ខេត្តកំពង់ឆ្នាំង ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែសីហា មានរៀបចំពិធីប្រគល់កូនត្រីចំនួន១៥.០០០ក្បាលដល់កងទ័ពខេត្ត និងស្រុក ក្រោមអធិបតីភាពលោកប៉ោ ទ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ អញ្ជើញចូលរួមក្នុងពិធីនោះមានលោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង មន្ត្រីខណ្ឌរដ្ឋបាលជលផលផ្នែក និងសង្កាត់ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រីឈួរ ចាន់ឌឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលអង្គភាពរបស់លោកបានទទួលកូនត្រីពីក្រសួងកសិកម្ម។ កាលពីលើកទី២ ថ្មីៗនេះ គឺបានទទួលកូនត្រីអណ្តែងចំនួន៥មឺុនក្បាល និងលើកទី៣នេះទទួលបានកូនត្រីប្រាចំនួន១៥ពាន់ក្បាល ហើយត្រូវបំបែកចែកជូនអង្គភាពតាមបណ្តាស្រុក និងក្រុងដែលមានស្រះ និងអាងជាស្រេច។ លោកឧត្តមសេនីយ៍បន្តថា បច្ចុប្បន្នដោយតម្រូវការរបស់កងទ័ពដែលកំពុងជួបកង្វះខាត ចាំបាច់ត្រូវមានការចិញ្ចឹមមាន់ ទា ជ្រូក និងគោជាដើម ការចិញ្ចឹមត្រីក៏មិនអាចខ្វះបានដែរ ព្រោះថា ជាតម្រូវការហូបចុកប្រចាំថ្ងៃ។ ក្នុងឱកាសនោះលោកក៏បានស្នើសុំថវិកាពីគណៈអធិបតីដើម្បីជួសជុលអគារមួយខ្នងដែលកំពុងទ្រុឌទ្រោមខ្លាំងឱ្យបានប្រើប្រាស់ឡើងវិញផងដែរ។
លោកប៉ោ ទ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយល់ព្រមតាមសំណូមពរនេះ ប៉ុន្តែចាំមើលការសិក្សាវាយតម្លៃជាក្រោយ។ នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រគល់កូនត្រី និងអញ្ជើញទៅពិនិត្យអគារមួយខ្នងរបស់កងទ័ពដែលកំពុងទ្រុឌទ្រោមផងដែរ ៕
ចែករំលែកព័តមាននេះ