ថ្វីបើកំពុងត្រូវមជ្ឈដ្ឋានច្បាប់អាមេរិកចាប់អារម្មណ៍ជុំវិញការបាញ់សម្លាប់ជនស៊ិវិលអ៊ិរ៉ាក់ ម្ចាស់ក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ Black Water ដ៏សម្បូររឿងអាស្រូវនៅតែបន្តឈ្មុសឈ្មុលធ្វើសកម្មភាពដដែល ។ កិច្ចព្រមព្រៀងសំខាន់មួយដែលជននេះកំពុងអនុវត្ត គឺកសាងកងវរសេនាតូចជនបរទេសស៊ីឈ្នួលធ្វើសង្គ្រាមឱ្យប្រទេសអារ៉ាប់រួម បោះទីតាំងនៅសមុទ្រខ្សាច់អាប៊ូ ដាប៊ី។
នារាត្រីមួយក្នុងខែវិច្ឆិកា ឆ្នាំ២០១០ យន្តហោះមួយគ្រឿងដឹកប្រុសៗជនជាតិកូឡុំប៊ីរាប់សិបនាក់ បន្ទាបខ្លួនចុះចតនៅព្រលានយន្តហោះអន្តរជាតិនារាជធានីអាប៊ូ ដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម ។ ក្រោយបំពេញបែបបទធ្វើអន្តោប្រវេសន៍ស្របច្បាប់រួចរាល់ក្នុងរយៈពេលខ្លី ប្រុសៗជនជាតិកូឡុំប៊ីទាំងនោះត្រូវបាននាំឡើងរថយន្តបឺសដែលចតចាំហើយស្រេច ។ ពួកគេបន្តដំណើរប្រហែល២០គីឡូម៉ែត្រទៀតប៉ុណ្ណោះ ទៅដល់កន្លែងបោះទ័ពនៅកណ្តាលសមុទ្រខ្សាច់ជាយរាជធានី ។ ដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីអ្នកមើលឃើញហេតុការណ៍ ជនជាតិកូឡុំប៊ីទាំងនោះពេលចុះពីយន្តហោះតែងនិយាយដូចគ្នាថា ខ្លួនមករកការងារធ្វើជាកម្មករសំណង់។ ប៉ុន្តែតាមពិតពួកគេជាមនុស្សត្រូវបានក្រុមហ៊ុនសន្តិសុខឯកជនជ្រើសរើសចូលបម្រើកងកម្លាំងសម្ងាត់ស៊ីឈ្នួលធ្វើសង្គ្រាមឱ្យប្រទេសអារ៉ាប់រួម។
កាសែត New York Times ដែលតាមដានរឿងនេះយ៉ាងដិតដល់បានឱ្យដឹងថា កិច្ចព្រមព្រៀងកសាងកម្លាំងសម្ងាត់ស៊ីឈ្នួលធ្វើសង្គ្រាមឱ្យប្រទេសអារ៉ាប់រួម មានតម្លៃ៥២៩លានដុល្លារអាមេរិក សម្រាប់ទំហំមួយកងវរសេនាតូចមានចំនួន៨០០នាក់ ។ ទីតាំងបោះទ័ពបណ្តោះអាសន្នក្នុងរយៈពេលហ្វឹកហាត់ គឺមូលដ្ឋានទ័ព Zayed Military City ស្ថិតនៅសមុទ្រខ្សាច់អាប៊ូ ដាប៊ី។ កាសែតនេះ និយាយទៀតថា អ្នកសម្រេចកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម គឺអ៊ីរិក ព្រីន (Erik Prince) អាយុ៤១ឆ្នាំ ជាអតីតយុទ្ធជន SEAL កងទ័ពជើងទឹកអាមេរិក និងជាម្ចាស់ក្រុមហ៊ុនសន្តិសុខឯកជនសំបូររឿងអាស្រូវ Blackwater។ ឆ្នាំ២០១០ ក្រុមហ៊ុន Blackwater របស់អ៊ិរិក ព្រីន ត្រូវពិន័យ៤២លានដុល្លារអាមេរិក ពីបទលួចបង្ហាត់កងទ័ពហ្សកដានី និងប្រទេសឯទៀត ដោយអត់សុំច្បាប់ក្រសួងការបរទេស ។ ទន្ទឹមនឹងនោះ Blackwater ក៏ត្រូវស៊ើបអង្កេតករណីបាញ់សម្លាប់ជនស៊ីវិលអ៊ីរ៉ាក់ឆ្នាំ២០០៧ ដែរ ខណៈក្រុមហ៊ុននេះ ចុះកិច្ចសន្យាជាមួយក្រសួងការពារប្រទេសអាមេរិក បំពេញការងារនៅអ៊ីរ៉ាក់ ហើយទាហានស៊ីឈ្នួល៤នាក់ របស់ក្រុមហ៊ុនត្រូវកាត់ទោស ។ បន្ទាប់ពីមានរឿងច្រើនពេក អ៊ិរិក ព្រីន ក៏លក់ក្រុមហ៊ុន Blackwater ឱ្យអ្នកដទៃ ។ ប៉ុន្តែទោះដូច្នេះក្តី មហិច្ឆតាចំពោះគម្រោងកសាងកម្លាំងស៊ីឈ្នួលធ្វើសង្គ្រាមមួយកងដ៏ខ្លាំងពូកែ នៅតែដិតជាប់អារម្មណ៍អ៊ិរិក ព្រីន ដដែល ។
កាសែត New York Times បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងកសាងកងកម្លាំងស៊ីឈ្នួលធ្វើសង្គ្រាមក្នុងសមុទ្រខ្សាច់នេះ ចុះហត្ថលេខានៅសណ្ឋាគារ Park Arjaan Rotana រវាងអ៊ិរិក ព្រីន និងស្តេចអារ៉ាប់រួម Zayed al-Nahayan កាលពីដើមឆ្នាំ២០១០ បន្ទាប់ពីអ៊ីរិក ព្រីន បង្កើតក្រុមហ៊ុនថ្មីមួយទៀតជំនាញខាង «ស៊ីឈ្នួលធ្វើសង្គ្រាម» មានឈ្មោះថា Reflex Response ឬហៅកាត់ថា R2 ជាក្រុមហ៊ុនចុះបញ្ជីធ្វើសកម្មភាពក្នុងប្រទេសអារ៉ាប់រួម ។ តាមពិតរវាងអ៊ីរិក ព្រីន និងស្តេចអារ៉ាប់រួម Zayed al-Nahayan ធ្លាប់ស្គាល់គ្នាយូរឆ្នាំហើយ ហេតុនេះការចរចាឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្មានរឿងពិបាកឡើយ ។ ម្យ៉ាងទៀតការបង្កើតក្រុមហ៊ុននៅអារ៉ាប់រួមមានផលល្អច្រើនសម្រាប់សកម្មភាពនានា ព្រោះច្បាប់ប្រទេសអារ៉ាប់រួម មិនអនុញ្ញាតឱ្យបញ្ចេញព័ត៌មានអាជីវកម្មក្នុងប្រទេស ។ ទោះដូច្នេះក្តី ដើម្បីឱ្យរឹតតែទុកចិត្តថែមទៀត អ៊ិរិក ព្រីន មិនដាក់ឈ្មោះចំៗក្នុងកិច្ចព្រមព្រៀង ឬសំបុត្រស្នាមនានាពាក់ព័ន្ធដល់សកម្មភាពក្នុងប្រទេសអារ៉ាប់រួមទេ គេប្រើតែឈ្មោះសម្ងាត់ Kingfish ប៉ុណ្ណោះ ហើយក្នុងពេលអនុវត្តគម្រោង គេក៏មិនសូវបង្ហាញមុខនៅតំបន់ហ្វឹកហាត់ក្នុងសមុទ្រខ្សាច់ដែរ ត្រូវការជួបមេបញ្ជាការ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន R2 ណាត់ឱ្យមកជួបក្នុងភូមិគ្រឹះមួយក្បែរនោះដែលគេប្រើប្រាស់ដូចការិយាល័យក្រុមហ៊ុន ។ គោលការណ៍ជាមូលដ្ឋានមួយទៀតក្នុងសកម្មភាពជ្រើសរើសទាហានស៊ីឈ្នួលធ្វើសង្គ្រាមរបស់អ៊ីរិក ព្រីន គឺមិនជ្រើសជនជាតិមូស្ល៊ឹមដាច់ខាត ។ មូលហេតុ ពេលប្រយុទ្ធគ្នា អ្នកទាំងនោះនឹងមិនស្និទ្ធដៃក្នុងការវាយប្រហារជនជាតិមូស្ល៊ឹមដូចគ្នា។
ជាមួយបទពិសោធន៍យូរឆ្នាំក្នុងកងទ័ពជើងទឹក SEAL អាមេរិក អ៊ីរិក ព្រីន សម្លឹងឃើញតាំងពីយូរថា តំបន់មជ្ឈិមបូព៌ាជាឱកាសរកស៊ីសំខាន់ជាងគេ ព្រោះសម្បូរសង្គ្រាម និងការប៉ះទង្គិចបង្ហូរឈាមដោយអាវុធ ។ កាលនៅដឹកនាំក្រុមហ៊ុន Blackwater នៅឡើយ អ៊ិរិក ព្រីន ធ្លាប់ស្រមៃចង់កសាងទាហានស៊ីឈ្នួលដ៏ខ្លាំងពូកែមួយកងសម្រាប់ខ្លួនឯង ដើម្បីស៊ីឈ្នួលធ្វើសង្គ្រាមតាមតំបន់ក្តៅនានារបស់ពិភពលោក តាំងពីអាស៊ីដល់អាហ្វ្រិក និងមជ្ឈិមបូព៌ា ។ ហេតុនេះ កិច្ចព្រមព្រៀងកសាងវរសេនាតូចស៊ីឈ្នួលធ្វើសង្គ្រាមនៅប្រទេសអារ៉ាប់រួម សម្រាប់អ៊ីរិក ព្រីន ប្រៀបដូចអនុវត្តសេចក្តីស្រមៃរបស់ខ្លួនដែរ។
អ៊ីរិក ព្រីន ប្រគល់ឱ្យរិកគី ឆេមបឺរ (Ricky Chambers) ដែលមានរហស្សនាមសម្ងាត់ថា C.T ចេញមុខបញ្ជាក្រុមឯកទេសគ្រប់គ្រង និងអនុវត្តកិច្ចព្រមព្រៀងក្រុមហ៊ុន R2 ។ ឆេមបឺរ និងមនុស្សជាង១០នាក់ទៀតបើកប្រាក់ពីអ៊ីរិក ព្រីន ៣០០.០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ដឹកនាំការងារនៅ R2 ។ ជាអតីតភ្នាក់ងារអេហ្វប៊ីអាយ ឆេមបឺរ ធ្វើការឱ្យអ៊ីរិក ព្រីន យូរឆ្នាំមកហើយ ដូចយ៉ាងថ្មីៗនេះទទួលបង្វឹកទាហានអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ តាមកិច្ចសន្យារបស់ក្រុមហ៊ុន Blackwater ជាមួយប្រាក់បំណាច់២០០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ។ ក្រៅពីឆេមបឺរ នៅមានទាហាន៤០នាក់ទៀតដែលចេញពីកងកុម្មង់ដូពិសេសអាមេរិក អឺរ៉ុប និងអាហ្វ្រិកខាងត្បូង ចូលរួមបង្វឹកកងទ័ពនៅ R2 ដែរ ។
ក្នុងដំណើរការជ្រើសរើសទាហានស៊ីឈ្នួលធ្វើសង្គ្រាម អ៊ីរិក ព្រីន និងឆេមបឺរ ទាក់ទងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Thor Global Enterprises មានទីតាំងនៅកោះ Tortola តំបន់សមុទ្រការីបេ ដែលជាក្រុមហ៊ុនសេវាកម្មជ្រើសរើសទាហានស៊ិឈ្នួលធ្វើសង្គ្រាមទូទាំងពិភពលោក ។ ទាហានថ្មីម្នាក់បានទទួលប្រាក់១៥០ដុល្លារអាមេរិកមួយថ្ងៃ។ ទាហានថ្មីទាំងនោះត្រូវប្រគល់ឱ្យអារ៉ាប់រួមក្នុងរដូវវស្សា២០១១ ។ ពួកគេសុទ្ធតែធ្លាប់ធ្វើទាហាន ឬប៉ូលិសនៅកូឡុំប៊ី ។ បំណងរបស់ពួកគេក្នុងការស៊ីឈ្នួលធ្វើសង្គ្រាម គឺ រកប្រាក់ចិញ្ចឹមគ្រួសារ ។
ការចុះហត្ថលេខាលើកិច្ចសន្យាកសាងកម្លាំងស៊ីឈ្នួលធ្វើសង្គ្រាមចំនួន១កងវរសេនាតូច គឺជាជំហានប្រថុយប្រថានមួយសម្រាប់អារ៉ាប់រួម តែវាក៏បានជួយឱ្យអារ៉ាប់រួមគិតថាខ្លួនមានកម្លាំងយោធារឹងមាំខ្លះដែរ ខណៈកំពុងរអើលរាល់ថ្ងៃចំពោះអ្នកមានកម្លាំងខ្លាំងក្នុងតំបន់ (ចង់សំដៅលើអ៊ីរ៉ង់) ។
អ្នកឯកទេសយល់ថា សកម្មភាពនេះឆ្លុះបញ្ចាំងធាតុពិតមួយគឺអារ៉ាប់រួមខ្វះកម្លាំងទ័ពខ្លាំងពូកែ ថ្នាក់ដឹកនាំតែងមិនស្ងប់ចិត្ត ដែលកម្លាំងទ័ពរបស់ខ្លួនតូចតាច និងទន់ខ្សោយពេក ក៏ចង់ពឹងផ្អែកបច្ចេកទេសអាមេរិក ។ ដោយមានគំនិតដូច្នេះ ទើបប៉ុន្មានឆ្នាំកន្លងមក អារ៉ាប់រួម ក្លាយជាអតិថិជនចាយប្រាក់ទាំងបាច់ៗសម្រាប់ក្រុមហ៊ុនសន្តិសុខឯកជនអាមេរិក។ ដូចយ៉ាងក្រុមហ៊ុនមួយរបស់លោក Richard Clarke ទីប្រឹក្សាការងារប្រឆាំងភេរវកម្មរបស់អតីតប្រធានាធិបតីអាមេរិកប៊ីលគ្លីនតុន ទទួលបានកិច្ចព្រមព្រៀងមួយចំនួនសម្រាប់សេវាកម្មប្រឹក្សាធានាសន្តិសុខប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអារ៉ាប់រួម។ ឆ្នាំទៅក្រុមហ៊ុន R2 មានគម្រោងជាច្រើនសហការជាមួយអារ៉ាប់រួម ក្នុងនោះរួមមានទាំងយុទ្ធនាការប្រើប្រាស់ទាហានស៊ិឈ្នួលធ្វើសង្គ្រាមមកពីអាហ្វ្រិកខាងត្បូង ជួយបង្ហាត់ជនជាតិសូម៉ាលី ប្រឆាំងពួកចោរសមុទ្រទៀតផង ។
ប៉ុន្តែផ្ទុយនឹងការចង់បានរបស់អារ៉ាប់រួម វរសេនាតូចទាហានស៊ីឈ្នួលធ្វើសង្គ្រាមដែលអ៊ីរិក ព្រីន ទទួលកសាងនោះ រហូតមកទល់សព្វថ្ងៃពុំទាន់បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញជាន់ខ្ពស់ ដើម្បីប្រគល់ឱ្យម្ចាស់ផ្ទះនៅឡើយ ដោយសារមូលហេតុពីរយ៉ាង ។ ទី១-គុណភាពមនុស្សមកពីកូឡុំប៊ីមួយចំនួនទន់ខ្សោយមិនដូចគម្រោងបានគិតទុក ជាហេតុធ្វើឱ្យការហ្វឹកហ្វឺនមានភាពយឺតយ៉ាវដែលរហូតដល់ដាច់ខែមីនា ឆ្នាំ២០១១ ទៅហើយ នៅតែមិនទាន់ឈានដល់វគ្គចុងក្រោយបាន ។ ទី២-ការជ្រើសរើសមនុស្សជួបការលំបាកច្រើន ដោយហេតុប្រភពផ្តល់កម្លាំងមនុស្សរីងស្ងួតដែរ ខុសពីមុនៗដែលត្រូវការប៉ុន្មានបានប៉ុណ្ណោះភ្លាម ។ ថ្វីបើប្រភពទាហានផ្តល់ពីអាមេរិកឡាទីនមិនគ្រប់ចំនួន៨០០នាក់ ដូចគម្រោងគិតទុក តែដោយហេតុធ្លាប់រាប់អានគ្នា អ៊ីរិក ព្រីន បញ្ចុះបញ្ចូលអារ៉ាប់រួមឱ្យព្រមទទួលយកវរសេនាតូចនេះ ត្រឹមចំនួនមនុស្ស៥៨០នាក់សិនចុះ រួចហើយចាំខ្លួនរកមនុស្សពីអាហ្រ្វិកខាងត្បូងបង្កើតកងអនុសេនាធំពិសេសមួយកងទៀត ។
ទោះដូច្នេះក្តី អ៊ីរិក ព្រីន នៅតែបានទទួលការលើកទឹកចិត្តពីអារ៉ាប់រួមថា ប្រសិនបើវរសេនាតូចដំបូងនេះសម្រេចជោគជ័យ នឹងមានឱកាសថ្មីកាន់តែធំ ព្រោះអារ៉ាប់រួមមានគម្រោងកសាងកម្លាំងទាហានធ្វើសង្គ្រាមរហូតដល់មួយកងវរសេនាធំឯណោះ ៕ (តាមឯកសារបរទេស)
ចែករំលែកព័តមាននេះ