រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារតែខឹងគោតែងចូលស៊ីស្រូវច្រើនដងពេក ក៏ទៅឡើងកាប់មែកក្ងោកដើម្បីយកមកធ្វើរបង រារាំងកុំឱ្យគោចូលស៊ីស្រូវទៀត ប៉ុន្តែអនិច្ចាឡើងទៅមិនទាន់បានកាប់ផង ក៏រអិលជើងធ្លាក់មកអុកគូទដេកផ្អៀង បណ្តាលឱ្យធ្លាយសួត និងធ្លាយរបាំងសួត កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ សីហា ២០១១ នៅភូមិត្រពាំងចំបក់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះឃឹម យិន អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកើតហេតុខាងលើ ស្រែរបស់គាត់នៅជាប់នឹងផ្លូវដើរេពោរពេញទៅដោយសំណាបខៀវស្រងាត់ជិតចេញគ្រាប់ទៅហើយ ធ្វើឱ្យគោចេះតែចូលស៊ីស្រូវសំណាបជារៀងរាល់ថ្ងៃ ដូច្នេះហើយទើបប្តីរបស់គាត់ក៏ឡើងទៅកាប់មែកក្ងោក ដើម្បីយកមកធ្វើរបងការពារកុំឱ្យគោចូលស៊ីស្រូវទៀត។ លុះព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានឡើងទៅកាប់មែកក្ងោក ពេលឡើងទៅបានកម្ពស់៦ម៉ែត្រ មិនទាន់ទាំងបានកាប់ផង ស្រាប់តែរអិលជើងធ្លាក់មកដីតែម្តង។
ប្រភពព័ត៌មានបន្តទៀតថា ពេលដែលធ្លាក់មកនោះ បុរសជាប្តីអុកគូទហើយដេកផ្អៀង ពេលដែលឃើញធ្លាក់ដូច្នេះ គាត់ និងកូនដែលនៅជិតនោះដែរ បានរត់ទៅមើល ឮបុរសជាប្តីស្រែកថា ណែនទ្រូងណាស់ពិបាកដកដង្ហើម ពេលនោះរូបគាត់បានបញ្ជូនប្តីទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ គ្រូពេទ្យបានពិនិត្យមើលឃើញបុរសនោះធ្លាយសួត និងធ្លាយរបាំងសួតទៀតផង ដូច្នេះហើយទើបធ្វើឱ្យគាត់ពិបាកដកដង្ហើម ហើយម្យ៉ាងទៀតនៅមន្ទីរពេទ្យនេះមិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលទេ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត្របន្តទៀត៕
ចែករំលែកព័តមាននេះ