ខេត្តកំពង់ឆ្នាំង ៖ នៅសណ្ឋាគារសំរោងសែនស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា មានរៀបចំសិក្ខាសាលាស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន ក្រោមអធិបតីភាពលោកឈឹម វុទ្ធា អភិបាលស្រុករលាប្អៀរ និងកញ្ញាហ៊យ សុភា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិការបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំនួន៧០នាក់។
លោកអភិបាលស្រុករលាប្អៀរមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កំពុងស្វែងរកដៃគូអភិវឌ្ឍក្រុម ភូមិ សហគមន៍ ឬគ្រួសារ ប៉ុន្តែឥឡូវនេះមានដៃគូដែលបានចុះដល់ភូមិ-ឃុំសម្រាប់កិច្ចដំណើរការអភិវឌ្ឍដោយពួកគាត់ត្រូវការប្រាក់កំចី និងទុកដាក់ប្រាក់សន្សំជាដើម។ ពលរដ្ឋខ្លះត្រូវការប្រាក់ដើម្បីបង្កើនមុខរបរចិញ្ចឹមជីវិតឱ្យកាន់តែមានការរីកចម្រើនឡើង។ នេះគឺជាការជួយរំលែកបន្ទុករាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
កញ្ញាហ៊យ សុភា តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្នាក់ជាតិមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង និងទីជនបទដើម្បីឱ្យពួកគាត់មានលទ្ធភាពបង្កើនការងារ មុខរបរចិញ្ចឹមជីវិតឱ្យរីកចម្រើនឡើងដូចដែលសម្តេចហ៊ុន សែន បានចាត់ទុកវិស័យមីក្រូហិរញ្ញវត្ថុជាវិស័យមួយដែលចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សារសំខាន់នៃវិស័យនេះ គឺផ្តល់កំចីដែលមានអត្រាការប្រាក់ទាបជាងវិស័យឯកជនដែលមានការប្រាក់រហូតដល់១០ទៅ១៥ភាគរយក្នុងមួយខែ។ ប្រាក់ដែលបានពីការខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺបង្កើតការងារ ឬមុខរបរឱ្យប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ