ខេត្តកំពង់ចាម ៖ យុវជនម្នាក់ឈ្មោះសុខ គាច្រឹក អាយុ១៨ឆ្នាំ រស់នៅភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ ខណៈពេលស្រវឹងស្រាដាបបានយកកាំបិតផ្គាក់ដេញកាប់បុរសម្នាក់រស់នៅភូមិ-ឃុំជាមួយគ្នា តែសំណាងល្អបានរត់គេច ទាំងត្រហេបត្រហប និងព្រលឹងចុងសក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ សីហា ២០១១ ។ ក្រោយមកត្រូវកម្លាំងនគរបាលតាមចាប់យុវជនប្រមឹកនោះបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។
តាមលោកអនុសេនីយ៍ឯកសុខ សុវណ្ណ អធិការស្តីទីនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឱ្យដឹងថា ដោយសារតែអំណាចស្រាចូលខ្លួន ជនសង្ស័យឈ្មោះច្រឹក បានយកកាំបិតផ្គាក់មុខសស្ងាចដងប្រវែង១ម៉ែត្រ ដេញកាប់លើបុរសឈ្មោះចន ទីគា អាយុ២៧ឆ្នាំ បណ្តាលឱ្យរត់គេចលោតចូលទៅក្នុងព្រៃត្រែង នៅមាត់ទន្លេលាក់ខ្លួនបាត់។
លោកសុខ សុវណ្ណា បន្តថា រហូតមកដល់ម៉ោង៣និង៤៥នាទីរសៀលថ្ងៃដដែល កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំក្រូចឆ្មារ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិខ្សាច់ប្រឆេះក្រោមថា ឈ្មោះច្រឹក បានយកកាំបិតផ្គាក់ដេញកាប់ឈ្មោះទីគា។ បន្ទាប់រូបលោក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍ចុះទៅជាបន្ទាន់ ឃាត់ជនសង្ស័យឈ្មោះសុខ គា ច្រឹក កំពុងតែអង្គុយឡូឡានៅលើផ្ទះរបស់ឈ្មោះពី ភេទប្រុស ទាំងអាការស្រវឹងស្រាជោកជាំនៅឡើយ ហើយនាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដោយជាប់ចោទពីបទប៉ុនប៉ងធ្វើមនុស្សឃាត។
តាមសម្តីបុរសរងគ្រោះឈ្មោះចន ទីគា បានបំភ្លឺប្រាប់ថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ សីហា រូបគេឃើញយុវជនឈ្មោះច្រឹក ដើរមកផ្ទះរបស់គេហើយឡូឡារករឿង ទើបរូបគេឃាត់ និងដេញឈ្មោះច្រឹក ឱ្យត្រឡប់ទៅផ្ទះវិញ ។ លុះម៉ោង៣និង៣០នាទីរសៀលឈ្មោះច្រឹក បានមកម្តងទៀត និងជេរប្រពន្ធខ្លួន ហើយរូបគេចូលទៅឃាត់ទៀត ក៏កើតរឿងវាយតប់គ្នា ហើយឈ្មោះច្រឹក ក៏ទៅយកកាំបិតពីក្រោយផ្ទះស្ត្រីឈ្មោះ ស នៅក្បែរនោះដេញកាប់តែម្តង ៕
ចែករំលែកព័តមាននេះ