ប្រភពពី AFP ផ្សាយថា ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលីអាចផ្តួលជើងឯកជាច្រើនជំនាន់ ក្រុងវ៉េនគូវើ រំកិលឡើងជាជើងឯកទីក្រុងគួរឱ្យចង់រស់នៅបំផុតនៅលើពិភពលោក តាមរយៈការស្ទាបស្ទង់របស់ទីភ្នាក់ងារសេដ្ឋសាស្ត្រ (Economist Intelligence Unit) កាលពីថ្ងៃទី៣០ សីហា កន្លងទៅ ។
ក្រុងម៉េលប៊ន ស្ថិតនៅលំដាប់ទី១ នៃទីក្រុងគួរឱ្យចង់រស់នៅបំផុតនៅលើសាកលលោកប្រចាំឆ្នាំ២០១១ខាងចំណោមទីក្រុងសរុប១៤០នៅទូទាំងពិភពលោក ។ ចំណាត់ថ្នាក់ខាងលើ អាចផ្តួលក្រុងជើងឯកវ៉េនគូវើរបស់កាណាដាដែលគ្រប់គ្រងតំណែងខាងលើជិតមួយទសវត្សប៉ុន្តែក្នុងឆ្នាំ២០១១ ស្ថិតនៅលំដាប់ទី៣តាមពីក្រោយក្រុងវីយែន ប្រទេសអូទ្រីស ។
ក្រៅពីទីក្រុងម៉េលប៊ន នៅមានទីក្រុងជាច្រើនទៀតរបស់ប្រទេសអូស្ត្រាលីបានលេចធ្លោក្នុងចំណោម១០ លំដាប់ថ្នាក់ដំបូង គឺក្រុងស៊ីដនី ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៦ ខណៈពេលក្រុងកើត និងអេឌីឡេត ស្ថិតនៅលំដាប់ថ្នាក់ទី៨ដូចគ្នា ក្នុងលទ្ធផលស្រាវជ្រាវដែលរៀបចំឡើងចំនួន២លើកក្នុងមួយឆ្នាំ ។
ចំណែកប្រទេសកាណាដាក៏មានលទ្ធផលស្រាវជ្រាវលេចធ្លោផងដែរដូចជាក្រុងតូរ៉ង់តូនិងខាលហ្គារីស្ថិតនៅលំដាប់ទី៤ និង៥ ជាបន្តបន្ទាប់ ខណៈពេលទីក្រុងហេលស៊ីងគីប្រទេសហ្វាំងឡង់ ស្ថិតនៅលំដាប់ទី៧ និងក្រុងអូក្លែន របស់នូវែលសេឡង់ស្ថិតនៅលំដាប់ទី១០ ។
ការរៀបចំចំណាត់ថ្នាក់របស់ទីភ្នាក់ងារសេដ្ឋសាស្ត្របានផ្តល់ទំនុកចិត្តលើស្ថានភាពគួរឱ្យចង់រស់នៅដោយសារស្ថិរភាពផ្នែកនយោបាយ និងជីវភាពអត្រាកើតឧក្រិដ្ឋកម្ម ប្រព័ន្ធសុខភាព បរិស្ថាន ផ្នែកអប់រំ និងបទដ្ឋាននៃប្រព័ន្ធរចនាសម្ព័ន្ធផ្សេងៗទៀត ។
ចំណែកទីក្រុងផ្សេងៗដែលធ្លាប់មានកេរិ៍្តឈ្មោះដូចជានៅក្រុងប៉ារីស ស្ថិតនៅលំដាប់ទី៦ នាំមុខក្រុងតូក្យូចំនួន២លំដាប់ថ្នាក់ ខណៈពេលទីក្រុងធំៗរបស់អាមេរិករួមមានទីក្រុងហូណូលូលូ នៅលំដាប់ទី២៦ ចំណែកទីក្រុងឡុងដ៍ធ្លាក់ដល់លំដាប់ទី៥៣ តាមពីក្រោយក្រុងសិង្ហបុរី ១លំដាប់ថ្នាក់ (៥២) ។
រីឯទីក្រុងផ្សេងៗនៅលើពិភពលោកដែលស្ថិតនៅក្នុងលទ្ធផលដ៏ប្រថុយប្រថាន និងគ្រោះថ្នាក់ គ្មានភាពស្ងប់ស្ងាត់ដូចជាក្រុងអេតែនរបស់ក្រិកធ្លាក់ដល់លំដាប់ទី៦៧ ខណៈពេលទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី ដែលស្ថិតក្នុងសង្គ្រាមធ្លាក់ដល់លំដាប់ទី១៣៥ ដោយមុននោះ (២០១០) ស្ថិតនៅលំដាប់ទី១០៧ ៕
ចែករំលែកព័តមាននេះ