រាជធានីភ្នំពេញ ៖ ជនជាតិអូស្ត្រាលីពីរនាក់មិត្តភក្តិដែលជាភ្ញៀវទេសចរមកលេងស្រុកខ្មែរ ហើយនាំគ្នាជួលម៉ូតូទុកៗជិះលំហែកាយនៅតាមសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ត្រូវចោរឆក់យក IPad មួយគ្រឿង ខណៈពេលកំពុងជិះម៉ូតូទុកៗឈប់ចំណុចភ្លើងស្តុបផ្លូវលេខ២៩៤ កែងមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣១ សីហា២០១១។
ជនជាតិអូស្ត្រាលីខាងលើនេះឈ្មោះ SHANE PAINCE ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ ក្នុងឋានៈជាភ្ញៀវទេសចរ។ មុនពេលចោរឆក់យក IPad ទៅបាត់ឈ្មោះ SHANE PAINCE និងមិត្តស្រីជាជនជាតិបរទេសដូចគ្នា បានជួលម៉ូតូទុកៗរបស់ឈ្មោះអុឹង រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជិះចេញពីក្លឹបកាហ្វេចំប៉ា ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បំណងឆ្ពោះទៅមុខព្រះបរមរាជវាំង ដើម្បីរកជួបមិត្តភក្តិផ្សេងទៀត។
ម្ចាស់រ៉ឺម៉កទុកៗឈ្មោះស៊ឹង រតនា បានបើកម៉ូតូទុកៗតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចភ្លើងស្តុបខាងលើក៏ឈប់ម៉ូតូទុកៗតាមសញ្ញាភ្លើងស្តុប។ ស្របពេលជាមួយនោះ ក៏លេចមុខមនុស្សយុវជនស្ទាវម្នាក់ពាក់មួកសុវត្ថិភាព ស្លៀកពាក់ស៊ីវិល ស្អាតបាត បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ មកឈប់ទន្ទឹមនឹងទុកៗ ហើយធ្វើសកម្មភាពលូកឆក់យកម៉ាស៊ីន IPad ដែលឈ្មោះ SHANE PAINCE ដាក់នៅលើកៅអីទុកៗក្បែរខ្លួន ជិះម៉ូតូរត់គេចខ្លួនទៅបាត់ភ្លាមៗតែម្តង៕
ចែករំលែកព័តមាននេះ