ខេត្តបន្ទាយមានជ័យ ៖ រឿងក្តីព្រហ្មទណ្ឌករណីសញ្ចារកម្ម ដោយសារចៅស្រី២នាក់លួចចេញទៅរកស៊ីបម្រើផ្លូវភេទលួចលាក់ដោយខ្លួនឯង មិនឱ្យជីដូនដឹង ថែមទាំងឱ្យជីដូនដែលមានវ័យចំណាស់អាយុ៦០ឆ្នាំទទួលទោសជំនួសពួកគេទាំង២នាក់ ហើយត្រូវបានតុលាការខេត្តបើកសវនាការជំនុំជម្រះក្តីនៅព្រឹកថ្ងៃទី៣០ សីហា ។ អង្គជំនុំជម្រះមានលោកអ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ លោកធាម ពិសិដ្ឋ លោកសាយ សម្ផស្សសេរី ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះក្តី និងលោកផាន់ ភិរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកអ៊ឹម វណ្ណៈ ប្រធានចៅក្រមជំនុំជម្រះបានចោទសួរដេញដោលដល់ជនជាប់ចោទឈ្មោះកែវ នី ហៅយាយអ៊ុកអាយុ៦០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់កាហ្វេនៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ត្រីរូបនោះបានសារភាពនៅចំពោះមុខសវនាការនេះថា គាត់បានទទួលប្រាក់ពីចៅស្រីទាំងនោះមែន ពួកគេនិយាយប្រាប់គាត់ថា លុយទាំងអស់នោះគឺពួកគេទៅស៊ីឈ្នួលលក់ផ្លែឈើ និងគ្រឿងក្រអូបឱ្យមិត្តភក្តិ ។ ម្យ៉ាងទៀតគាត់បានអប់រំណែនាំពួកគេកុំឱ្យសេពគប់ជាមួយជនប្រព្រឹត្តគ្រឿងញៀន បើហ៊ានផ្តេសផ្តាសគាត់នឹងបោកក្បាលសម្លាប់ខ្លួនប្រសើរជាងរស់នៅ ។ តែជាអកុសលត្រូវចៅស្រីទាំង២នាក់ដែលមានមុខរបរលក់ដូរផ្លូវភេទទៅដេកជាមួយភ្ញៀវឆ្លើយដាក់គាត់ថា ជាអ្នកផ្សំគំនិត ពេលដែលសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ។ ចៅស្រីគាត់ទាំង២នាក់ឈ្មោះង្វៀង គាវអាំង អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះង្វៀង គាវហ្វឺន អាយុ១៥ឆ្នាំ ។
នៅចំពោះសវនាការសួរចម្លើយ ពួកគេទាំង២នាក់បានសារភាពថា រឿងរ៉ាវទាំងឡាយគឺពួកគេបានប្រើល្បិចភូតកុហក់ជីដូន ដោយនិយាយថា ទៅស៊ីឈ្នួលលក់ផ្លែឈើ និងគ្រឿងក្រអូបឱ្យមិត្តភក្តិ ដើម្បីសន្សំលុយផ្ញើទៅម្តាយនៅឯប្រទេសវៀតណាមដែលលុយនោះគឺពួកគេប្រគល់ឱ្យជីដូនជាអ្នកទុកដាក់ ។
ចៅស្រីកំហូចទាំង២នាក់សារភាពថា តាមពិតលុយដែលបានមកនោះគឺពួកនាងទៅដេកជាមួយភ្ញៀវ ដេកម្តងបានកម្រៃ៤០០បាត ប្រាក់ថៃ។ ចំពោះពាក្យថា ស៊ីឈ្នួលលក់ផ្លែឈើ និងគ្រឿងក្រអូបនោះគ្រាន់តែជាលេសភូតយាយតែប៉ុណ្ណោះ ។ ពួកគេទាំង២នាក់បងប្អូនបានបបួលគ្នាប្រព្រឹត្តបម្រើផ្លូវភេទដោយខ្លួនឯង ព្រោះតែជីវភាពក្រីក្រគ្មានលុយមើលជីដូនឈឺដេកនៅផ្ទះ ទើបបង្ខំចិត្តដេកជាមួយភ្ញៀវតាមផ្ទះសំណាក់, តាមសណ្ឋាគារក្នុង១ថ្ងៃពី២ ទៅ៣ដង ឱ្យតែភ្ញៀវត្រូវការ គឺគេហៅតាមទូរស័ព្ទ ។
លោកធាម ពិសិដ្ឋ ក្រុមប្រឹក្សាជំនុំជម្រះបានបន្តថា ជនជាប់ចោទអះអាងថា ខ្លួនពិតជាបានទទួលលុយពីចៅស្រីទាំង២យកមកផ្ញើទុកនឹងគាត់សម្រាប់ឱ្យម្តាយគេនៅប្រទេសវៀតណាមចំនួន១៣ម៉ឺនដុងម្តងដែរ ក្រោយមកទទួលបាន៤០០បាតនោះ គឺច្រើនបំផុត ។
ករណីសួរដេញដោលជនជាប់ចោទ និងជនរងគ្រោះនៅពុំទាន់បញ្ចប់នោះទេ ដោយតុលាការសម្រេចប្រកាសសាលក្រមនៅថ្ងៃក្រោយទៀត ។ ប្រការដែលគួរឱ្យកត់សម្គាល់នោះ គឺលោកយាយត្រូវបានគេជួយគ្រាយ៉ាងលំបាកចូលមកតុលាការ ដោយសារតែមុខរបរខូចរបស់ចៅស្រីដែលនាងឆ្លើយដាក់ គឺពិតជាបានសាងបាបកម្មមែន ៕
ចែករំលែកព័តមាននេះ