ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី៣០ សីហា ២០១១ លោកសួន រិនឌី អភិបាលរង និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើខេត្ត ដោយមានការចូលរួមពីលោកតន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូង លោកខូយ រីដា នាយករដ្ឋបាលសាលាខេត្ត លោកជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើ សំពៅមាស និងកម្លាំងប៉ូលិស ប៉េអឹម បានចុះឆែកឆេរធ្វើសន្និធិដេប៉ូលក់ឈើអត់ច្បាប់មួយកន្លែងនៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ម្ចាស់ដេប៉ូឈ្មោះកេត វណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ ពេលសមត្ថកិច្ចចូលត្រួតពិនិត្យក្នុងដេប៉ូមិនឃើញនៅទេ ឃើញតែប្រពន្ធស្រក់ទឹកភ្នែកលើកដៃសំពះសុំឱ្យសមត្ថកិច្ចលើកលែងទោស និងកុំរឹបអូសឈើរបស់គាត់ ព្រោះគាត់កំពុងតែរត់ច្បាប់មិនទាន់រួច។
នៅក្នុងដេប៉ូមានឈើចំរៀកប្រភេទលេខ២និងលេខ៣ ជាច្រើនម៉ែត្រគូប ដូចជាក្តារក្រាល ក្តារជញ្ជាំង សសរ រនូត និងឈើបង្គោលជាដើម ខ្លះដាក់ក្នុងរោង ខ្លះត្រាំក្នុងទឹកស្រះ និងខ្លះទៀតគ្របស័ង្កសីក្រោយផ្ទះ ថែមទាំងមានម៉ាស៊ីនច្រៀកទៀតផង។ ប្រភពព័ត៌មានឱ្យដឹងទៀតថា ដេប៉ូឈើមួយកន្លែងនេះ ងាយស្រួលដល់អតិថិជនមកពីឃុំស្យា ឃុំកញ្ជរ និងឃុំរាំងទិល ពិសេសអ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងការទិញសង់លំនៅដ្ឋាន ព្រោះវាជិតផ្ទះមិនលំបាកធ្វើដំណើរមកទិញនៅទីរួមស្រុកកណ្តៀង ឬក្បាលស្ពានថ្មផ្សារពោធិ៍សាត់នោះទេ ។ ប្រភពឱ្យដឹងទៀតថា ឈើដែលដាក់លក់ក្នុងដេប៉ូនេះ គេប្រើរូបភាពដឹកជញ្ចូនម្តង១០សន្លឹក ម្តង២០សន្លឹក ដោយផ្ញើតាមរថយន្តឈ្នួលរាល់ថ្ងៃរបៀបដូចជាយកមកសង់លំនៅឋានយ៉ាងអ៊ីចឹង។
លោកសួន រិនឌី និងលោកតន់ សីហតេជៈ បាននិយាយថា បន្ទាប់ពីរកឃើញ និងបានពិនិត្យទីតាំងដេប៉ូអត់ច្បាប់នេះ ក៏បានប្រគល់ភារកិច្ចឱ្យទៅជំនាញមេព្រៃ និងប៉ូលិស ប៉េអឹម ចាត់វិធានការប្រមូលឈើទាំងក្នុងទឹក និងលើគោកមកវាស់វែង រួចហើយដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ