រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣០ សីហា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរមួយជូនលោកយូស៊ីហីកូ ណូដា នាយករដ្ឋមន្ត្រីជប៉ុន ។
ខ្លឹមសារនៃសារលិខិតបានសរសេថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ទំនាក់ទំនងមិត្តភាពដ៏វិសេសវិសាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ពិតជាត្រូវបានពង្រឹង និងពង្រីកថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិយើងទាំងពីរ ។
ខ្ញុំត្រៀមខ្លួនធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីធ្វើឱ្យចំណងទាក់ទងរវាងប្រជាជនយើងកាន់តែមានភាពស្អិតរមួត ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត លើគ្រប់វិស័យទាំងអស់ ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ព្រមទាំងពរស័ព្ទសាធុការឱ្យឯកឧត្តមទទួលបានជោគជ័យធំធេងក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនាពេលខាងមុខនេះ» ៕
ចែករំលែកព័តមាននេះ