រាជធានីភ្នំពេញ ៖ គណៈកម្មការរៀបចំសន្និសីទស្ត្រីនៅកម្ពុជា ដែលជាអង្គការសង្គមស៊ីវិល បានឱ្យដឹងថា នៅថ្ងៃទី៦-៨ កញ្ញា ឆ្នាំ២០១១ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ នឹងមានការរៀបចំសន្និសីទស្តីពីស្ត្រីនៅកម្ពុជាក្រោមប្រធានបទ «ស្ត្រីកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន»។ អង្គពិធីនេះនឹងត្រូវរៀបចំឡើងក្រោម អធិបតីភាពលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និសីទនេះនឹងចាប់ផ្តើមនៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០១១ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ វេលាម៉ោង៨ព្រឹក។ វាគ្មិនសំខាន់ៗដែលអញ្ជើញមកពីអង្គការជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចដែលមានជំនាញលើប្រធានបទចំបងៗរួមមាន៖ ១-តុល្យការរវាងទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសិទ្ធិស្ត្រី
២-ការទទួលបានការអប់រំ និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ៣-អំពើហិង្សាលើស្ត្រី យុត្តិធម៌ស្ត្រី និងសុខភាពស្ត្រី
៤-យុត្តិធម៌ខាងផ្នែកសេដ្ឋកិច្ចចំពោះស្ត្រី
៥-ការពង្រឹងយន្តការការងាររវាងអង្គការសង្គមស៊ីវិល និងអង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាយេនឌ័រ និងជំហានបន្ទាប់។
៦-ការផ្តល់ជំនួយ ដែលមានប្រសិទ្ធភាពដើម្បីលើកកម្ពស់សិទ្ធិស្ត្រី ។
សន្និសីទស្តីពីស្ត្រីនៅកម្ពុជា រៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមាននូវក្របខណ្ឌការងារជារួមមួយ ដើម្បីជំរុញឱ្យស្ថានភាពស្ត្រីនៅកម្ពុជាមានភាពកាន់តែប្រសើរឡើង ទាំងក្នុងឆាកនយោបាយ សង្គម និងសេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ នឹងមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងក្រោមជាតិ សមាគមមូលដ្ឋានតំណាងស្ត្រីងាយរងគ្រោះ ស្ត្រីជាសមាជិកានៃក្រុមប្រឹក្សាឃុំ ដៃគូអភិវឌ្ឍនានាប្រចាំប្រទេសកម្ពុជាសរុបចំនួនជាង៤០០នាក់ ៕
ចែករំលែកព័តមាននេះ