រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្រ មួយគ្រឿងខណៈដឹកស្ត្រីមានផ្ទៃពោះ ទៅសម្រាលកូននៅសម្ភពសោភា តាមបណ្តោយមហាវិថីព្រះសីហនុ មកជិតដល់ភ្លើងស្តុបត្រសក់ផ្អែម ក៏បុកគ្នាជាមួយរថយន្តឡិចស៊ីស៥៧០ ដែលបើកបរបញ្ច្រាសទិសគ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៣១ សីហា ២០១១ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងខាងលើមានស្ត្រីម្នាក់បើករថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-7999 តាមបណ្តោយផ្លូវត្រសក់ផ្អែម ដែលជាផ្លូវបញ្ច្រាសទិសចរាចរណ៍ឆ្ពោះទៅមហាវិថីព្រះសីហនុ ដោយនៅក្នុងរថយន្តជិះគ្នា៤នាក់ ស្រី២ ប្រុស២។ ខណៈពេលបើកមកដល់ភ្លើងស្តុបត្រសក់ផ្អែមក៏មានរថយន្តតាក់ស៊ីម៉ែត្រ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-5303 បើកតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតឆ្ពោះទៅលិច ក៏បុកគ្នាជាមួយរថយន្តឡិចស៊ីសនោះ បណ្តាលឱ្យធ្លាក់កាងខាងមុខ។
អ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រ បានឱ្យដឹងថា រូបគេបើករថយន្តដឹកស្ត្រីមានផ្ទៃពោះដែលកំពុងតែឈឺពោះត្រូវទៅសម្រាលកូននៅសម្ភពសោភា នៅមុខរោងកុនគិរីរម្យយឺតៗ និងប្រុងប្រយ័ត្ន ។ ខណៈមកដល់ចំណុចខាងលើ រូបគេក្រឡេកមើលតែខាងស្តាំទេ ដោយសំអាងថា នៅខាងឆ្វេងជាផ្លូវបញ្ច្រាសគ្មានអ្នកបើកបរចេញមកទេ ប៉ុន្តែពេលនោះស្រាប់តែមានរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ បើកចេញមករូបគេមិនដឹងក៏បុកតែម្តងទៅ។
ប្រភពដដែលបន្តថា ពេលបុកហើយរូបគេបើកទៅមុខដល់ផ្សារឡាក់គី ស្រាប់តែរថយន្តឡិចស៊ីសបើកឆ្លងទ្រូងថ្នល់ បញ្ច្រាសមកឈប់ស្ទាក់ពីមុខទៀតបម្រុងសួរនាំ ឃើញដូច្នេះ រូបគេភ័យខ្លាចក៏ឈប់រថយន្តបើកទ្វារចុះរត់ ហើយរត់បណ្តើរទូរស័ព្ទហៅរថយន្តតាក់ស៊ីម៉ែត្រផ្សេងទៀត ឱ្យមកដឹកស្រ្តីឈឺពោះទៅសម្រាលកូន
ផង៕
ចែករំលែកព័តមាននេះ