ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រពន្ធ2​ជីវ​ភាព​​ខ្វះ​ខាត​ទៅស៊ី​ឈ្នួល​កា.ប់ឈើ​​បាក់មែក​​សង្កត់​​របួសធ្ងន់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​បុរស​ម្នាក់​ត្រូវ​មែកឈើ​បាក់​សង្កត់​ពីលើ​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ខណៈ​ពេល​ទៅ​ស៊ីឈ្នួល​កា.ប់ឈើ​ឱ្យ​ថៅកែ​នៅ​ឃុំស្រែ​ណូ​យ ស្រុក​វ៉ារិន ខេត្ដសៀមរាប កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១១ ។

រាជធានីភ្នំពេញ ៖ ​​​បុរស​ម្នាក់​ត្រូវ​មែកឈើ​បាក់​សង្កត់​ពីលើ​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ខណៈ​ពេល​ទៅ​ស៊ីឈ្នួល​កាប់ឈើ​ឱ្យ​ថៅកែ​នៅ​ឃុំស្រែ​ណូ​យ ស្រុក​វ៉ារិន ខេត្ដសៀមរាប កាលពី​វេលា​ម៉ោង​៤​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១១ ។

បុរសនោះ​ឈ្មោះសេង សាក់ អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែមាន​ប្រពន្ធ​២​នាក់ ​១-​ឈ្មោះឃឹម គា អាយុ​៤១​ឆ្នាំ មានកូន​៥​នាក់ និង​ប្រពន្ធ​ ទី​២​ឈ្មោះម៉ូ ស៊ី​ចាន់ អាយុ​៤២​ឆ្នាំ មានកូន​៣​នាក់ ស្នាក់​នៅ​ជុំ​គ្នា​នៅស្រុក​កំពង់លែង ខេត្ដ​កំពង់ឆ្នាំង ។

តា​ម​ស្ត្រី​ឈ្មោះម៉ូ ស៊ី​ចាន់ ឱ្យ​ដឹង​ថា ការ​​រស់​នៅ​ជុំ​គ្នាជាមួយ​ប្ដី​ និង​ប្រពន្ធដើម គឺ​រស់នៅ​មាន​សុភមង្គល​នឹង​គ្នា​ណាស់ ដោយ​ប្រពន្ធ​ទាំង​ពីរ​​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បង​ប្អូន ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ បន្ទាប់​ពី​ធ្វើស្រែ​វស្សា​ហើយ ក្រុម​គ្រួសារ​របស់គាត់​ខ្វះខាត​ប្រាក់​ទិញ​ជី​សម្រាប់​​បាច​ស្រូវ ក៏​ចេះ​តែ​ស៊ើបសួរ​គេឯង​ក្នុង​ភូមិ​បានដឹង​ថា មាន​ក្រុមហ៊ុន​មួយ​នៅ​ស្រុកវ៉ា​រិន ខេត្ដសៀមរាប ត្រូវការ​កម្មករ​កាប់រាន​ព្រៃ​ ដើម្បី​យក​ដី​អភិវឌ្ឍន៍​ ។ កម្ម​ករកាប់​ឈើ​ធ្វើ​អុស​រៀប​វាស់​ក្នុងមួយ​ម៉ែត្របាន​ប្រាក់​៨​ម៉ឺន​រៀល ។ ពេលទទួល​បាន​ដំណឹង​ដូច្នេះ​ប្រពន្ធ​ទី​មួយ​បាន​សម្រេចចិត្ដ​ឱ្យ​ប្ដី​ និង​​គាត់ជា​ប្រពន្ធ​ទី​២​ធ្វើ​ដំណើរ​ទៅ ចំណែក​ប្រពន្ធ​ទី​មួយ​នៅ​មើលថែ​កូន​ទាំង​អស់​​នៅឯផ្ទះ ។

ប្រ​ភ​ព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ប្ដី​និង​ប្រពន្ធ​ទី​២​ធ្វើ​ដំណើរ​ចេញពី​ស្រុក​កំណើតនៅ​ថ្ងៃ​ទី​២៥ សីហា ទៅ​កាន់​ខេត្ដសៀមរាប លុះដល់​ថ្ងៃ​ទី​២៦ សីហា ជា​ថ្ងៃ​ទី​មួយ​ដែល​ត្រូវ​ធ្វើការនៅ​វេលា​ម៉ោង​​៤​រសៀល បុរស​ជា​ប្ដី​ និង​​គាត់​ជាប្រពន្ធ​ទី​២បាន​​កាប់​ដើម​​ឈើមួយ​ដើម​នៅ​ក្នុង​ព្រៃ​អូ​ប៉ា​រ៉ា ឬ​ព្រៃ​អូ​រអា​កុក ​ស្ថិត​នៅ​​ឃុំ​​ស្រែ​ណូយ​​ ។ ​បុរស​ជា​ប្ដី​យករណា​រម៉ាស៊ីន​ទៅ​អារ​ផ្ដួល​រលំ​ដើមឈើ ​លុះពេល​រលំ​ស្រាប់តែទៅ​ប៉ះ​ជាមួយ​មែក​សុក្រំ​​ដែល​នៅ​ជិត​នោះ​ បណ្ដាល​ឱ្យ​បាក់​មែក​ធ្លាក់​សង្កត់​មក​លើ​ក្បាល​ប្ដី​បែកក្បាល​ហូរ​ឈាម​សន្លប់​តែម្ដង ។ ខណៈនោះ​ក្រុមហ៊ុន​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​​មន្ទីរពេទ្យ​ខេត្ដសៀមរាប​ដឹក​ប្តី​​គាត់​យក​ទៅ​ព្យាបាល​​ លុះបាន​២​យប់៣​ថ្ងៃ ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បញ្ជូន​​បន្ត​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​កាលពី​ព្រឹកថ្ងៃ​ទី​៣០ សីហា ។

មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​អង្គុយ​យំ​កៀក​ក​គ្នា ហើយ​សំពះ​អង្វរ​គ្រូពេទ្យ​ឱ្យ​ជួយ​ព្យា​បាល​ប្ដី​របស់​​ពួក​គាត់​ផង បើ​អត់​ពី​ប្ដី​ទៅ​ពួក​គាត់​ទាំង​ពីរ​នាក់​ត្រូវ​មើលថែ​កូន​ដល់​ទៅ​៨​នាក់​​ពិត​ជាលំបាក​ហើយ ។

លោក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ឱ្យ​បុរស​រង​គ្រោះ​ទៅ​ស្គែ​ន​ឃើញ​មាន​ឈាមកក​នៅ​ក្នុង​ក្បាលត្រូវវះកាត់​បន្ទាន់ ។ លោក​វេជ្ជ​បណ្ឌិត​បញ្ជាក់​ថា បើ​​វះកាត់​មាន​សង្ឃឹម​ច្រើន​ជាង​​អត់​​វះកាត់ ។

ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ត្អូញត្អែរ​ថា ជីវភាព​កំពុង​តែ​ខ្វះខាត​ស្រាប់​ផង ឥឡូវ​ប្ដី​មាន​របួស​ធ្ងន់​ទៀត គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ប្ដី​ទេ សូ​ម្បីតែ​គោ​សម្រាប់​ទឹម​ធ្វើស្រែ​ក៏​លក់​អស់​ដែរ​នៅ​តែ​មិន​គ្រប់​​ ។ ពួក​គាត់​ខ្ចី​គេ​​គ្រប់ច្រកល្ហក​​បន្ថែមទៀត ដើម្បី​យក​ប្រាក់​មក​មើល​ប្ដី ៕