រាជធានីភ្នំពេញ ៖ យោងតាមវ៉េបសាយកោះសន្តិភាពចុះថ្ងៃទី២៦ សីហា ២០១១ ក្រោមចំណងជើងថា «ស្ត្រីបុគ្គលិកបញ្ជរបង់ប្រាក់ ត្រូវជនប្រមឹកដៀលត្មះ និងវាយទាត់ធាក់គ្មានមូលហេតុ» ត្រូវបានបុរសដែលគេចោទថា ជាជនដៃដល់នោះបានធ្វើលិខិតបំភ្លឺមកកាន់ការិយាល័យនិពន្ធកោះសន្តិភាព កាលពីថ្ងៃទី៣១ សីហា ២០១១ បញ្ជាក់ថា រូបគាត់មិនបានធ្វើឃោរឃៅដូច្នោះទេ។
ម្ចាស់លិខិតបានសរសេរថា ក្នុងនាមខ្ញុំត្រូវបានគេចោទប្រកាន់ហួសពីការពិតខ្លាំងក្លា ខ្ញុំបាទឈ្មោះស៊ឹម វិចិត្រ មានទីលំនៅក្រុមទី១៥ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សុំបំភ្លឺឡើងវិញ ចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះទុក ស្រីល័ក្ខ អាយុ២០ឆ្នាំ ជាបុគ្គលិកយកប្រាក់លើផ្លូវលេខ២០០៤ ប្រចាំការនៅបញ្ជរបង់ប្រាក់ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ ថា ខ្ញុំបាទមិនបានទាត់ធាក់ទៅលើស្ត្រីបញ្ជរបង់ប្រាក់នោះទេ ធាតុពិត ខ្ញុំបាទសូមបញ្ជាក់ឡើងវិញថា កាលពីវេលាម៉ោង៩និង៣០យប់នាទីថ្ងៃទី២៤ សីហា ២០១១ ខ្ញុំបានបើករថយន្ត CRV តាមផ្លូវ២០០៤ មកដល់ចំណុចបញ្ជរបង់ប្រាក់បានហុចលុយក្រដាស៥.០០០រៀល ទៅឱ្យស្ត្រីឈ្មោះទុក ស្រីល័ក្ខ ប៉ុន្តែពេលនោះអាប់លុយយូរពេក ពោលគឺស្ត្រីនោះមានការយឺតយ៉ាវ ខ្ញុំក៏ស្តីបន្ទោសថា ដូរលុយយឺតម៉្លេះ ស្រាប់តែស្ត្រីនោះបានជេរប្រមាថមកលើរូបខ្ញុំហើយពេលនោះខ្ញុំក៏ចុះពីរថយន្តសួរនាំ រួចយកជើងឈូសកៅអីស្ត្រីនោះបន្តិច ស្រាប់តែស្ត្រីនោះឆោឡោឡើងផ្អើលគេឯង ជំរុញឱ្យកងរាជអាវុធហត្ថដែលជាអ្នកការពារបញ្ជរបង់ប្រាក់នោះ ចាប់ខ្ញុំបាទយកទៅប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍កាកាបតែម្តង។
ការពិតខ្ញុំពុំបានទាត់ធាក់ ឬស្រវឹងស្រាជោក រួចទៅទាត់ធាក់លើស្ត្រីបញ្ជរបង់ប្រាក់នោះបន្តិចណាឡើយ យ៉ាងហោចណាស់ក៏ខ្ញុំយល់ដឹងពីផ្លូវច្បាប់ខុសឬត្រូវយ៉ាងម៉េចដែរ៕
ចែករំលែកព័តមាននេះ