មោះពេជ្រ ពីឡូទី ហៅវ៉ាត ទៅកាន់សាលាដំបូងរាជធានីតាមនីតិវិធីប្រយោយជន៍គេចឱ្យផុតនូវការចោទប្រកាន់ណាមួយមកលើសមត្ថកិច្ចវិញ ។
រហូតដល់ថ្ងៃទី២ តុលា នគរបាលខណ្ឌឫស្សីកែវបាននាំ ខ្លួនឈ្មោះពេជ្រ ពីឡូទី ទៅសាលាដំបូងដែលសំណុំរឿងនោះ ស្ថិតនៅលើដៃលោកលី សុផាណា ព្រះរាជអាជ្ញារងធ្វើការសាកសួរ និងបន្ទាប់ពីសាកសួរអស់រយៈពេលពេញ១ថ្ងៃ តំណាងអយ្យការសម្រេចមិនចោទប្រកាន់លើឈ្មោះពេជ្រ ពីឡូទី តាមរបាយការណ៍សំយោគរបស់សមត្ថកិច្ចដែលដាក់ទៅចៅក្រមស៊ើបអង្កេតនោះទេ ពោលគឺសម្រេចដោះលែងឱ្យមានសេរីភាពវិញ ៕
ចែករំលែកព័តមាននេះ