រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣០ សីហា នៅវិមានសន្តិភាព លោកក្រាសេ ចាណាវង្សសេ ប្រធានអង្គការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បី ៖ ទី១-សម្តែងការគោរពដ៏ស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ទី២-ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនូវអ្វីដែលលោកបានសន្យាជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីដំណើរទស្សនកិច្ចរបស់លោកលើកមុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកក្រាសេ ចាណាវង្សសេ បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលរួមនៅក្នុងសន្និសីទតំបន់ស្តីពីបញ្ហាអង្គការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ តុលា ឆ្នាំ២០១១ ខាងមុខនេះ។
សូមបញ្ជាក់ថា អ្វីដែលលោកក្រាសេ ចាណាវង្សសេ បានសន្យាជាមួយសម្តេចកាលពីលើកមុននោះ គឺ១-ពាក់ព័ន្ធនឹងបញ្ហាផ្លាស់ប្តូរនិស្សិតសាកលវិទ្យាល័យកម្ពុជា និងនិស្សិតថៃ ២-គឺ ការប្រគល់អាហារូបករណ៍ពីរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីទៅដល់និស្សិតសាលាពេទ្យ និងពីរទៀតសម្រាប់មុខវិជ្ជាដទៃ។ ក្នុងន័យនេះ លោកក្រាសេ សូមគោរពអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ថា នេះជាអាហារូបករណ៍ សម្តេចតេជោហ៊ុន សែន ។ ៣-បញ្ហារៀបចំឱ្យមានការប្រកួតបាល់ទាត់ រវាងនិស្សិតសាកលវិទ្យាល័យកម្ពុជា និងនិស្សិតសាកលវិទ្យាល័យថៃ ដែលនៅពេលនេះ អគ្គលេខាធិការបាល់ទាត់ថៃ បានមកដែរ ដើម្បីរៀបចំការងារនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការចូលរួមសន្និសីទស្តីពីបញ្ហាអង្គការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០១១ ខាងមុខនេះ។
សម្តេចក៏បានថ្លែងអំណរគុណផងដែរចំពោះលោកក្រាសេ ចាណាវង្សសេ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ សម្តេចបានស្វែងយល់ហើយអំពីការរៀបចំឱ្យមានការប្រកួតបាល់ទាត់រវាងនិស្សិតសាកលវិទ្យាល័យកម្ពុជា និងថៃ ហើយសម្តេចក៏បានសម្តែងនូវការសប្បាយរីករាយចំពោះការរៀបចំឱ្យមានទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យនៃប្រទេសទាំង២ផងដែរ៕
ចែករំលែកព័តមាននេះ