ខេត្តកំពត ៖ ប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី២៧ សីហា បានចាប់យុវជនម្នាក់ឈ្មោះហុក គា អាយុ២៤ឆ្នាំ នៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ។ តាមរបាយការណ៍របស់ប៉ូលិសបានសរសេរថា ការចាប់ខ្លួនយុវជនរូបនេះពាក់ព័ន្ធករណីហិង្សាដោយចេតនា ព្រោះបានយកដែកវាយសំពងបុរសម្នាក់ឈ្មោះធម្ម ផាន់ណារិទ្ធ ហៅម៉ៅ ជាអ្នករត់ម៉ូតូឌុបនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ សីហា ។
បុរសរងគ្រោះត្រូវបានគេទូរស័ព្ទហៅទៅស្ទាក់វាយនៅត្រង់ផ្លូវបំបែកទឹកវិលក្នុងឃុំកំពង់ក្រែង ។ ជនរងគ្រោះត្រូវបានគេវាយបែកក្បាលហើយប៉ូលិសប៉ុស្តិ៍បានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ក្រោយពេលដឹងខ្លួនជនរងគ្រោះបាននិយាយប្រាប់ប៉ូលិសថា ខ្លួនបានស្គាល់ឈ្មោះ «ហ៊ីង» ម្នាក់ ព្រោះបុរសឈ្មោះហ៊ីង នេះ បានហៅខ្លួនឱ្យឌុបយកទៅភូមិកំពង់ក្រែង ដើម្បីជួបជុំមិត្តភក្តិផឹកស៊ីនៅផ្ទះឈ្មោះចក់ សម្បត្តិ ហៅមាស សំបូរ ជាមន្ត្រីនគរបាលសណ្តាប់ធ្នាប់ខេត្ត និងមនុស្សផ្សេងទៀត។
តាមចម្លើយជនជាប់ចោទឈ្មោះហុក គា បាននិយាយប្រាប់ប៉ូលិសថា នៅវេលាម៉ោងប្រហែលជិត១០យប់ ថ្ងៃទី២៦ សីហា ឈ្មោះហ៊ីង ជាមិត្តភក្តិបានខ្ចីទូរស័ព្ទអ្នករត់ម៉ូតូឌុបទូរស័ព្ទមករកខ្លួនថែមទាំងហៅម៉ូតូឌុបនោះដឹកមកដល់ភូមិកំពង់ក្រែងទៀតផង។ បន្ទាប់ពីបានដឹកឈ្មោះហ៊ីង មកជួបជុំគ្នាហើយ បុរសអ្នករត់ម៉ូតូឌុបក៏បានត្រឡប់មកក្រុងកំពតវិញ ។ បន្ទាប់ពីជួបជុំគ្នាផឹកស៊ីរួចឈ្មោះហ៊ីង មានអាការស្រវឹងស្រាក៏បានទូរស័ព្ទហៅអ្នករត់ម៉ូតូឌុបមកដឹកគេ ពេលនោះអ្នកផឹកស៊ីជាមួយបានសុំនិយាយឆ្លើយឆ្លងជាមួយអ្នករត់ម៉ូតូឌុបហើយក៏មានការទាស់ពាក្យសំដីគ្នា។ ពេលនោះឈ្មោះចក់ សម្បត្តិ ហៅមាស សំបូរ ជានគរបាលសណ្តាប់ធ្នាប់ខេត្តបានខឹងនឹងអ្នករត់ម៉ូតូឌុបដែលជេរតាមទូរស័ព្ទយ៉ាងខ្លាំង ហើយក៏បានឱ្យឈ្មោះហ៊ីង ហៅអ្នករត់ម៉ូតូឌុបនោះមកដឹក ដើម្បីបានមើលមុខ។ នៅម៉ោងប្រហែល១១យប់ ឈ្មោះហា សម្បត្តិ បានទូរស័ព្ទហៅអ្នករត់ម៉ូតូឌុបម្តងទៀត ឱ្យមកឌុបឈ្មោះហ៊ីង ផង ព្រោះស្រវឹងខ្លាំងហើយ និងបានណាត់ឱ្យមកដឹកនៅចំណុចផ្លូវបំបែកទឹកវិល ។ ពេលអ្នករត់ម៉ូតូឌុបមកដល់ ខ្លួនឈ្មោះហុក គា ជាអ្នកចុចពិលមើលមុខឯឈ្មោះចក់ សម្បត្តិ ហៅមាស សំបូរ បានយកដែកវាយក្បាលអ្នករត់ម៉ូតូឌុបនោះបណ្តាលឱ្យបែកហូរឈាម ។
ក្រោយពេលកើតហេតុមន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស៊ើបអង្កេតរកឃើញថា ឈ្មោះហុក គា និងឈ្មោះចក់ សម្បត្តិ ហៅមាស សំបូរ ពិតជាបានប្រព្រឹត្តហិង្សាដោយចេតនាប្រាកដមែន ។ ប៉ុន្តែឈ្មោះចក់ សម្បត្តិ ហៅមាស សំបូរ បានគេចខ្លួនបាត់បន្ទាប់ពីប៉ូលិសបានចាប់ឈ្មោះហុក គា នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ ក្រុមគ្រួសារជនរងគ្រោះបានសំណូមពរឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ